Connect with us

ព័ត៌មានជាតិ

​យល់ដឹង! ចំណូល​ពន្ធដារ​បែងចែកជា ១៤ ប្រភេទ​ផ្សេង​គ្នា

បានផុស

នៅ

ពន្ធដារ​ជា​ប្រភព​ចំណូល​បាន​មក​ពី​ផលិតកម្ម​ក្នុងស្រុក។ ​រូបវន្តបុគ្គលនិង​នីតិបុគ្គល​​មាន​​កាតព្វកិច្ច​ចូលរួម​បង់​ពន្ធ​ជូន​រដ្ឋ ក្រោម​រូបភាព​ជា​ចំណូល​ជាតិ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើការ​បែងចែក​សម្រាប់​បម្រើ​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំងមូល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​បែងចែក​ចំណូល​​​ពន្ធដារ​​ជា ១៤ ប្រភេទ​ផ្សេង​គ្នា។

ពន្ធ​លើ​ប្រាក់​ចំណូល

ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​បាន​កំណត់​លើ​អ្នកជាប់ពន្ធ​និវាសនជន ចំពោះ​ប្រាក់​ចំណូល​ប្រភព​កម្ពុជា និង​ប្រាក់ចំណូល​ប្រភព​បរទេស។ សម្រាប់​អ្នក​ជាប់​ពន្ធ​អនិវាសនជន ពន្ធ​លើ​ប្រាក់​ចំណូល​កំណត់​តែ​លើ​ប្រាក់​ចំណូល​ប្រភព​កម្ពុជា​ប៉ុណ្ណោះ។

ពន្ធ​លើ​ចំណេញ​មូលធន

ពន្ធ​លើ​ចំណេញ​មូលធន បាន​ពី​ការ​លក់​ឬ​ផ្ទេរ​៖

-មូលធន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​និង​នៅ​បរទេស​ចំពោះ​រូបវន្ត​បុគ្គល​និវាសនជន​
-មូលធន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះ​រូបវន្តបុគ្គល​និង​នីតិបុគ្គល​អនិវាសនជន។

មូលធន​រួមមាន៖ អចលនទ្រព្យ ភតិសន្យា ទ្រព្យ​វិនិយោគ កេរ្តិ៍ឈ្មោះ​អាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយវត្ថុ​បរទេស។

ពន្ធ​លើ​អចលនទ្រព្យ

ពន្ធលើ​អចលនទ្រព្យ​ គឺជា​ប្រភេទ​ពន្ធប្រចាំឆ្នាំ។ ពន្ធ​នេះ​ប្រមូល​ចំពោះ​អចលនទ្រព្យ​ដែល​មាន​តម្លៃ​លើស​ពី​ ១០០​លាន​រៀល និង​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​រដ្ឋបាល​រាជធានី និង​រដ្ឋបាល​ក្រុង​នៃ​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ពន្ធនេះ​ជាប្រភេទពន្ធ​ស្វ័យប្រកាស ដែល​តម្រូវ​ឱ្យកម្មសិទ្ធិករ​ឬអ្នកកាន់កាប់ ឬអ្នកទទួល​ផល​ប្រយោជន៍​ចុង​ក្រោយ ត្រូវមក​ចុះបញ្ជី​អចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាព​ព័ត៌មាន​អចលនទ្រព្យ និង​ដាក់​លិខិត​ប្រកាស​បង់ពន្ធនៅ​អគ្គនាយកដ្ឋានពន្ធដារ ឬសាខា​ពន្ធដារខេត្ត-ខណ្ឌ​ដែល​អចលនទ្រព្យ​ស្ថិតនៅ។

ការ​ប្រមូល​ពន្ធ​លើ​អចលនទ្រព្យ គឺ​សម្រាប់​ជា​ផល​ប្រយោជន៍​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

អាករ​បំភ្លឺ​សាធារណៈ

អាករ​សម្រាប់​បំភ្លឺ​សាធារណៈ​ត្រូវបាន​កំណត់​តាម​អត្រា ៣% លើ​ការ​ផ្គត់ផ្គង់​គ្រប់​ដំណាក់កាល​នូវ​សុរាមេរ័យ និង​បារី។ អ្នកជាប់ពន្ធ​ដែល​ធ្វើការផ្គត់ផ្គង់​ផលិតផល​ទាំងនេះ​ត្រូវ​ទទួលខុស​ត្រូវ​ក្នុងការ​បង់​ប្រាក់​អាករនេះ ជូន​រដ្ឋបាល​សារពើពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃ​ខែ​បន្ទាប់​ពី​ខែ​ដែល​មាន​ការ​ផ្គត់ផ្គង់។

ពន្ធលើមធ្យោបាយ​ដឹកជញ្ជូន

ពន្ធលើ​មធ្យោបាយដឹកជញ្ជូន គឺជាពន្ធ​ប្រចាំឆ្នាំ។ ពន្ធនេះប្រមូល​ចំពោះមធ្យោ​បាយ​ដឹកជញ្ជូន ដូចជា រថយន្ត​ទេសចរណ៍ រថយន្ត​ដឹកទំនិញ រថយន្តដឹក​អ្នកដំណើរ រ៉ឺម៉ក​សណ្ដោង ជលយាន ឬជល​យានយន្ត (លើសពី១៥០ សេះ) ទាំង​ផ្លូវទន្លេ និងសមុទ្រ។ ពន្ធនេះ​គឺជា​ពន្ធផ្ទាល់ សម្រាប់​ជា​គុណ​ប្រយោជន៍​ដល់​ថវិកា​ថ្នាក់​ក្រោម​ជាតិ។

ពន្ធនេះ​ជាពន្ធ​ស្វ័យប្រកាស ដែល​តម្រូវឱ្យ​កម្មសិទ្ធិករ ឬ​អ្នកកាន់កាប់​មធ្យោបាយ​ដឹកជញ្ជូន ត្រូវមក​ចុះបញ្ជី និងដាក់​លិខិត​ប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែ​វិច្ឆិកា នៃ​ឆ្នាំ​ជាប់​ពន្ធ​នីមួយៗ នៅ​អគ្គនាយកដា្ឋន​ពន្ធដារ ឬសាខាពន្ធដារ​ខេត្ត-ខណ្ឌ ឬធនាគារ​ដៃគូជាមួយ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

កម្មសិទ្ធិករ​ក៏អាច​ប្រកាស​បង់ប្រាក់ពន្ធ តាមរយៈទូរស័ព្ទ​ដៃក្នុងកម្មវិធី GDT Taxpayer App ដែល​អាច​ទាញ​យក​បានពី App Store ឬ Play Store។

អាករ​ស្នាក់នៅ

អាករ​លើការស្នាក់​ត្រូវបាន​កំណត់​តាម​អត្រា ២% លើ​ការស្នាក់​នៅក្នុងសណ្ឋាគារ ផ្ទះសំណាក់ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ អ្នក​ជាប់ពន្ធដែល​ធ្វើការ​ផ្គត់ផ្គង់​សេវា​ស្នាក់នៅ​ត្រូវទទួលខុសត្រូវ​ក្នុង​ការ​បង់​ប្រាក់​អាករ​នេះជូនរដ្ឋបាលសារពើពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែ​បន្ទាប់​ពីខែ​ដែល​មាន​ការ​ផ្គត់ផ្គង់។

ពន្ធលើ​ដីធ្លីមិនបាន​ប្រើប្រាស់

ពន្ធ​លើដីធ្លីមិន​បានប្រើប្រាស់ គឺជា​ប្រភេទពន្ធ​ប្រចាំឆ្នាំ។ ពន្ធនេះ​កំណត់លើ​ដីដែល​គ្មានសំណង់ និង​ដី​ដែល​មាន​សំណង់​បោះបង់​ស្ថិតក្នុង​ទីក្រុងនានា និង​ក្នុង​តំបន់​ទាំងឡាយ​ដែល​កំណត់​ដោយ​គណៈកម្មការ​វាយ​តម្លៃដីធ្លីមិន​បានប្រើប្រាស់។

​ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់មាន​គោលបំណង​ដើម្បី៖

-ទប់ស្កាត់រាល់រូបភាព​ទិញដីទុក​មិន​ប្រើប្រាស់ រង់ចាំ​ពេលឡើងថ្លៃលក់យកកម្រៃលើស។
-ជំរុញការប្រើប្រាស់​ដីធ្លីឱ្យ​បានសមស្រប​និង​មានការអភិវឌ្ឍ​
-បង្កើន​សកម្មភាព​សេដ្ឋកិច្ច​និងកម្លាំងការងារ
-រួមចំណែក​ដល់ប្រយោជន៍​ដល់​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោមជាតិ។

ពន្ធនេះ​ជាប្រភេទ​ពន្ធស្វ័យប្រកាស ដែល​តម្រូវឱ្យ​កម្មសិទ្ធិករ​នៃដី​ជាប់ពន្ធនិង​​អ្នកជួល​ដីពីរដ្ឋ​​ត្រូវ​មក​ចុះ​បញ្ជី និង​ដាក់​លិខិត​ប្រកាស​បង់​ពន្ធ​លើ​ដីធ្លី​មិនបាន​ប្រើប្រាស់​​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ ចំពោះ​ដី​ដែល​ស្ថិត​នៅ​រាជធានី​ភ្នំពេញ​និង​នៅ​ខេត្ត​​ឬនៅ​សាខាពន្ធដារខេត្ត​ដែលដីនោះស្ថិតនៅ។

ពន្ធប្រថាប់ត្រា

ពន្ធប្រថាប់ត្រា គឺជាប្រភេទពន្ធដែលកំណត់លើ៖

-ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យក្នុងក្រុមហ៊ុន
-ការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់មធ្យោបាយដឹកជញ្ជូនឬយានយន្តគ្រប់ប្រភេទ
-ការផ្ទេរចំណែកណាមួយ ឬទាំងស្រុងនៃភាគហ៊ុនរបស់ក្រុមហ៊ុន
-កិច្ចសន្យាផ្គត់ផ្គង់ទំនិញឬសេវា ដែលប្រើប្រាស់ថវិការដ្ឋ
-លិខិតមានលក្ខណៈគតិយុត្ត ដូចជា ការរំលាយក្រុមហ៊ុនបញ្ចូលគ្នា និងលិខិតស្តីពីការបិទក្រុមហ៊ុន

ពន្ធនេះ​ត្រូវបានបង្កើត​ដើម្បី​ជាគុណ​ប្រយោជន៍​ដល់​ថវិការដ្ឋបាល​ថ្នាក់​ក្រោមជាតិ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន។ ប្រភេទ​ពន្ធនេះ​ត្រូវប្រមូលពីអ្នកទទួល​សិទ្ធិកាន់កាប់។

ពន្ធប្រថាប់ត្រា ដែលប្រជាពលរដ្ឋ​ទូទៅតែងតែ​ជួបប្រទះ​ញឹកញាប់​ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ។ អ្នកជាប់ពន្ធ​មានកាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធប្រថាប់ត្រា​ឱ្យបានគ្រប់ក្នុង​រយៈពេល ៣ ខែ បន្ទាប់​ពី​កាល​បរិច្ឆេទ​​នៃ “ដីកាបញ្ជូន” ។

ពន្ធលើ​ថ្លៃឈ្នួល​អចលនទ្រព្យ

ពន្ធលើថ្លៃឈ្នួលអចលនទ្រព្យ ត្រូវបានកំណត់​យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖

-អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យជាដើម
-យន្តូបករណ៍​ដែលជាប់ជាមួយ​គ្រឹះស្ថានឧស្សាហ៍កម្ម
-ឋាបនភ័ណ្ឌ​ពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗ​ដែលដាក់​ធាតុរាវ​ឬផលិតផល​ផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
-ផ្ទះ​បណ្ដែតទឹក កប៉ាល់​សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បី​ប្រកបអាជីវកម្ម​ផ្សេងៗ
-ដីធ្លី​ដែល​គ្មាន​សំណង់ ដោយ​រាប់បញ្ចូលទាំងកន្លែងយកថ្ម យក​រ៉ែ ធ្យូងថ្ម បឹង​បួរ​ឬ​ស្រែអំបិល។

ពន្ធនេះ​ត្រូវប្រមូល​ពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើ​ករណី​អ្នកជួល​ជា​សហគ្រាស​បាន​ចុះ​បញ្ជី​ពន្ធដារ​ក្នុងរបប​ស្វ័យប្រកាស ប្រាក់​ឈ្នូល​នេះត្រូវ​បាន​បង្វែរមក​គិតពន្ធ​នឹង​បង់​តាមវិធាន​ពន្ធកាត់ទុក​ទូទៅវិញក្នុងអត្រា ១០%។

ពន្ធ​នេះ​មិនត្រូវ​អនុវត្តទេចំពោះ​កម្មសិទ្ធករ ឬ​សិទ្ធវន្តរបស់កម្មសិទ្ធករ ដែល​បាន​ប្រកាស​ចំណូល​ប្រាក់ឈ្នួល​គិត​បញ្ចូល​ជាប់ពន្ធ​លើ​ប្រាក់​ចំណូល​តាម​របបស្វ័យប្រកាស។

ពន្ធប៉ាតង់

ពន្ធប៉ាតង់​ជាពន្ធកំណត់​លើ​ផល​របរ​សរុប​ប្រចាំឆ្នាំ​ដែល​ត្រូវបង់​ក្នុងអំឡុង​ពេលចាប់ពីថ្ងៃទី ០១ ខែ​មករា ដល់​ថ្ងៃទី ៣១ ខែមីនា ជា​រៀងរាល់ឆ្នាំ។

អ្នកជាប់ពន្ធ​ដែល​ទើប​ចាប់ផ្តើម​ប្រកប​អាជីវកម្មត្រូវបង់​ពន្ធប៉ាតង់​ពេញ​មួយឆ្នាំ ប្រសិនបើ​ចាប់ផ្តើម​ប្រកប​អាជីវកម្ម​ក្នុងរយៈពេល ៦ ខែ ដើម​ឆ្នាំ ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិន​បើ​ចាប់ផ្តើម​ប្រកប​អាជីវកម្មក្នុងរយៈពេល ៦ ខែ​ចុងឆ្នាំ។ អ្នកជាប់ពន្ធ​ដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់​មុខរបរ​អាជីវកម្ម​តែ​មួយនៅ​ក្នុងខេត្ត/ក្រុង​តែមួយ​មិនចាំបាច់​បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែ​បើមាន​មុខរបរ​អាជីវកម្មខុសៗគ្នា​ឬស្ថិតនៅក្នុងខេត្ត/ក្រុងផ្សេងគ្នា ត្រូវ​បង់ពន្ធ​ប៉ាតង់ទៅ​តាម​​មុខ​របរ​នីមួយៗ​និង​ទៅតាម​ខេត្ត/ក្រុងដោយឡែកៗពីគ្នា។ អ្នកជាប់ពន្ធត្រូវដាក់តាំងឬព្យួរ​ប័ណ្ណប៉ាតង់​នៅ​ទីកន្លែង​ប្រកបអាជីវកម្ម​ជាគោលដើមរបស់ខ្លួន។

អាករលើតម្លៃបន្ថែម

អ្នកជាប់ពន្ធតាម​របបស្វ័យ​ប្រកាស​ដែលធ្វើការ​ផ្គត់ផ្គង់​ជាប់អាករ ត្រូវមាន​កាតព្វកិច្ច​ចុះបញ្ជី​អាករ​លើ​តម្លៃ​បន្ថែម និង​ប្រមូល​អាករលើ​តម្លៃបន្ថែម​លើការ​ផ្គត់ផ្គង់​ទំនិញឬ​សេវា​ឱ្យ​អតិថិជន។

ទំនិញសំដៅដល់ទ្រព្យរូបី​ក្រៅពីដីធ្លីនិងប្រាក់កាស។ រីឯសេវា​សំដៅ​ដល់ការផ្តល់​អ្វីមួយដែល​មាន​តម្លៃ ក្រៅ​ពីទំនិញ​ដីធ្លី និងប្រាក់កាស។

ការផ្គត់ផ្គង់ជាប់​អាករសំដៅដល់៖

-ការផ្គត់ផ្គង់​ទំនិញឬសេវា​ដោយបុគ្គល​ជាប់អាករ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា
-ការ​ដក​យកទំនិញមក​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដោយបុគ្គល​ជាប់អាករ
-ការ​ផ្តល់ជា​អំណោយ​ឬការ​ផ្គត់ផ្គង់​ក្រោម​តម្លៃពិត នូវ​ទំនិញឬសេវា​ដោយ​បុគ្គល​ជាប់អាករ
-ការនាំចូល​ទំនិញ​មកក្នុងតំបន់ត្រួតពិនិត្យគយ​នៃព្រះរាជាណាចក្រកម្ពុជា។

ពន្ធកាត់ទុក

ពន្ធកាត់ទុកទូទៅត្រូវបានកំណត់លើ​អ្នកជាប់ពន្ធនិវាសនជន​ដែលប្រកបអាជីវកម្ម ​បានធ្វើការទូទាត់​ជាសាច់ប្រាក់ឬជាវត្ថុ​ឱ្យដល់​អ្នកជាប់ពន្ធ​និវាសនជន ត្រូវកាត់ទុក​និងបង់ប្រាក់ពន្ធទៅតាមអត្រា​កំណត់។

ពន្ធ​អប្បបរមា

ពន្ធអប្បបរមាជាពន្ធមួយដាច់ដោយឡែកនិងផ្សេងៗពី​ពន្ធលើ​ប្រាក់ចំណេញ។ ពន្ធ​នេះ​ត្រូវ​បង់​ដោយ​អ្នកជាប់ពន្ធតាម​របប​ស្វ័យប្រកាស​ លើកលែង​តែគម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​តាម​អត្រា ១ ភាគរយលើ​ផលរបរប្រចាំឆ្នាំ​រួមបញ្ជូលទាំង​ពន្ធអាករនានា​វៀរលែង​តែអាករ​លើ​តម្លៃបន្ថែម។ ពន្ធនេះត្រូវបង់​នៅពេលទូទាត់​ពន្ធលើប្រាក់ចំណេញ​ប្រចាំឆ្នាំ ហើយ​អាចត្រូវបាន​កាត់​បន្ថយ​ដោយពន្ធ​លើប្រាក់ចំណេញប្រចាំឆ្នាំ។

ពន្ធលើប្រាក់បៀវត្ស

ពន្ធលើ​ប្រាក់​បៀវត្ស គឺជា​ពន្ធប្រចាំខែ​កំណត់​លើ​ប្រាក់បៀវត្ស​ដែល​រូបវន្ត​បុគ្គល​បាន​ទទួល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការបំពេញ​សកម្មភាព​បំរើការងារ។ រូបវន្ត​បុគ្គលនិវាសនជន​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ​ត្រូវជាប់​ពន្ធ​លើ​ប្រាក់បៀវត្ស​ចំពោះ​ប្រាក់បៀវត្ស​ប្រភពកម្ពុជា ​និងប្រាក់បៀវត្សប្រភពបរទេស។

រូបវន្ត​អនិវាសនជន​ត្រូវជាប់ពន្ធលើប្រាក់បៀវត្ស​ចំពោះ​ប្រាក់បៀវត្សប្រភពកម្ពុជា។ សហគ្រាស​ដែល​ជា​និយោជកត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេល​បើក​ប្រាក់បៀវត្សឱ្យដល់​និយោជិត ​និង​បង់ប្រាក់ពន្ធនេះ​ជូនរដ្ឋបាល សារពើពន្ធ​យ៉ាងយឺតបំផុត​នៅថ្ងៃទី ២០ នៃខែ​បន្ទាប់ ពី​ខែ​ដែល​ប្រាក់បៀវត្សត្រូវបានបើក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ក្រសួង​ការងារ​ប្រមូល​ធាតុ​ចូល​ពី​អង្គការ​អន្តរជាតិ ដើម្បី​រៀបចំ​ទារកដ្ឋាន​សហគម​ន៍ស​ម្រា​ប់​កម្មករ​ឱ្យមាន​ស្តង់ដារ​អន្តរជាតិ

ព័ត៌មានជាតិ២១ នាទី មុន

អាជ្ញាធរ​រាជធានី​បំពេញ​តួនាទី​-​ភារកិច្ច បាន​​យ៉ាង​ល្អ​ប្រសើរ​ ដើម្បី​ថែរក្សា​ស្ថិរភាព​នយោបាយ សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ

ព័ត៌មានជាតិ៥៥ នាទី មុន

លោក នេ​ត ភ​ត្ត្រា​៖ ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន គឺជា​កិច្ចការ​អាទិភាព​ចម្បង​ក្នុងចំណោម​បេសកកម្ម​សំខាន់ៗ​របស់​ក្រសួង​ព័ត៌មាន​អាណត្តិ​ទី​៧

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​សុខាភិបាល​​​ខេត្ត​ក្រចេះ​៖ មនុស្ស​​១៦​នាក់​​ធ្លាក់​ខ្លួន​​ដោយសារ បរិភោគ​នំ​បញ្ចុក​មិន​​មាន​អនាម័យ​

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាល​កម្ពុជា សហការ​ជាមួយ​នគរបាល​កូរ៉េ ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ មាន​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម