ព័ត៍មានទាន់​ហេតុការណ៏
Search

កងកម្លាំង​អ៊ីរ៉ាក់​រុល​ ចូល​ទីក្រុង​ចាស់​ ខណៈ​មនុស្ស​រាប់ពាន់​នាក់​ជាប់​នៅ​ទីនោះ

កងកម្លាំង​អ៊ីរ៉ាក់​បាន​ប្រយុទ្ធ​ជាមួយ​យុទ្ធជន​ក្រុម​រដ្ឋ​ឥស្លាម​ដើម្បី​រុលចូល​ទៅក្នុង​ទីក្រុង​ចាស់​នៃ​ទីក្រុង Mosul ដែលជា​កន្លែង​ជន​ស៊ីវិល​រាប់ពាន់នាក់​នៅតែ​ជាប់​ក្រោម​ការគ្រប់គ្រង​របស់​ពួក​ជី​ហាដ​និយម​នេះ​។

ផ្នែក​កណ្តាល​របស់​ទីក្រុង​នេះ​ គឺជា​ប្រភព​នៃ​ព្រះវិហារ Al-Nuri កន្លែង​ដែល​មេដឹកនាំ​ក្រុម IS លោក Abu Bakr al-Baghdadi ប្រកាស​រដ្ឋ caliphate ក្នុង​ខែកក្កដា​ឆ្នាំ​២០១៤​ក្នុង​ទឹកដី​គ្រប់គ្រង​ដោយ​ពួក​ជី​ហាដ​នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ដែលជា​ប្រទេសជិតខាង។

កងកម្លាំង​បាន​ចាប់​យក​មកវិញ​នូវ​សង្កាត់​ជាច្រើន​ពី​ក្រុម IS ចាប់តាំងពី​ការចាប់ផ្តើម​ការ​វាយលុក​សម្រាប់​ភាគ​ខាងលិច​ទីក្រុង Mosul កាលពី​ខែ​មុន​ប៉ុន្តែ​ការ​ប្រយុទ្ធ​ដើម្បី​ទីក្រុង​ចាស់​នេះ​គឺ​តែងតែ​ត្រូវបាន​គេ​រំពឹងថា​នឹងមាន​ការលំបាក។

ដោយមាន​ទីតាំង​ស្ថិត​នៅ​លើ​ច្រាំង​ភាគ​ខាងលិច​នៃ​ទន្លេ Tigris មជ្ឈមណ្ឌល​វ័យ​ចំណាស់​មាន​ប្រជាជន​រស់នៅ​ច្រើន​មួយ​នេះ​ គឺ​មាន​ការ​លំបាក​ណាស់​ស​ម្រា​ប់​រថពាសដែក​ក្នុងការ​ធ្វើដំណើរ​ហើយ​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ណាមួយ​នៅ​ទីនោះ​គឺមាន​ហានិភ័យ​ចំពោះ​ជីវិត​ជន​ស៊ីវិល។

មេបញ្ជាការ​នៃ​កងពលតូច​ទី​២​របស់​អង្គភាព​ឆ្លើយតប​រហ័ស​បាន​ប្រាប់ AFP ថា កាលពី​ថ្ងៃ​ចន្ទ កងកម្លាំង​អ៊ីរ៉ាក់​មាន​គោលបំណង​រុលចូល​ទៅ​ក្នុង​ទីក្រុង​ចាស់​ពី​ស្ពានដែក​នៅ​តំបន់​ជាយក្រុង​ដែល​រងគ្រោះ​ដោយ​ការប្រយុទ្ធ​គ្នា​យ៉ាងធ្ងន់ធ្ង​កាលពី​ថ្ងៃមុន។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី Mahdi Abbas Abdullah បាន​និយាយថា “​ការវាយលុក​បាន​បន្ត​ឡើងវិញ​នៅក្នុង​តំបន់​ដូចគ្នា​កាលពី​ម្សិលមិញ​លើ​អគារ​ធំៗ ទីផ្សារ​និង​តាមផ្លូវ​តូចចង្អៀត​ដែល​ជា​កន្លែង​សត្រូវ​បាន​លាក់ខ្លួន​”។

អាជ្ញាធរ​អ៊ីរ៉ាក់​បាន​និយាយ​ថា អគារ​ជាច្រើន​ត្រូវបាន​កាន់កាប់​ឡើងវិញ​ពី​ក្រុម​ជី​ហាដ​នៅ​លើ​គែម​នៃ​ទីក្រុង​ចាស់​មួយ​នេះ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ។

គួរ​រម្លឹក​ថា អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ផ្ដើម​ការ​វាយលុក​ដើម្បី​ដណ្តើម​ទីក្រុង​នេះ​មកវិញ​នៅ​ថ្ងៃ​ទី​១៧​ខែតុលា​ កាលពី​ឆ្នាំមុន​ដោយមាន​ការគាំទ្រ​ពី​ក្រុមចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ដែល​បានធ្វើការ​វាយប្រហារ​ប្រឆាំងនឹង​ក្រុម IS នៅ​ប្រទេស​អ៊ីរ៉ាក់​និង​ស៊ី​រី​ចាប់​តាំងពី​ឆ្នាំ​២០១៤​មកម្ល៉េះ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114