Connect with us

ព័ត៌មានជាតិ

សំណង់​​ថ្មីថែម​​​ទៀត ​បន្ត​សាងសង់​តាម​ដងស្ទឹងសង្កែ បំពានកា​រណែនាំ​របស់អភិបាល​ខេត្ត​

បានផុស

នៅ

សំណង់រឹងរំលោភបំពានដីមាត់ស្ទឹងសង្កែ ចាប់ផ្តើមកើតឡើងមួយករណីទៀតហើយ ក្រោយពីមានការផ្ទុះឡើងលើបណ្តាញសង្គមព្រោងព្រាត បានរិះគន់អ្នកមានលុយមានអំណាចបានសាងសង់ “រីសត” រំលោភបំពាន​ដីចំណីស្ទឹងសង្កែកាលពីពេល​កន្លងទៅនេះ។

ការរីករាលដាលសំណង់រឹងបំពានដីមាត់ស្ទឹងសង្កែជាបន្តបន្ទាប់នេះ ធ្វើឡើងក្រោយពីមានសំណង់រឹងមាំ​បំពានច្បាប់មួយបានកើតឡើង (រីសត) ដំបូងគេនៅប៉ែកខាងលើដែលជាគំរូទើបមានការសាងសង់បន្តគ្នាយ៉ាងរលូនបែបនេះ ជាហេតុធ្វើឲ្យប៉ះពាល់​ដល់សោភ័ណភាព និង​ប៉ះពាល់ក្នុងការស្តារជួសជុលច្រាំង​ស្ទឹង ក្នុង​រយះពេលណាមួយដែលត្រូវធ្វើការអភិវឌ្ឍន៍​។

បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹងយូរឆ្នាំជាច្រើនគ្រួសារ បានលើកឡើង​ដោយពួកគាត់​សុំមិនបញ្ចេញ​ឈ្មោះ​ថា “ពួកខ្ញុំបានរស់នៅយូរឆ្នាំហើយ តែពួកខ្ញុំមិនហានធ្វើបែបនេះទេ​បើទោះបីមាន​លុយ​សាងសង់​ក៏ដោយ បើ​ទោះបីមិនខ្លាចច្បាប់ ក៏ពួកខ្ញុំរអៀសខ្លួនខ្លាចខ្មាស់គេដែរ​ ព្រោះដីបែបនេះ​ជាដី​ចំណី​ស្ទឹង​ដែល​ជាសម្បត្តិរដ្ឋគួរតែចូលរួម​ជួយ​ថែរក្សាទាំងអស់គ្នា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពួកគាត់បង្ហើបឲ្យដឹងទៀតថា ការសាង​សង់ចុងក្រោយនេះគឺជាសំណង់រឹងជាលើកទី ៣ ហើយ ដែលបានបំពានលើដីចំណី​​ស្ទឹងសង្កែ ស្ថិត​ក្នុងភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ។ សំណង់នេះបានសាងសង់ឡើងអស់រយះពេលជិត ២ ខែហើយ ដោយគ្មានការហាមឃាត់ណាមួយពីមន្ត្រីជំនាញឡើយ បើទោះបីបាន​សាងសង់​រំលោភ​យក​ដី​ណីដងស្ទឹងទាំង​ស្រុង​ក៏ដោយ ក៏នៅតែមានការបុក​គ្រឹះ​​ចាក់​បេតុង​ខាងក្រោមហើយផ្នែកលើគឺគ្រោងដែកបានយ៉ាងរលូន។

លោក ម៉ិ​ល សុផល អភិបាលស្រុកឯកភ្នំបាន​បញ្ជាក់​ប្រាប់អ្នកសារព័ត៌មានថា បានដឹងអំពីសំណង់​ដែល​បាន​សាងសង់​រំលោភ​ដី​ចំណី​ស្ទឹង គ្មាន​ច្បាប់​អនុញ្ញាត​​។ លោក​បាន​ស៊ី​ញ៉េ​លើ​លិ​ខិ​ត​មួយ​ច្បាប់កាលពី​ថ្ងៃ​ទី​៣០ ខែសីហា​ ដើម្បីឲ្យម្ចាស់សំណង់ផ្អាកការសាងសង ព្រោះ​សំណង់​​រំលោភ​យក​ដី​ចំណី​ស្ទឹង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​​។ តែលោក​អភិបាលស្រុក​រូប​នេះមិន​បាន​បញ្ជាក់ថា តើ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​ត្រូវ​រុះរើ​សំណង់​នោះ​ចោល​វិញឬ​យ៉ាងណា​នោះ​ទេ។

សូមរំលឹកផងដែរថា ក្រោយពីមានករណីសាងសង់ “រីសត” រំលោភយកដីចំណីស្ទឹង ១ ករណីយ៉ាងចម្រូង​​ចម្រាស់ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបងក៏​​ចេញ​លិ​ខិ​តជូន​ដំំ​ណឹ​ង​ដល់​អាជ្ញាធរមូលដ្ឋានគ្រប់​លំដាប់ថ្នាក់ ត្រូវ​ពិនិត្យទប់ស្កាត់ និង​ត្រូវ​ប​ញ្ឈ​ប់​រាល់​ការ​សាងសង់​សំណង់​​នានាដែលបន្តរំលោភលើដីចំណីមាត់​ស្ទឹង បឹងបួរ ឬ អូរ​ព្រែក ដោយ​ខុសច្បាប់​។ ក្រោយ​ការ​ចេញ​ការ​ណែនាំ ក៏​មានការសាងសង់បន្តនៅផ្នែកខាងក្រោមរហូតដល់ ២ ករណីបន្ថែមទៀត ធ្វើឲ្យពលរដ្ឋ​និងមហាជនបន្តការរិះគន់លើករណីដដែលៗនេះតគ្នាដូចសត្វខ្យង។

ការបន្តសាងសង់សំណង់រឹងបំពានលើដីចំណីស្ទឹងនេះ បានកើតឡើង ២ ករណីបន្ថែមទៀតបន្ទាប់ពីសំណង់រឹង ប្រភេទ​”រីសត”។ ក្រោយមកក៏មានការសាងសង់សំណង់កម្ពស់បីជាន់បានសាងសង់លើចំណីស្ទឹងស្ថិតនៅភូមិថ្កូវ សង្កាត់ក្តុល ដូនទាវ ក្រុងបាត់ដំបង ហើយក៏ត្រូវបានលោកអភិបាលក្រុងចេញសេចក្តីជូនដំណឹងឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន ។ ចំណែកករណី​ទី២ បានសាងសង់សំណង់រឹងស្ថិតនៅក្នុងភូមិ​ខ្វិត ឃុំ​ព្រែក​ខ្ពប ស្រុក​ឯក​ភ្នំ ហើយលោកអភិបាលស្រុក​ឯកភ្នំក៏បាន​ចេញសេចក្តីជូនដំណឹងឲ្យផ្អាកការសាងសង់ផងដែរ។

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម