ព័ត៍មានទាន់​ហេតុការណ៏
Search

រឿង​លោក ម៉ែន វណ្ណៈ អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ភ្ជង់​កាំភ្លើង​ក្រឡាបញ្ជី​ជា​ជនពិការ ពុំ​ទាន់​ចប់ , ក្រសួងយុត្តិធម៌ បន្ត​ស៊ើបអង្កេត

ភ្នំពេញ​ ៖​ រហូត​មក​ទល់​ពេលនេះ ក្រុម​អធិការកិច្ច​នៃ​ក្រសួងយុត្តិធម៌ ពុំ​ទាន់​ចេញ​លទ្ធផល ករណី​លោក ម៉ែន វណ្ណៈ អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដែល​បាន​យក​កាំភ្លើង​ភ្ជង់​ក្បាល​និង​ពោះ លើ​ក្រឡាបញ្ជី​ជា​ជន​ពិការ ហើយ​យក​គ្រាប់កាំភ្លើង​ដាក់ចូល​កែវស្រា បង្ខំ​ឲ្យ​ផឹក ថែមទាំង​គ្រវែង​ឈើច្រត់ នៅឡើយ​ទេ។

មន្ត្រី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បញ្ជាក់​ថា ការស៊ើបអង្កេត​នៅតែ​បន្ត ហើយ​លទ្ធផល នឹង​ត្រូវ​បង្ហាញ​ជា​សាធារណៈ។

ជំហរ​របស់​ក្រុម​អធិការកិច្ច​ក្រសួងយុត្តិធម៌​បែបនេះ គឺ ធ្វើឡើង​បន្ទាប់ពី​លោក ម៉ែន វណ្ណៈ អនុប្រធាន​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានចេញ​សេចក្តី​ថ្លែងការណ៍​សុំទោស លោក​ក្រឡាបញ្ជី​ជា​សាធារណៈ។

លោក ជិន ម៉ា​លីន អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អ្នកនាំពាក្យ ថ្លែងប្រាប់ នៅ​ថ្ងៃ​ទី២០ ​ខែមីនា ថា ការងារ​និង​ដំណើរការ​នីតិវិធី​អធិការកិច្ច​នៅតែ​កំពុង​បន្ត​ដំណើរ​ទៅមុខ​តាម​នីតិវិធី​ច្បាប់។

លោក​បន្ថែម​ថា តែ​មិន​អាច​បង្ហាញ​ជា​សាធារណៈ​បានទេ ដើម្បី​រក្សា​បាន​នូវ​ការសម្ងាត់​វិជ្ជាជីវៈ​នៃ​ការងារ​អធិការកិច្ច​។ លទ្ធផល​និង​ការសម្រេច​ចុងក្រោយ នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ពេល​បញ្ចប់។

នៅ​ថ្ងៃ​ដដែល ពុំ​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ម៉ែន វណ្ណៈ បាន​នៅឡើយ​ទេ ដោយសារ​ទូរស័ព្ទ​ចូល​ពុំមាន​អ្នកទទួល។

កន្លងទៅ លោក ឈៀង គីម​ហាក់ ជា​ជនរងគ្រោះ​រៀងរាល់​ក្នុង​ពាក្យបណ្ដឹង ថា កាលពី​អំឡុង​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩​និង​៣០​យប់ លោក​បាន​ហូបបាយ​សាមគ្គី​មួយ​នៅ​ក្រុង​ច្បារមន ពេលនោះ​លោក ម៉ែន វណ្ណៈ បាន​ដើរ​សំដៅ​មក​លោក ដោយមាន​សភាព​ស្រវឹង ហើយ​បាន​ស្រែក​ឡូឡា​ក្នុង​បន្ទប់​ហូប​អាហារ ថា កូនចៅ​មក​ញាំ​ម៉េច​មិន​ហៅ​មេ ហើយ​លោក ម៉ែន វណ្ណៈ បាន​បង្ខំ​លោក​ផឹកស្រា​អស់​ជាច្រើន​កែវ នៅ​ពេល​ដែល​លោក​បដិសេធ​ឈប់​ផឹក ស្រាប់តែ​លោក ម៉ែន វណ្ណៈ បាន​ដក​កាំភ្លើង​អា​មេ​ភ្ជង់​ក្បាល​និង​ពោះ របស់លោក។

​ក្រោយ​បញ្ចប់​ហេតុការណ៍​នេះ នៅ​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៧ លោក ម៉ែន វណ្ណៈ បាន​ជួប​លោក​ម្តង​ទៀត​នៅ​ភោជនីយដ្ឋាន​មួយ​នៅក្បែរ​ផ្សារ​រាត្រី ស្រាប់តែ​លោក ម៉ែន វណ្ណៈ យក​ឈើច្រត់​លោក​គ្រវែង​ចោល ហើយ​បោះ​ពាក្យសម្តី ថា ” ហ្អែ​ង​ជា​កូនចៅ​អញ អញ​លេងសើច​ប៉ុណ្ណឹង​មិនបាន ហ្អែ​ង​ចង់​ធ្វើ​អី​អញ ហ្អែ​ង​អស្ចារ្យ​អី “។

ដំណើររឿង​ត្រួសៗ​បែប​នេះ​ហើយ ទើប​លោក ឈៀង គីម​ហាក់ ដាក់​ពាក្យសុំ​អន្តរាគមន៍​ទៅ​ក្រសួងយុត្តិធម៌ សំណូមពរ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជួយ​រក​យុត្តិធម៌​ឲ្យ​ជនពិការ​ផង។

ករណី​នេះ នៅ​ថ្ងៃ​ទី​១០ ខែមីនា លោក ម៉ែន វណ្ណៈ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ ដោយ​ធ្វើការ​សុំទោស​លោក ឈៀង គីម​ហាក់។

ប៉ុន្តែ​មជ្ឈដ្ឋាន​មួយ​ចំនួន យល់ថា កំហុស​នេះ គឺ ធ្ងន់ធ្ងរ​ណាស់ ពុំគួរ​លើកលែង​ឲ្យ​ឡើយ តែ​ការសម្រេច​យ៉ាងណា អាស្រ័យ​លើ​ក្រសួងយុត្តិធម៌៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684