ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាល​លោក Trump បង្កើន​ការដាក់ទណ្ឌកម្ម​ ទៅ​លើ​ប្រទេស​កូរ៉េខាងជើង​

មន្ត្រីជាន់ខ្ពស់​របស់​ស​ហ​រដ្ឋ​អាមេរិក​ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋបាល​របស់លោក Trump កំពុង​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​ធំធេង​ ក្នុង​គោលបំណង​កាត់ផ្តាច់​ប្រទេស​កូរ៉េខាងជើង​ ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ពិភពលោក​ ជា​ផ្នែក​មួយ​នៃ​ការ​ពិនិត្យឡើងវិញ​នៃ​វិធានការ​ ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ ​និង​មី​ស៊ី​ល​របស់​ទីក្រុង​ព្យុងយ៉ាង​។​

ការដាក់ទណ្ឌកម្ម​នឹង​ក្លាយជា​ផ្នែក​មួយ ​នៃ​វិធីសាស្ត្រ​នៃ​ការបង្កើន​សម្ពាធ​សេដ្ឋកិច្ច​ និង​ការទូត​ជាពិសេស​លើ​ធនាគារ​ និង​ក្រុមហ៊ុន​របស់​ចិន ​ដែល​ធ្វើ​អាជីវកម្ម​ច្រើន​បំផុត​ ជាមួយនឹង​កូរ៉េខាងជើង បូក​នឹង​ការការពារ​ដោយ​សហរដ្ឋអាមេរិក​ និង​កូរ៉េខាងត្បូង ​ព្រមទាំង​សម្ព័ន្ធមិត្ត​របស់​ជប៉ុន​។​

ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់លាស់​ភ្លាមៗ​ទេ​អំពី​របៀប​ដែល​លោក Trump នឹង​សម្រេចចិត្ត​ លើ​ការធ្វើសកម្មភាព​។ សេត​វិមាន​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយលម្អិតពីរឿងនេះ​។​

លោក Trump បាន​ជួប​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ H.R. McMaster កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រទេស​កូរ៉េខាងជើង​ និង​បាន​និយាយ​ នាពេល​ក្រោយ​ថា មេដឹកនាំ​របស់​ប្រទេស​នេះ​ គឺ​លោក​គីម ​ជុង​អ៊ុន ​កំពុង​ធ្វើ​សកម្មភាព​អាក្រក់​ខ្លាំងណាស់​។​

លោក​ប្រធានាធិបតី​បាន​និយាយ​បែបនេះ ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ប្រទេស​កូរ៉េខាងជើង ​បាន​អួតអាង​ពី​ការធ្វើ​តេស្ត​ម៉ាស៊ីន​រ៉ុក្កែត​ ទទួលបាន​ដោយ​ជោគជ័យ​ ខណៈដែល​មន្ត្រី​និង​អ្នកជំនាញ​គិតថា​ គឺជា​ផ្នែក​នៃ​កម្មវិធី​មួយ ​មាន​គោលបំណង​កសាង​មី​ស៊ី​ល​ឆ្លង​ទ្វីប ​ដែលមាន​សមត្ថភាព​វាយប្រហារ​សហរដ្ឋអាមេរិក​។​

ប្រភព​រដ្ឋបាល​បាន​និយាយថា ក្រុមមន្ត្រី​សហរដ្ឋអាមេរិក ​រួមទាំង​រដ្ឋមន្ត្រីការបរទេស​លោក Rex Tillerson ផងដែរ​ បាន​ព្រមាន​ចិន​ពី​ការដាក់ទណ្ឌកម្ម​ ទូលំទូលាយ​ដែល​នឹង​កំណត់​គោលដៅ ​លើ​ធនាគារ​និង​ក្រុមហ៊ុន​ផ្សេងទៀត​ ដែល​ធ្វើ​ជំនួញ​ជាមួយ​កូរ៉េខាងជើង​។​ វិធាន​ការដែល​ស្ថិតក្រោម​ការពិចារណា​នេះ​ នឹង​បង្កើន​ជា​សម្ពាធ​របស់លោក Trump លើ​ប្រទេស​ចិន ​ក្នុងការ​ធ្វើការ​បន្ថែមទៀត​ ដើម្បី​ទប់ស្កាត់​កូរ៉េខាងជើង​​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684