Connect with us

ព័ត៌មានជាតិ

មេ​អគ្គិសនី​ថ្មី​​ប្តេជ្ញា​លុប​បំបាត់​អ្នក​រត់ការ​ ក្រោយ​តែងតាំង​​បន្ត​ដឹកនាំ​អគ្គិសនី​កម្ពុជា

បានផុស

នៅ

លោក ប្រាំង ជលសា បាន​ប្តេជ្ញា​នឹង​បន្ត​ខិតខំ​អភិវឌ្ឍ​វិស័យ​អគ្គិសនី​កម្ពុជា​ឲ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ក្នុង​នោះ​លោក​ក៏​បាន​លើក​ពី​យុទ្ធសាស្ត្រ​មួយ​ចំនួន ក្រោយ​ទទួល​ភារកិច្ច​បន្ត​ដឹកនាំ​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា។

ថ្លែង​នៅ​ចំពោះ​មុខ​បុគ្គលិក​និង​មន្រ្តី​អគ្គិសនី​រាប់​រយ​នាក់​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា​នៅ​ព្រឹក​នេះ មេ​អគ្គិសនី​ថ្មី​ដែល​បញ្ចប់​បណ្ឌិត​ពី​ប្រទេស​បារាំង​បាន​លើក​ឡើង​ពី​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ ដើម្បី​បន្ត​ភាព​ខ្លាំង​របស់​អគ្គិសនី​កម្ពុជា។

លោក ប្រាំង ជលសា ដែលទទួល​ការតែងតាំង​ជា​អគ្គនាយកអគ្គិសនីកម្ពុជា

ដោយ​អះអាង​នឹង​ស្មោះត្រង់ តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ចម្បង​ក្នុង​ការ​បំពេញ​ការងារ លោក ប្រាំង ជលសា​ បញ្ជាក់​ថា​នឹង​បន្ត​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​ដើម្បី​បន្ត​ភាព​ខ្លាំង​របស់​អគ្គិសនី​កម្ពុជា។

ក្នុង​តួនាទី​ដែលនឹង​​ត្រូវ​ដឹកនាំ​បន្ត​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក ប្រាំង ជលសារ បាន​ថ្លែង​ថា នឹង​រក្សា​ឲ្យ​បាន​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យបាន​គ្រប់គ្រាន់ មាន​ស្ថិរភាព គុណភាព និរន្តរភាព​ជូន​ប្រជាពលរដ្ឋ​។ លោក​នឹង​ប្រឹងប្រែង​រក​យុទ្ធសាស្ត្រ​បញ្ចុះ​ថ្លៃ​អគ្គិសនី​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដោយ​ទប់ស្កាត់​ការ​កើន​ឡើងថ្លៃ​អគ្គិសនី​ទោះ​ក្នុង​កាលៈទេសៈ​លំបាក​យ៉ាងណា​ក៏​ដោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅ​ពី​ការ​បន្ត​ពង្រឹង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ឲ្យបាន​គ្រប់គ្រាន់ ប្រកប​ដោយ​និរន្តរភាព​ជូន​ប្រជា​ពលរដ្ឋ លោក​នឹង​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រភពថាមពល ដោយ​ប្រើប្រាស់​ជា​អតិបរមា​នូវ​ប្រភព​អគ្គិសនីស្អាត​កកើត​ឡើងវិញ។ ជាមួយគ្នានេះ នឹង​កាត់បន្ថយការ​ពឹងផ្អែក​ប្រភព​អគ្គិសនី​ពីក្រៅ ដោយ​ពង្រីក​ម្ចាស់ការ​នៃ​ការ​ផលិត​ថាមពល​ដោយ​ខ្លួនឯង និង​ឈាន​ទៅមាន​លទ្ធភាព​នាំចេញ។​​

មេ​អគ្គិសនី​ថ្មី​រូប​នេះក៏​លើក​ឡើង​ពី​ការ​កំណែ​កែទម្រង់​សេវាកម្ម​អគ្គិសនី តាមរយៈការ​ប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​​ទំនើប បំបាត់​ទាំងស្រុង​នូវការ​រត់ការ​ក្នុងការ​ស្នើ​សុំភ្ជាប់​ផ្គត់ផ្គង់ ដំឡើង​កម្លាំង ក៏ដូចជា​ការ​ទូទាត់​វិក្កយបត្រ​ឬទំនាក់ទំនង​ជូនដំណឹង​ជាដើម។

