ព័ត៍មានទាន់​ហេតុការណ៏
Search

វិទ្យាស្ថាន​ខុង​ជឺ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា រៀបចំ​ប្រឡង​HSKK លើក​ទី​១​ប្រចាំឆ្នាំ​២០១៧

ភ្នំពេញ ៖ វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​ប្រឡង​HSKK លើក​ទី​១​ប្រចាំឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១៩ ​ខែមីនា​ ឆ្នាំ​២០១៧​ ដោយមាន​សិក្ខាកាម​ចូលរួម​ការប្រឡង​មាន​ចំនួន​៧៦​រូប ចែកចេញជា​៣​កម្រិត។

លោក​បណ្ឌិត ជា មុនី​ឫទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ​ នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​មានប្រសាសន៍ថា ជា​រៀងរាល់ឆ្នាំ វិទ្យាស្ថាន​តែង​រៀបចំ​កម្មវិធី​ប្រឡង​សញ្ញាប័ត្រ​HSKK​នេះ​ចំនួន​២​លើក ដោយ​លើក​ទី​១​នា​ខែមីនា និង​លើក​ទី​២​នា​ខែធ្នូ​។

សញ្ញាប័ត្រ​នេះ ​មាន​៣​កម្រិត ហើយ​មានតម្លៃ​ប្រើប្រាស់​រយៈពេល​២​ឆ្នាំ​គិត​ចាប់​ពី​ថ្ងៃ​ទទួល​បាន​សញ្ញាប័ត្រ​ជា​ផ្លូវការ​។ គោលបំណង​រៀបចំ​ការ​ប្រឡង​នេះ គឺ​ដើម្បី​១-​បញ្ជាក់​ពី​សមត្ថភាព​កម្រិត​នៃ​ការ​និយាយ​ភាសា​ចិន​របស់​សិក្ខាកាម និង​២-​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ដោយ​ភ្ជាប់​មក​ជា​មួយ​បន្ថែម​នូវ​សញ្ញាបត្រ​HSK។

គួរ​បញ្ជាក់​ផង​ដែរ​ថា HSKK (Hanyu Shuiping Kouyu Kaoshi) គឺជា​អក្សរ​កាត់​ដែល​យក​តាម​សូរសម្លេង​ភាសា​ចិន​មានន័យថា​ ជា​ការ​ប្រឡង​សញ្ញាប័ត្រ​កម្រិត​ភាសា​ចិន​តាមបែប​ផ្ទាល់មាត់ ដែល​ចាប់ពី​ឆ្នាំ​២០១៤​មក វិទ្យាស្ថាន​ខុង​ជឺ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ទ​ទួល​សិទ្ធិផ្តាច់មុខ​ពី​វិទ្យាស្ថាន​ខុង​ជឺ​ទីស្នាក់ការ​កណ្តាល​ប្រទេស​ចិន​ក្នុង​ការរៀបចំ​ការ​ប្រឡង​នេះ​។ ជាមួយគ្នានេះ​ផង​ដែរ វិទ្យាស្ថាន​ក៏​ជា​មជ្ឈមណ្ឌល​ផ្តាច់មុខ​ក្នុង​ការរៀបចំ​ការប្រឡង​សញ្ញាប័ត្រ​HSK និង​ជា​ការិយាល័យ​ប្រឹក្សា​និង​ផ្តល់​អាហារូបករណ៍​ជូន​សិស្ស និស្សិត មន្ត្រីរាជការ​កម្ពុជា​ទៅ​បំពេញ​ទស្សនកិច្ច​សិក្សា ឬ​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន​ចាប់ពី​កម្រិត​បំប៉ន​ភាសា​ចិន​រហូតដល់​កម្រិត​បញ្ញា​ប​ត្រ​ជាន់ខ្ពស់​អក្សរសាស្ត្រ​ចិន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684