ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន​ បង្កើន​ការ​បណ្តុះបណ្តាល​ជំនាញ​មេកានិច​ ដល់​សិក្ខាកាម​កម្ពុជា​បន្ថែមទៀត

ភ្នំពេញ​ ៖​ រដ្ឋមន្ត្រីក្រសួង ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​បង្កើន​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ផ្នែក​ជំនាញ​មេកានិច​ដល់​សិក្ខាកាម​កម្ពុជា​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​នេះ​មាន​ប្រមាណ​ជាង​៣​ពាន់​នាក់​ប៉ុណ្ណោះ។

​លោក​រដ្ឋមន្ត្រី​ឲ្យ​ដឹង​ទៀត​ថា គិត​មកដល់ពេលនេះ សិក្ខាកាម​ដែល កំពុង​ទទួល​ការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ជប៉ុន មាន​ចំនួន​ប្រមាណ​ជាង ៣​ពាន់​នាក់​ទេ។ ដូចនេះ​លោក​បាន​ស្នើ​ថា ​នៅ​ថ្ងៃ​ខាងមុខ​ធ្វើ​យ៉ាងណា​ជំរុញ​ឲ្យ​សិក្ខាកាម​កម្ពុជា​ទទួល​បាន​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​មេកានិច​នេះ​ឲ្យ​បាន​ដល់​ទៅ​ចំនួន​រាប់ម៉ឺន​នាក់។

លោក​បណ្ឌិត អ៊ិត សំហេង​បាន​ស្នើ​សុំ​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧​នេះ ខណៈ​ពេល​ដែល​លោក​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក កូ​ឈី​រ៉ូ កា​កេ (Koichiro KAKEE) ឧបការី​របស់​អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសច​-​រណ៍​ជប៉ុន​នៅ​ទីស្តីការក្រសួង។

មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន នៅ​ក្រោយ​ជំនួប លោក​រដ្ឋមន្ត្រី អ៊ិត សំហេង បញ្ជាក់​ថា កិច្ចពិភាក្សា​នេះ ផ្តោត​សំខាន់​ទៅលើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ជាពិសេស​ផ្នែក​ជួសជុល​រថយន្ត ក៏ដូចជា សុវត្ថិភាព​នៃ​ការប្រើប្រាស់​រថយន្ត និង​ចរាចរណ៍​។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​កិច្ចពិភាក្សា​នេះ ភាគី​ទាំង​ពីរ​បាន​ពិនិត្យ មើល​ទៅលើ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ជប៉ុន​លើ​វិស័យ​នេះ ដែល​កន្លងមក ជប៉ុន​បាន​ផ្តល់​ជំនួយ​បច្ចេកទេស ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ទៅតាម​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ (ចាយ​កា​) សម្រាប់​មកដល់​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ទៅដល់​គ្រឹះស្ថានសិក្សា​មួយ ចំនួន ហើយ​ទន្ទឹម​នឹង​នេះ​ក៏បាន​លើកទឹកចិត្ត​ឲ្យ​មានការ​បង្កើន​នូវ​គ្រឹះស្ថាន​បណ្តុះ​បណ្តាល ឯកជន​នៅ​កម្ពុជា ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​លើ​ផ្នែក​រថយន្ត។

​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លើកឡើង​ថា ភាគី​ជប៉ុន​នឹង​ទទួល​ការ បណ្តុះបណ្តាល​ថែមទៀត​ដល់​សិក្ខាកាម​កម្ពុជា​នៅក្នុង​ប្រទេស ដើម្បី​ត្រៀម និង​បញ្ជូន​ទៅ​បណ្តុះបណ្តាល​នៅ ជប៉ុន តាម​ប្រព័ន្ធ​បណ្តុះ​បណ្តាល​ដែល​ជប៉ុន​ផ្តល់​ឲ្យ​កម្ពុជា​។ ដូចនេះ ភាគី​ទាំងពីរ នឹង​ជំរុញ​កិច្ចការ​នេះ​បន្ថែម​ទៀត ព្រោះ​យើង​ឃើញ​ថា ​នេះ​ជា​វិស័យ​អាទិភាព​មួយ​នៅ​ក្នុង​ជំនាញ​វិជ្ជាជីវៈ ដោយសារ​ឥឡូវ​ការប្រើប្រាស់ យានយន្ត ពិសេស​រថយន្ត គ្រឿងយន្ត​ផ្សេងៗ​នៅ​កម្ពុជា​មាន​ចំនួន​កាន់តែ​កើន​ហើយ​តម្រូវការ​នៃ​ការ​ជួសជុល ការ​ថែទាំ​និង​សុវត្ថិភាព​ចរាចរណ៍​កាន់តែ​មាន​ការ​ចាំបាច់​។ ដូចនេះ​យើង​ចាំបាច់​ត្រូវ​មាន​ធនធានមនុស្ស ត្រូវ​មាន​អ្នក ជំនាញ​ដើម្បី​ធ្វើ​កិច្ច​ការងារ​នេះ​ឲ្យ​កាន់​តែ​ច្រើន៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684