Connect with us

ព័ត៌មានជាតិ

ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី

បានផុស

នៅ

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការនិង​ជា​អ្នក​នាំ​ពាក្យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជាបាន​ឲ្យ «កម្ពុជា​ថ្មី» ដឹង​​កាលពីពេលថ្មីៗ​នេះ​ថា ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី​មួយខ្សែ​ទើប​តែ​​បញ្ចប់​ការ​សាងសង់ថ្មីៗ​នេះ ដើម្បី​សម្រួលដល់​ការធ្វើចរាចរណ៍តភ្ជាប់​ចេញចូលទៅ​ព្រលាន​យន្តហោះថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ​«ផ្លូវ​ថ្មី​ដែល​ទើប​សាង​សង់​​រួចរាល់​នោះ​គេ​ហៅ​ថា​ Special Airport Highway ដែល​ជា​ប្រភេទ​ផ្លូវ​​បេតុងកៅស៊ូ ​​មិន​មែន​ជា​ប្រភេទ​ផ្លូវ​ល្បឿនលឿន​ទេ តែ​ជា​ប្រភេទ​ផ្លូវ​កាត់ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​​លេខ ៦ ទៅដល់​ Airport មាន​ប្រវែង ២៤.៥ គីឡូម៉ែត្រ»។

«ក្រៅពីផ្លូវ​ថ្មី​ដែលស្ថាបនា​រួចរាល់ ក្នុង​គម្រោង​មិនមានការ​សាងសង់​ផ្លូវ​ថ្មី​បន្ថែម​ដោយ​ត្រូវ​​ប្រើប្រាស់​ផ្លូវ​ចាស់​ដែលមាន​ស្រាប់​ដដែល»។ នេះបើតាមការអះអាង​របស់​មន្រ្តីអាកាសចរ​ស៊ីវិលរូបនេះ។


ទាក់ទង​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​ខេត្ត​សៀមរាប​ អ្នក​នាំ​ពាក្យ​រូប​នេះ​ថា​នឹង​ផ្ដល់​ផល​ប្រយោជន៍​យ៉ាង​​​ច្រើន​ទី១ ព្រលាន​ថ្មី​នេះ​ស្ថិតនៅ​តំបន់​មួយ​ដែល​​មិន​មាន​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន សង្គម និង​វប្បធម៌ ​និង​ទី២ មាន​សមត្ថភាព​គ្រប់គ្រាន់​​ទទួល​យន្តហោះ​ប្រភេទ​ធំ​ៗ​​គ្រប់​ប្រភេទ​អាច​​ចុះចតបាន​។

បើតាមមន្រ្តី​អ្នក​នាំពាក្យ​រូបនេះ​ សម្រាប់​គម្រោង​អភិវឌ្ឍ​បន្ថែមទៀតនៅក្នុងព្រលានថ្មី​នេះ លោកមិនអាចកំណត់បាននោះទេគឺ​អាស្រ័យ​ស្ថានភាពជាក់ស្តែង​នៃកំណើនភ្ញៀវទេសចរ។

បច្ចុប្បន្ន​នេះ​ចំនួន​ភ្ញៀវទេសចរ​មាន​ការ​ធ្លាក់​ចុះបន្ទាប់​ពី​បញ្ហា​កូវីដ​១៩ ដោយ​ក្នុង​មួយ​សប្ដាហ៍មាន​​ជើង​​ហោះ​ហើរ​តែ ៨​ ជើងប៉ុណ្ណោះ​។

លោក​​ពន្យល់​បន្ថែមថា «ដោយ​សារ​តែ​កន្លង​មក​តែង​មាន​អ្នក​យល់​ច្រឡំ​ច្រើន​ជុំ​វិញអាកាសយានដ្ឋាន​ថ្មី​នេះ។ ខ្ញុំ​ចង់​បញ្ជាក់​ថា​​ការ​ហោះ​ហើរ​​បច្ចុប្បន្ន​​មានតែ​ ៨​ ជើង ក្នុង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ទោះ​ផ្លាស់​ពី​ចាស់​មក​ថ្មី​ក៏​ដោយ ព្រោះ​ការ​ហោះហើរ យើង​ដឹក​ទេសចរ ដឹក​ភ្ញៀវ​មក​អាកាសយានដ្ឋាន មិន​មែន​​បើក​​ឱ្យ​ដំណើរ​ការ​​ភ្លាម​មាន​យន្តហោះ ហោះចូល​ច្រើន​ភ្លាម​ទេ វា​មិន​បែប​ហ្នឹង​នោះ​ទេ»

យ៉ាងណាមិញ អ្នក​នាំ​ពាក្យ​អាកាសចរណ៍​រូប​នេះ​រំពឹង​ថា នៅ​ឆ្នាំ​២០២៤ ឬ​ដើម​ឆ្នាំ​២០២៥ អាច​នឹង​មាន​កំណើន​ទេសចរដូច​មុន​កូវីដ ១៩ ឡើង​វិញ​​ ខណៈអាកាសយានដ្ឋាន​ថ្មី​​នេះបានត្រៀម​ខ្លួន និង​អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។

ប្រលាន​យន្តហោះ​សៀម​​រាប​ថ្មី មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ក្រៀល​ពង ឃុំ​ពពេល និង​ភូមិ​ប្រវ៉ាល ឃុំ​តាយ៉ែក ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប មាន​ឈ្មោះ​ជា​ផ្លូវ​ការ​ថា «អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ» ដែល​​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​ទំហំ ៧០០ ហិតា។

អាកាស​យានដ្ឋាន​ថ្មី​នេះ​ស្ថិត​ក្នុង​​លំដាប់ 4E មាន​ផ្លូវ​រត់​​ប្រវែង​ ៣ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន ៣៨ ចំណត​យន្ត​ហោះ និង​មាន​ក្រឡា​ផ្ទៃ​ស្ថានីយអ្នក​ដំណើរ​ជាង ៨​ម៉ឺន​ម៉ែត្រ​ក្រឡា ដែល​អាច​ទទួល​អ្នក​ដំណើរ​ជា​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៧ លាននាក់។ ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី កំពុងដំណើរការ​សាកល្បង​​ហោះហើរ​​មួយ​ចំនួន មុន​បើកដំណើរការជាផ្លូវការនៅ​អំឡុង​ពាក់កណ្តាល​ខែ​តុលា ឆ្នាំ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម