ព័ត៍មានទាន់​ហេតុការណ៏
Search

មិនមាន​ចន្លោះប្រហោង​ នៅក្នុង​ករណី​ឃាតកម្ម​ លើ​លោក គីម ជុង​ណា​ម ​ទេ​ ​

ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​បដិសេធ​មិន​ទទួលយកបាន​ដែលថា មានការ​ថ្លោះ​ធ្លាយ​នៅក្នុង​ប្រព័ន្ធ​ តាមដាន​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ​ជាតិ ដែលជា​លទ្ធផល​នាំ​ឲ្យ​កើតមាន​ ឃាតកម្ម​ទៅលើ​លោក​ គីម ជុង​ណា​ម ជា​បងប្រុស​បង្កើត​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង លោក ​គីម ជុង​អ៊ុន នៅលើ​ទឹកដី​ម៉ា​ឡេ​ស៊ី​នោះឡើយ​។​

​ថ្លែង​នៅឯ​រដ្ឋសភា អនុរដ្ឋមន្ត្រី​មហាផ្ទៃ​លោក Nur Jazlan Mohamed បាន​និយាយថា វា​មិនមាន​ផ្លូវ​ឯណា​ ដែល​រដ្ឋាភិបាល​អាច​បាន​ដឹងថា លោក​គីម បាន​ចូលមក​ក្នុងប្រទេស​នោះទេ ពីព្រោះ​បុរស​នេះ​បាន​ប្រើ​លិខិតឆ្លងដែន​មានឈ្មោះ Kim Chol ។​

ពេលដែល​តំណាងរាស្ត្រ​ខាង​បក្សប្រឆាំង​លោក Tian Chuan ឆ្លើយតប​ទៅវិញ​ថា តើ​លោក​រំពឹង​បានទេ​ថា ភ្នាក់ងារ​សើុ​ប​ការណ៍​បរទេស ទាំង​អស់គេ​ប្រើ​ឈ្មោះ​ពិត​របស់ខ្លួន​? ​ដូចជា​ ០០៧?

​ជនជាតិ​កូរ៉េខាងជើង​៧​នាក់ ត្រូវបាន​ស្វែងរក​ចាប់ខ្លួន ព្រោះតែ​ជាប់ទាក់ទង​ទៅនឹង​ឃាតកម្ម ​មកលើ​លោក ​គីម ជុង​ណា​ម កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ​។ មាន​មនុស្ស៤​នាក់ ត្រូវបាន​គេ​និយាយថា បាន​វិលត្រឡប់​ទៅ​ក្រុង​ព្យុ​យ៉ាង​វិញ​ហើយ ខណៈដែល​ ៣​នាក់ ​ផ្សេងទៀត​ត្រូវបាន​គេ​ជឿថា កំពុង​លាក់​សម្ងំ​ខ្លួន​នៅក្នុង​ស្ថានទូត​កូរ៉េខាងជើង​ ក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ​នៅឡើយ​។​

អគ្គ​អធិការ​ប៉ូលិស លោក Khalid Abu Bakar បាន​មានប្រសាសន៍​ កាលពី​ថ្ងៃអាទិត្យ​ថា ប៉ូលិស នឹង​នាំខ្លួន​ជនជាតិ​កូរ៉េខាងជើង ​ដែល​រង​ការជាប់​សង្ស័យ​ដទៃទៀត យកមក​សួរចម្លើយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ក្នុងនោះ​មាន​ទាំង​មនុស្ស​សំខាន់​ម្នាក់ ដែល​ខ្លួនគេ​បាន​បដិសេធ​មិន​ប្រាប់​អត្តសញ្ញាណ​។​

​ភ្នាក់ងារ​កូរ៉េខាងជើង​ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ដឹកនាំ​ការ​ស៊ើប​អង្កេត​មួយ​ស្របពេល​ជាមួយគ្នានេះ​ផងដែរ នៅក្នុង​ឧប្បត្តិហេតុ បន្ទាប់ពី​ប៉ូលិស​ម៉ា​ឡេ​ស៊ី​បដិសេធ​សំណើ​មួយ​ដែល​សូម​ឲ្យ​មានការ​រួមសហការ​ស៊ើប​អង្កេត​ជាមួយគ្នា​នៅក្នុង​រឿង​ឃាតកម្ម​នោះ​។

មាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ដទៃទៀត​នោះ គឺជា​ស្ត្រី​ឥណ្ឌូ​នេ​ស៊ី ម្នាក់​អាយុ​២៥​ឆ្នាំ ឈ្មោះ Siti Aisyah បាន​អះអាងថា រូបនាង​ត្រូវបាន​ចំណាយ​ប្រាក់​ឲ្យ​ពី​បុរស​សង្ហា​វ័យក្មេង​កូរ៉េខាងជើង​ម្នាក់​​ ដែល​នាង​គ្រាន់តែ​ស្គាល់​ថា​ជន​នោះ​ឈ្មោះ James​។​

​ប្រភព​នានា​និយាយថា នាង​បាន​ជួប James ជា​លើកទីមួយ​នៅឯ​ក្លិប Beach Club នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ នៅក្នុង​ខែមករា ហើយ​បន្ទាប់មកទៀត បានធ្វើ​ដំណើរ​ជាមួយ​បុរស​នោះ​ទៅកាន់​ប្រទេស​កម្ពុជា ។ នៅ​ក្រុងភ្នំពេញ​រូបនាង​ត្រូវបាន​គេ​និយាយថា បាន​ជួប​ជាមួយ​ជនជាតិ​កូរ៉េខាងជើង​ម្នាក់ទៀត ឈ្មោះ Hong Song Hac ដែល​បាន​ឲ្យ​ប្រេង​មក​នាង​យកទៅ​លាប​នៅលើ​មុខ​របស់លោក​គីម​នោះ​។​

​លោក Hong ព្រមទាំង​ជនជាតិ​កូរ៉េខាងជើង​៣​នាក់ ផ្សេងទៀត ឥឡូវនេះ​ស្ថិតនៅក្នុង​បញ្ជី​ក្រហម​របស់​ប៉ូលិស​អន្តរជាតិ Interpol ហើយ​នៅក្នុង​ការជាប់​ទាក់ទង​នឹង​រឿង​ឃាតកម្ម​នេះ​៕ Channel News Asia



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684