ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ចុះ​ជួប​សំណេះសំណាល​ជាមួយពលរដ្ឋ​នៅ​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម

​ភ្នំពេញ ​៖ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់ជាតិ​ចុះ មូលដ្ឋាន​ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​កាលពី​រសៀល​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៧ នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​វេទិកា​សាធារណៈ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ប្រមាណ ៨០០​នាក់​នៅ​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្តកំពង់ចាម។

សូម​បញ្ជាក់​ថា វេទិកា​នេះ​គឺ​មាន​គោលបំណង​ចង់​ដឹង​ពី​សុខទុក្ខ កង្វល់ បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​សម្រួល​ដល់​ការរស់នៅ​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ភាព​ល្អ​ប្រសើរ​។ ឆ្លៀត​ក្នុង​ក្នុង​ឱកាស​នេះ​លោក​រដ្ឋមន្ត្រី បាន​ពាំ​នាំ​នូវ​មតិ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពីស​ម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំងពីរ​លោក​តែងតែ​គិត​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដោយ​យកចិត្តទុកដាក់​ខ្ពស់។

​ឆ្លៀត​ក្នុង​ឱកាស​នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម បាន​លើក​ឡើង​នូវ​បញ្ហា​ដែល​កំពុង​ប្រឈម​ដូចជា សត្វ​ចង្រៃ​បំផ្លាញ​ដំណាំ​ស្រូវ ខូចខាត ការ​ស្នើសុំ​ការងារ​ឲ្យ​ជួយ​សាងសង់​ដំបូល​សាលាឆាន់ កា​រត​បណ្តាញ​អគ្គិសនី​ចូល​ភូមិ ពិនិត្យ​រក​ទីផ្សារ​លក់​កសិផល​ដែល​មាន​តម្លៃ​សមរម្យ ការ​ជួសជុល​ផ្លូវ​និង​ប្រព័ន្ធធារាសាស្ត្រ។

ជា​ការ​ឆ្លើយតប​លោក​រដ្ឋ​មន្ត្រី បាន​ដោះស្រាយ​ជូន​តាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​កសិកម្ម​មក​ជួយ​ទប់ស្កាត់​សត្វ​ចង្រៃ​នៅ​នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​សម្រាប់​ជួសជុល​ផ្លូវលំ​តាម​ភូមិ​ឡើងវិញ ការ​កសាង​ដំបូល​សាលាឆាន់ ថវិកា​សម្រាប់​ទ្រទ្រង់​ក្រុម​ប្រឹក្សាឃុំ ឧបត្ថម្ភ​សមាជិក​សមាជិកា​ដែល​បាន​ចូលរួម និង​ការរៀបចំ​កម្មវិធី​ហើយ​និង និង​ចាត់​ឲ្យ​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ពិនិត្យ និង​អនុវត្ត​ការងារ​ត​បណ្តាញ​អគ្គិសនី និង​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេល​វេលា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684