ជាមួយគ្នា​នេះ នឹង​បន្តពង្រីក​វិស័យអគ្គិសនី​ឲ្យកាន់តែប្រសើរឡើង ក្នុងបរិបទថ្មី​នៃ​បច្ចេកវិទ្យា​ឌីជីថល​ក្នុងការ​គ្រប់គ្រង ប្រតិបត្តិការប្រព័ន្ធអគ្គិសនី ដើម្បីកាត់បន្ថយការ​ចំណាយ​ទាំងការ​ប្រតិបត្តិ​បច្ចេកទេស ក៏ដូចជា​បែបបទ​រដ្ឋបាលនិង​អាជីវកម្ម ជួយបង្កើនប្រសិទ្ធភាពការងារ។

លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល

ថ្លែង​នៅ​ក្នុង​ពិធីប្រកាស​ចូល​កាន់​មុខ​តំណែង​អគ្គនាយក​អគ្គិសនី​កម្ពុជា លោក កែវ រតនៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល​បាន​លើក​ឡើង​ពី​ស្ថានភាព​ការ​ផ្គត់ផ្គង់​អគ្គិសនី​កម្ពុជា​កាល​ពី​ជិត ២០ ឆ្នាំ​មុន ក្នុងពេល​លោក​ដឹកនាំ​នៅ​​អគ្គិសនី​​កម្ពុជា​។

លោក​បាន​លើក​ឡើងថា នៅឆ្នាំ២០០៨ នៅ​ពេល​លោក​​ដឹកនាំ​អគ្គិសនី​កម្ពុជា ស្ថានភាព​ផ្គត់ផ្គង់អគ្គិសនី​មានភាព​លំបាកខ្លាំង​ដោយ​ផលិតចេញពីប្រេងឥន្ធនៈជាង ៩៥% មានថ្លៃដើម​ខ្ពស់ជាង​ថ្លៃលក់ ដែលជា​ឧបសគ្គក្នុងការពង្រីក ខណៈ​ប្រជាពលរដ្ឋត្រឹមតែ ១៧% មាន​អគ្គិសនី​ប្រើប្រាស់។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាង ៩០% និង​ភូមិជាង ៩៨% មាន​អគ្គិសនី​ប្រើប្រាស់​ដែល​ទទួល​ពី​បណ្តាញជាតិបាន​គ្រប់គ្រាន់ និងមានស្ថិរភាព ២៤ម៉ោង។

លោក​សង្ឃឹម​ជឿជាក់ថា អគ្គិសនី​កម្ពុជា​ក្រោម​ការ​ដឹកនាំ​​ដោយ​អគ្គនាយក​ថ្មី​នឹង​បន្ត​អភិវឌ្ឍ​អគ្គិសនី​កម្ពុជា​​តាម​រយៈ​បទពិសោធន៍​ជាអ្នកបច្ចេកទេស ក្នុងការ​ដោះស្រាយ​ការងារនានា​ទាំងបញ្ហា​ប្រឈម​បន្ទាន់ ក៏ដូចជា​​ការ​រៀបចំ​យុទ្ធសាស្រ្តវែងឆ្ងាយ ដើម្បី​នាំ​ផ្លែផ្កាក្នុងការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច ស្រប​តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

គួរ​បញ្ជាក់ថា លោក ប្រាំង ជលសា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យ​ តែងតាំង​ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។

លោក ប្រាំង ជលសា បាន​បម្រើ​ការងារ​នៅ​អគ្គិសនី​កម្ពុជាតាំង​ពី​ឆ្នាំ ១៩៩៦។ លោក​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វករអគ្គិសនីនៅវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជាសូវៀត និង​បាន​បន្តការសិក្សា​ទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និងបណ្ឌិតអគ្គិសនី​ពី​ប្រទេស​បារាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម