Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្ដេជ្ញាទាក់ទាញអ្នកវិនិយោគបរទេសឱ្យមករកស៊ីនៅកម្ពុជា

បានផុស

នៅ

លោក លុយ ដាវីត តំណាងឱ្យឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ដែលត្រូវទៅបំពេញបេសកកម្មការទូតនៅបណ្ដាប្រទេសជាមិត្តនានា បានប្ដេជ្ញាខិតខំទាក់ទាញវិនិយោគិនបរទេសឱ្យបានច្រើន ដើម្បីមកដាក់ទុនវិនិយោគនៅកម្ពុជា។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងនៅចំពោះមុខលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការ​​បរ​​ទេស និង​​សហ​ប្រតិ​បត្តិការ​អន្តរជាតិ បានសម្ដែងការអបអរសាទរដល់លោកឯកអគ្គរាជទូតនៃកម្ពុជា ទើបតែងតាំងថ្មីទាំង៧រូប ដែលនឹងទៅបំពេញបេសកកម្មការទូតតំណាងឱ្យកម្ពុជាប្រចាំបណ្ដាប្រទេសជាមិត្តនានា នៅពេលខាងមុខ បន្ទាប់ពីទទួលបានការយល់ព្រមពីប្រមុខរដ្ឋ/រដ្ឋាភិបាលនៃរដ្ឋម្ចាស់ផ្ទះ។

ក្នុងនាមជាប្រមុខការទូតកម្ពុជា លោក សុខ ចិន្តាសោភា បានផ្តាំផ្ញើដល់លោកឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំបំពេញការងារឱ្យសកម្មប្រកប​ដោយ​ភាពទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងលើកកម្ពស់កិត្យានុភាពជាតិ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងកម្ពុជាជាមួយប្រទេសនានា។ ទន្ទឹមនេះ លោករដ្ឋមន្រ្តី ក៏បាន​ណែនាំដល់ឯកអគ្គរាជទូតទាំងអស់ត្រូវខិតខំជំរុញកិច្ចការការទូតសេដ្ឋកិច្ច ការទូតម្ហូបអាហារ ការទូតកីឡា និងការទូតសិល្បៈ ដែល​ជាវិស័យអាទិភាពចម្បងនៃការងារការបរទេស ក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ហើយក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយអំពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា​ដ៏រុងរឿងដល់ពិភពលោក។

បន្ថែមពីលើនេះ លោក សុខ ចិន្តាសោភា ក៏បានសន្យាខិតខំធ្វើយ៉ាងណានឹងជួយស្វះស្វែងផ្តល់លទ្ធភាពឱ្យកាន់តែល្អប្រសើរថែមទៀតដល់បណ្តាស្ថានឯកអគ្គរាជទូត និងស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅក្រៅប្រទេស ដើម្បី​សម្រេចបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការបំពេញបេសកកម្មការងារជូនជាតិ និងប្រជាជន។

លោក លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាតំណាងឱ្យឯកអគ្គរាជទូតទាំង ៧រូប បានប្តេជ្ញាថា នឹងខិតខំបំពេញការងារជូនប្រជាពលរដ្ឋខ្មែរឱ្យទាន់ពេលវេលា និងទទួលបាន​សេវាល្អ ព្រមទាំងលើកកម្ពស់វិស័យការទូតសេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម និងជាពិសេស ខិតខំទាក់ទាញអ្នកវិនិយោគបរទេសឱ្យបានច្រើន ដើម្បីមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជា ដែលទើបតែងតាំងថ្មីទាំង៧រូបនេះ រួមមាន លោក លុយ ដាវីត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង អ៊ីតាលី ព័រទុយហ្គាល់ ម៉ាល់តា អេស៉្បាញ បូរីក្សត្រអង់ដ័រ និងបូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស។ លោក ឡាយ សំកុល ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ដែលមាននិវេសនដ្ឋាននៅទីក្រុងឡុងដ៍។ លោក សុក ជា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសតួកគី តាហ្ស៊ីគីស្ថាន អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន ហ្សកហ្ស៊ី កៀហ្ស៊ីស៊ីស្ថាន ប៉ាគីស្ថាន និងអ៊ីស្រាអែល មាននិវេសនដ្ឋាននៅរដ្ឋធានីអង់ការ៉ា។

ចំណែក លោក ទាន សំណាង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រខាងកើត លោក ហ៊ុលក្រង ផាណង ជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ លោក ឈាង ធីរ៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធអាល្លឺម៉ង់ ប៉ូឡូញ សាធារណរដ្ឋឆែក ក្រូអាត ហុងគ្រី ស្លូវ៉ាគី ស្លូវេនី និងប្រទេសអ៊ុយក្រែន និងលោក តាន់ ប៊ុនប៉ា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំស៊ែប៊ី៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម