ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​អ៊ីរ៉ាក់​និយាយថា លោក Trump ចូលរួម​កាន់តែច្រើន ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​

នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider al-Abadi បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​លោក​ប្រធានាធិបតី Donald Trump ថា រដ្ឋបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​ហាក់ដូចជា​ផ្តោតអារម្មណ៍​កាន់តែខ្លាំង​លើ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​ជាង​អ្នក​កាន់តំណែង​មុន​របស់ខ្លួន​។​

​លោក Abadi បាន​ជួប​លោក Trump នៅ​សេត​វិមាន​ក្នុង​ខួប​១៤​ឆ្នាំ​នៃ​ការឈ្លានពាន​របស់​អាមេរិក​ក្នុងប្រទេស​អ៊ីរ៉ាក់​និង​មាន​រយៈពេល​ពីរ​ថ្ងៃមុន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ក្រុង​វ៉ាស៊ីនតោន​ដ៏​ធំ​ស្តីពី​វិធី​ក្នុង​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​។​

ក្រោយមក លោក Abadi បាន​និយាយថា លោក​រំពឹងថា ជំនួយ​របស់​អាមេរិក​ដល់​កងកម្លាំង​អ៊ីរ៉ាក់​ក្នុងការ​ប្រយុទ្ធ​ដើម្បី​ជំរុញ​យុទ្ធជន​រដ្ឋ​ឥស្លាម​ចេញពី​ភាគ​ខាងជើង​ទីក្រុង Mosul ក្រោម​ការដឹកនាំ​របស់​លោក Trump នឹងមាន​ល្បឿន​លឿន​ជាង​អ្នក​កាន់តំណែង​មុន​គឺ​លោក Barack Obama​។​

លោក Abadi បាន​ប្រាប់​ទស្សនិកជន​នៅ​វិទ្យាស្ថាន​សន្តិភាព​សហរដ្ឋ​អាមេរិក​ថា “​ខ្ញុំ​គិតថា​រដ្ឋបាល​នេះ​ចង់​ចូលរួម​បន្ថែមទៀត​នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។ ខ្ញុំ​ដឹង​ពី​ភាពខុសគ្នា​នៅក្នុង​លក្ខខណ្ឌ​ប្រឈមមុខ​ជាមួយនឹង​អំពើ​ភេរវកម្ម​” ។​

កាលពី​ដើមឡើយ លោក Trump បាន​និយាយថា ប្រតិបត្តិ​ការប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​ក្នុង​ទីក្រុង Mosul “​កំពុងដំណើរការ​ឆ្ពោះទៅមុខ​” ហើយ​លោក​បាន​ចោទសួរ​ថា​តើ​សហរដ្ឋអាមេរិក​ក្រោម​ការដឹកនាំ​របស់លោក Obama គួរតែ​ដក​កងទ័ព​ប្រយុទ្ធ​របស់​អាមេរិក​ចេញពី​ប្រទេស​នេះដែរ​ឬក៏​អត់​។ ​លោក​បាន​បន្ថែមថា “​យើង​នឹង​ដោះស្រាយ​។ ខ្ញុំ​មានន័យថា​យើង​ត្រូវតែ​កម្ចាត់​ក្រុម ISIS​។ យើង​នឹង​កម្ចាត់​ក្រុម ISIS ”​។​

គួរ​បញ្ជាក់ថា អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ផ្ដើម​ការវាយលុក​មួយ​នៅក្នុង​ខែតុលា​ដើម្បី​ដណ្តើមយក​ទីក្រុង Mosul ពី​ក្រុម IS វិញ​ជាមួយនឹង​ការគាំទ្រ​ដោយ​ការវាយប្រហារ​អាកាសរ​បស់​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684