ព័ត៍មានទាន់​ហេតុការណ៏
Search

ហុងកុង​ទំនង​ជ្រើសរើស​បេក្ខជន​ពេញនិយម​របស់​ក្រុង​ប៉េកាំង ​ឲ្យ​ក្លាយជា​មេដឹកនាំ​ស្របពេល​មាន​ភាព​តានតឹង ​និង​វិបត្តិ​សេដ្ឋកិច្ច​

នៅ​ថ្ងៃអាទិត្យ​នេះ ទីក្រុង​ហុងកុង​ទំនងជា​នឹង​ជ្រើសរើស​បេក្ខជន​ជាការ​ពេញនិយម​របស់​ទីក្រុង​ប៉េកាំង​ឲ្យ​ក្លាយជា​មេដឹកនាំ​បន្ទាប់​របស់ខ្លួន​ខណៈដែល​មនុស្ស​មួយចំនួន​បាន​និយាយថា​នឹងមាន​ការបែកបាក់​បន្ត​ទៀត​ក្នុង​ទីក្រុង​នេះ​ដែលជា​កន្លែង​ក្រុមគ្រួសារ​វណ្ណៈ​កណ្តាល​បែងចែក​គ្នា​កាន់តែខ្លាំង​ឡើង​ដោយ​សារភាព​តានតឹង​ផ្នែក​នយោបាយ​ និង​ការលំបាក​ផ្នែក​សេដ្ឋកិច្ច​។​

អតីត​អាណានិគម​អង់គ្លេស​ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង​ដោយ​គោលការណ៍ “​ប្រទេសមួយ ប្រព័ន្ធ​ពីរ​” មួយ​នេះ បាន​សន្យា​ពី​កំរិត​ខ្ពស់​នៃ​ស្វ័យភាព​ និង​សិទ្ធិ​ជ្រើសរើស​នាយក​ប្រតិបត្តិ​របស់ខ្លួន​នៅពេលដែល​វា​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ការគ្រប់គ្រង​របស់​ចិន​កុ​ម្មុយ​និ​ស្ត​នៅ​ឆ្នាំ​១៩៩៧​។​
​ប៉ុន្ដែ​នៅ​ថ្ងៃអាទិត្យ មាន​មនុស្ស​តែ​១,២០០​នាក់​ប៉ុណ្ណោះ​នៅ​គណៈកម្មាធិការ​បោះឆ្នោត​នឹងត្រូវ​បោះឆ្នោត​ឲ្យ​មេដឹកនាំ​បន្ទាប់​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អាស៊ី​មួយ​នេះ​។​

អតីតមន្ត្រី​រាជការ​ជាន់​ខ្ពស់​លោកស្រី Carrie Lam ត្រូវបាន​គេ​រំពឹងថា​នឹង​ឈ្នះ​ដោយសារតែ​ការគាំទ្រ​របស់​ទីក្រុង​ប៉េកាំង​។ អតីត​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ John Tsang ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​សំឡេងឆ្នោត​ប្រហែល​មួយ​ភាគ​បួន​។​

ខណៈដែល​ជ័យជម្នះ​របស់លោក​ស្រី Lam បានបង្ហាញ​ជា​រូបរាង​ស្ទង់ៗ​មកហើយ​នោះ ពលរដ្ឋ​ថ្នាក់កណ្តាល​មួយចំនួន ​បាន​មើលឃើញ​ពី​កង្វះ​លទ្ធិប្រជាធិបតេយ្យ​ជាថ្មី​ម្តងទៀត​ ដែល​ជំរុញ​ឲ្យ​មានការ​បែកបាក់​ខាង​នយោបាយ​ និង​ការតវ៉ា​ថ្មី​ដោយ​បន្សល់ទុក​ឲ្យ​ពួកគេ​គ្មាន​អំណាច​ក្នុងការ​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​ដូចជា​តម្លៃ​អចលនទ្រព្យ​ខ្ពស់ ​និង​វិសមភាព​កើនឡើង​។​

Nick Chung វ័យ​២៥​ឆ្នាំ​ដែល​ធ្វើការ​ផ្នែក IT បាន​និយាយថា “​អ្នក​ថ្នាក់កណ្តាល​ត្រូវបាន​ប៉ះពាល់​ដោយ​បញ្ហា​មួយចំនួន​ដូចជា នីតិរដ្ឋ ការគ្រប់គ្រង​និង​ផ្ទះសម្បែង​។ ខ្ញុំ​គិតថា វា​លែង​ជា​បញ្ហា​នៃ​ការជួយ​មនុស្ស​ថ្នាក់កណ្តាល​តែម្នាក់ឯង​ទៀតហើយ​។ វា​ជា​បញ្ហា​រចនាសម្ព័ន្ធ​”​។​

អ្នកនយោបាយ​និង​អ្នក​ខាងក្នុង​បាន​និយាយថា ការជ្រៀតជ្រែក​របស់រ​ដ្ឋា​ភិ​បាល​ទីក្រុង​ប៉េកាំង​នៅក្នុង​ការបោះឆ្នោត​នេះ​គឺជា​ការរំលោភ​លើ​ការការពារ​រដ្ឋធម្មនុញ្ញ​នៃ​ស្វ័យភាព​ទីក្រុង​នេះ​៕ Reuters