ព័ត៍មានទាន់​ហេតុការណ៏
Search

បិទ​បញ្ចប់​សិក្ខាសាលា​អន្តរជាតិ​ ស្តី​ពី​ការ​សន្សំសំចៃ​ទឹក​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​កសិករ​នៅ​តាម​ដង​ទន្លេ​មេគង្គ

ភ្នំពេញ ៖ សិក្ខាសាលា​អន្តរជាតិ​ស្តីពី​ការ​សន្សំសំចៃ​ទឹក​ក្នុង​វិស័យ​កសិកម្ម​សម្រាប់​កសិករ​នៅ​តាម​ដង​ទន្លេ​មេគង្គ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ ដែល​មាន​អ្នកចូលរួម​ប្រមាណ​១០០​រូប​ដែល​អញ្ជើញ​មកពី​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​អ្នកជំនាញ​ជនជាតិ​បរទេស​មកពី​សាកលវិទ្យាល័យ​កាន​ថឺ (​ប្រទេស​វៀតណាម​)​ប្រទេស​អាល្លឺម៉ង់ សហរដ្ឋអាមេរិក ជប៉ុន ថៃ និង​ដា​ណឺ​ម៉ាក។

លោក លី សុធី​រ័ត្ន អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​បញ្ជាក់​ថា អង្គសិក្ខាសាលា​នេះ​ចែកចេញជា​ពីរ​វគ្គ ដែល​ក្នុង​នោះ​វគ្គ​ទី​១​នៃ​សិក្ខាសាលា​ដែល​ផ្តោតលើ​ការប្រើប្រាស់​ទឹក​មាន​វាគ្មិន​ចំនួន​៤​រូប មាន​២​រូប​ជា​ជនជាតិ​កម្ពុជា​និង​២​រូប​ជា​ជនជាតិ​វៀតណាម​។ វាគ្មិន​ទាំង​៤​បាន​ពន្យល់​យ៉ាង​លម្អិត​ពី​ប្រភព​សំខាន់​នៃ​ទឹក​ក្រោម​ដី ការចាត់ចែង​និង​គោលនយោបាយ​គ្រប់គ្រង​ទឹក និង​ប្រសិទ្ធភាព​នៃ​បម្រើបម្រាស់​ទឹក​។ វាគ្មិន​ទាំងអស់​ក៏បាន​លើកឡើង​ពី​កង្វល់​នានា​ដែល​បាន​ចោទឡើង​ដោយសារ​បម្រែបម្រួល​អាកាសធាតុ និង​ភាព​ខ្ជះខ្ជាយ​នៃ​ការប្រើប្រាស់​ទឹក និង​វគ្គ​ទី​២​បានចាប់ផ្តើម​ក្រោយ​ការ​សម្រាក​ពិសា អាហារ​ថ្ងៃត្រង់ ដោយមាន​វាគ្មិន​ចំនួន​៥​រូប​ដែល​ក្នុង​នោះ​មាន​វាគ្មិន​ជនជាតិ​ខ្មែរ​១​រូប វៀតណាម​២​រូប ជប៉ុន​១​រូប និង​អាមេរិក​១​រូប​។ វាគ្មិន​ទាំង​៥​បានលើកឡើង​ពី​ផល​ប៉ះពាល់​បរិស្ថាន​ នៃ​ភាព​មិន​ប្រក្រតី​នៃ​បម្រើបម្រាស់​ទឹក ដែល​ជា​ពិសេស​នៅ​ក្នុង​វិស័យ​កសិកម្ម។ វាគ្មិន​ទាំងអស់​ក៏បាន​លើក​ជា​យោបល់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​នៅតាម​ដង​ទន្លេ​មេគង្គ​ទទួល​បាន​ផលប្រយោជន៍​កាន់​តែ​ច្រើន​ពី​បម្រើបម្រាស់​ទឹក និង​រក្សា​បាន​តុល្យភាព​នៃ​ការប្រើប្រាស់​ប្រភពទឹក​ក្រោម​ដី​ផងដែរ។

លោក​សាស្ត្រាចារ្យ​បណ្ឌិត​រង ហា ថា​ញ់​ទ័ន សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​កាន​ថឺ​សង្ឃឹមថា ស្មារតី​នៃ​អង្គសិក្ខាសាលា​នេះ​ ក្លាយ​ជា​មូលដ្ឋានគ្រឹះ​និង​ជា​ការ​ចាប់​ចេញដំណើរ​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹងមាំ​នៃ​ស្ថាប័ន​យើង​ទាំងពីរ រាជបណ្ឌិត្យ​សភាកម្ពុជា​និង​សាកលវិទ្យាល័យ​កាន​ថឺ​។ ហើយ​លោក​រំពឹងថា កិច្ច​សហប្រតិបត្តិការ​យូរអង្វែង​លើ​វិស័យ​វិទ្យាសាស្ត្រ ការផ្លាស់ប្តូរ​បទពិសោធ​ន៍ និង​ការ​ចែក​រំលែក​ពុទ្ធិ​ស្រាវជ្រាវ​និង​ការរៀបចំ​អង្គ​សិក្ខាសាលា សន្និសីទ​នានា​រវាង​ស្ថាប័ន​ស្រាវជ្រាវ​នៃ​ប្រទេស​យើង​ទាំងពីរ​ផង​ដែរ ដើម្បី​ឲ្យ​ស្មារតី​នៃ​អង្គ​សិក្ខាសាលា​នេះ​ក្លាយ​ជា​ឆន្ទៈ​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​ធនធាន​បញ្ញវន្ត​វ័យក្មេង​និង​បន្តវេន​នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​និង​វៀតណាម​។ លោក​ក៏បាន​យល់ស្រប​នឹង​អនុសាសន៍​ នៃ​អង្គ​សិក្ខាសាលា​ដែល​បាន​លើក​ឡើង​ចំនួន​៤​ចំណុច​គឺ ទី​១-​គួរ​បោះពុម្ពផ្សាយ​នូវ​ឯកសារ​ដែល​បាន​ពី​វាគ្មិន​និង​លទ្ធផល​នៃ​អង្គ​សិក្ខាសាលា​ឲ្យ​ទៅ​ជា​ខេមរភាសា​និង​ភាសា​វៀតណាម ដើម្បី​ផ្តល់​លក្ខខណ្ឌ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​យើង​ទាំងពីរ​យល់ដឹង​បន្ថែម​ពី​ការប្រើប្រាស់​ទឹក​ឲ្យ​បាន​សមស្រប​។ ទី​២-​គួរ​បង្កើត​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​រួមគ្នា​រវាង​រាជបណ្ឌិត្យ​សភា​កម្ពុជា​និង​សាកលវិទ្យាល័យ​កាន​ថឺ​ស្តីពី​បម្រើបម្រាស់​ទឹក​ក្នុង​ចរន្ត​នៃ​បម្រែបម្រួល​អាកាសធាតុ​។ ទី​៣-​គួរ​អនុញ្ញាត​ឲ្យ​មាន​អ្នកចូលរួម​ពិភាក្សា​ពី​អ្នក​សិក្សា​ស្រាវជ្រាវ អ្នក​អនុវត្ត​ដោយ​ផ្ទាល់ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ ក្រៅពី​ប្រជាជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ កម្ពុជា​និង​វៀតណាម នៅ​ក្នុង​អង្គសិក្ខា​សាលា​អន្តរជាតិ​លើក​ទី​២ និង​លើក​ក្រោយៗ​ទៀត​។ និង​ទី​៤-​គួរ​ផ្តល់​លទ្ធផល​នៃ​កិច្ចពិភាក្សា​ក្នុង​អង្គសិក្ខា​សាលា​នា​ថ្ងៃនេះ ជា​របាយការណ៍​ជូន​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​យើង​ទាំងពីរ ដើម្បី​រៀបចំ​គោលនយោបាយ​ទឹក​សមស្រប​នឹង​ជីវភាព និង​ស្ថានភាព​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ និង​ចក្ខុវិស័យ​សម្រាប់​កា​រ​រក្សា​បាន​នូវ​តុល្យភាព​នៃ​ការប្រើប្រាស់​ទឹក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684