ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Abe និយាយថា បារាំង​និង​ជប៉ុន​គាំទ្រ​ការធ្វើ​នាវាចរណ៍​ដោយ​សេរី​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ឲ្យ​ដឹង​បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​ប្រធានាធិបតី​បារាំង​លោក Francois Hollande កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​បារាំង​និង​ជប៉ុន​បាន​គាំទ្រ “​សណ្តាប់ធ្នាប់​ដែនសមុទ្រ​ដោយ​សេរី​និង​បើកចំហ​” នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

សារ​មួយ​នេះ​ហាក់ដូចជា​សំដៅ​ដល់​ប្រទេស​ចិន​ដែល​បាន​អះអាង​ស្ទើរតែ​ទាំងអស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​នៅក្នុង​ប្រទេស​ជប៉ុន​និង​លោកខាងលិច​ដោយសារ​វត្តមាន​យោធា​របស់ខ្លួន​កាន់តែច្រើន​នៅក្នុង​ផ្លូវទឹក​នេះ​។​

លោក Abe បាន​ប្រាប់​អ្នកកាសែត​បន្ទាប់ពី​កិច្ចពិភាក្សា​នេះ​ថា “​លោក Francois និង​ខ្ញុំ​បាន​ព្រមព្រៀងគ្នា​លើ​សារៈសំខាន់​នៃ​ការធានា​ឲ្យ​មាន​សណ្តាប់ធ្នាប់​តាម​សមុទ្រ​ដោយ​សេរី​និង​បើកចំហ​ក្នុង​តំបន់​ឥណ្ឌូចិន​ប៉ាស៊ីហ្វិក​ហើយ​បន្ដ​គាំទ្រ​ដល់​ស្ថេរភាព​និង​ភាពរុងរឿង​នៃ​តំបន់​នេះ​” ។​

ជប៉ុន​គ្រោង​នឹង​បញ្ជូន​នាវាចម្បាំង​ធំ​បំផុត​របស់ខ្លួន​សម្រាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ខែ​តាម​សមុទ្រ​ចិន​ខាងត្បូង​ដោយ​ចាប់ផ្តើម​នៅ​ខែឧសភា​នៅក្នុង​ការបង្ហាញ​ធំ​បំផុត​របស់ខ្លួន​នៃ​កងកម្លាំង​ទ័ពជើងទឹក​នៅក្នុង​តំបន់​នេះ​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។ ចិន​បាន​សន្យា ឆ្លើយតប​ប្រសិនបើ​ជប៉ុន​ញុះញង់​ឲ្យ​មាន​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

ជាមួយគ្នា​នោះដែរ លោក Abe បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​សមយុទ្ធ​កង​នាវាចរ​ដាច់ដោយឡែក​ពីគ្នា​ដែលមាន​ការចូលរួម​ដោយ​ទាហាន​ឬ​ឧបករណ៍​ពី​ប្រទេស​ជប៉ុន បារាំង អង់គ្លេស​និង​សហរដ្ឋអាមេរិក​ដែល​នឹងត្រូវ​ធ្វើឡើង​នៅ​ជុំវិញ​កោះ Tinian ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាងលិច​នៅ​ខែឧសភា​។​

ដោយឡែក បើ​ងាក​ទៅរក​ការឆ្លុះបញ្ចាំង​ពី​ការកើនឡើង​ការព្រួយបារម្ភ​លើ​ការ​គាំពារ​និយម​នៅក្នុង​សហរដ្ឋអាមេរិក​និង​នៅ​កន្លែង​ផ្សេងទៀត​ឯណោះ​វិញ លោក Abe បាន​និយាយថា ប្រទេស​ជប៉ុន​និង​បារាំង​ចង់​បន្ត​ក្លាយជា “​ម្ចាស់​ជើងឯក​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​” និង​បាន​និយាយថា កិច្ចព្រមព្រៀង​ស្តីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​សហភាព​អឺរ៉ុប​នឹង​ជាការ​ផ្ញើ​សារ​ដ៏​សំខាន់​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684