ព័ត៍មានទាន់​ហេតុការណ៏
Search

វៀតណាម​០៥​នាក់​ ត្រូវ​បាន​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឃាត់ខ្លួន ករណី​រស់នៅ​ដោយ​ខុសច្បាប់​ក្នុងប្រទេស​កម្ពុជា

តាកែវ ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តតាកែវ បាន​ចាប់​ប​ញ្ជូន​ជនជាតិ​វៀតណាម​ចំនួន​០៥​នាក់​ ដែល​ឆ្លងដែន​ចូល​មក​ទឹកដី​កម្ពុជា​ធ្វើការ​ងារ​និង​ស្នាក់ នៅ​ដោយ​ខុសច្បាប់​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត។

ការ​ចាប់​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ ចូល​មក​ស្នាក់​ធ្វើការ​ងារ​និង​ស្នាក់នៅ​ដោយ​ខុសច្បាប់​នេះ ផ្អែក​តាម​សម្តី​លោក​ឧ​ត្ត​ម សេនីយ៍​ត្រី អ៊ុក ច័ន្ទ​កុសល ស្នងការរង ទទួល​ផែន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០១៧ កម្លាំង​ជំនាញ​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​ធ្វើ បែបបទ​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន​០៥​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ដើម្បី​អនុវត្តន៍​នីតិវិធី​បន្ត បន្ទាប់​ពី​បាន​ចាប់​ឃាត់ខ្លួន​ដោយ​មិន​មាន​លិខិតស្នាម​សម្រាប់​ស្នាក់នៅ​ត្រឹមត្រូវ​នោះ​។

លោក​ស្នងការ​រង​បាន​បន្ត​ថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក សំណាង ស្នង​ការ​នគរបាល​ខេត្តតាកែវ ផែន​អន្តោ​ប្រវេសន៍​លោក​បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​គីរីវង់​ធ្វើ​ការចុះ​ត្រួតពិនិត្យ​ និង ​បាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​០៥​នាក់​ ដែល​កំពុង​ធ្វើ​ការ​ងារ​នៅ​សិប្បកម្ម​កែច្នៃ​ឈើ​ពីរ​ទីតាំង​គឺ​ភូមិ​ជ្រោយ និង​ភូមិ​ពោធិ៍ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ពី​បទ​លួច​ឆ្លងដែន​មក​រស់នៅ​និង​ធ្វើ​ការងារ​ដោយ​ខុសច្បាប់​ក្នុង​ទឹកដី​កម្ពុជា​នេះ ​ត្រូវ​បាន​កម្លាំង​ជំនាញ អន្តោប្រវេសន៍​កសាង​បែបបទ​បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684