ព័ត៍មានទាន់​ហេតុការណ៏
Search

កំពុង​ស្ទះ​ចរាចរ​ ​ ស្រាប់តែ​ផ្អើល​ឈុល ​ព្រោះ​ឃើញ​យក្ស​ល្ខោន​ជាប់​គាំង​លើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី

​ភ្នំ​ពេ​ញ ៖ ​ពីដំបូង​ឡើយ​អ្នកដំណើរ​នាំគ្នា​រអ៊ូរទាំ ​ព្រោះតែ​ខក​ដំណើរ​លើ​កំណាត់​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​នាំគ្នា​ផ្អើល​ឈុ​ល​ ព្រោះ​ក្រឡេក​ទៅ​ឃើញ​យក្ស​ល្ខោន​ ដែល​កំពុង​រុញ​រទេះ​លក់​លៀស​ហាល​ក៏​ជាប់​នៅ​ទី​នោះដែរ​ ធ្វើ​ឲ្យ​ម្នាក់ៗ​នឹក​ហួសចិត្ត​ និង​បន្ថយ​អារម្មណ៍​ទៅវិញ ​ព្រោះ​គេច​ង់​និយាយថា​ កុំថាឡើយ​តែ​អ្នក​ដំណើរ ​សូម្បីតែ​យក្ស​ល្ខោន​ក៏​ស្ទះចរាចរណ៍ធ្វើមុខស្អុយ​ប៉ែ​។

​ការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលា​ម៉ោង​១០​ និង​១០​នាទី ​ព្រឹក​ថ្ងៃទី​៣១ ​ខែមីនា ​ឆ្នាំ​២០១៧​ នៅ​ចំណុច​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​១​ រហូតមកដល់​ស្ពាន​អាកាស​ក្បាលថ្នល់ ​និង​ផ្លូវ​ខ្វាត់ខ្វែង​ ឆ្លងកាត់​ចំណុចប្រសព្វ​ខាងលើ​ ដោយបាន​កកស្ទះ​ចរាចរ​​យ៉ាងខ្លាំង​មិន​ធ្លាប់មាន ​បើ​ទោះបីជា​សមត្ថ​កិច្ចខិតខំ​ប្រើប្រាស់​កម្លាំងយ៉ាងច្រើន​ ក៏​មិន​អាច​ឲ្យ​ការ​ធ្វើចរាចរបាន​ថយចុះ​ឡើយ​។

​អ្វីដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​បន្ធូរ​អារម្មណ៍​បាន​ច្រើន ​គឺ​គេ​ប្រទះឃើញ​បុរស​ម្នាក់​ស្លៀកពាក់ជា​យក្ស​ល្ខោន​ កំពុង​ឈរ​នៅ​ស្ងៀម​ ស្ថិតនៅ​​កណ្តាលចំណោម​មនុស្ស​យ៉ាង​ណែនណាន់តាន់តាប់ ​ដោយ​​យក្ស​នោះ​ដៃ​កាន់​រទេះ​លក់​លៀស​ហាល​ ដោយមាន​បំណង​ឆ្លង​មក​លក់​នៅ​ផ្សារ​ច្បារអំពៅ​។

​ប្អូនប្រុស ​មិន ពិន ក្នុង​វ័យ​៣៥ឆ្នាំ មាន​ស្រុកកំណើត​ឃុំពោធិ​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ មាន​អាជីព​ជា​អ្នកដើរតួ​យក្ស​ ក្នុង​វង់​ល្ខោនបាសាក់​ប្រចាំ​ស្រុក​ត្របែក ​បាន​និយាយថា​ សព្វថ្ងៃនេះដោយសារតែ​វង់​ល្ខោន​របស់​ប្អូន ​មិនសូវមាន​គេ​ជួល​ឲ្យ​ទៅ​សម្ដែង​ ធ្វើ​ឲ្យ​ក្រុម​របស់​ប្អូន​ត្រូវ​នាំគ្នា​ចេញ​រក​ស៊ី​តាម​ជំ​នា​ញ​រៀងៗខ្លួន។ ​ដោយឡែក​រូប​ប្អូន​ក៏​សម្រេចចិត្ត​យក​សម្លៀក​បំ​ពាក់​តួ​យក្ស​ មក​ស្លៀក​រួច​ដើរ​លក់​លៀស​ហាល​តាមរយៈ​រទេះរុញ​ ដើម្បី​បានកម្រៃចិញ្ចឹម​គ្រួ​សារ បើ​ពឹងផ្អែក​តែ​ទៅលើ​ល្ខោន​នោះ ​គឺ​ច្បាស់​ជា​ដាច់បាយ​។

​មុខរបរ​លក់​លៀស​ហា​ល ​ថ្វី​ត្បិត​តែ​ហត់នឿយ ​ហើយ​នៅក្រោម​កម្ដៅ​ក្តៅ​ក៏ពិតមែន​ តែ​បាន​កម្រៃ​ច្រើន ​ដោយ​ក្នុង​១​ថ្ងៃ​រកបាន​ប្រាក់​ពី​១០​ទៅ​១៥ម៉ឺន​រៀល​។ ប្រាក់ចំណូល​បាន​ច្រើន​លើស​អ្នកលក់​លៀស​ហាល​ដទៃទៀត​ គឺ​ដោយសារតែ​អ្នកទិញ​ ឲ្យ​ប្អូន​សម្ដែង​ល្ខោន​ និង​បញ្ចេញ​សំឡេង​ខ្លាំង​ជា​តួយក្ស​ ចំណែក​ភ្ញៀវ​ខ្លះ​ជា​ជនបរទេស​ ដែល​ពុំសូវ​ធ្លាប់​ឃើញ​ បាន​ឲ្យ​ប្អូន​សម្ដែង​ហក់លោត​ ដើម្បី​ពួកគេ​ថត​យកទៅ​ទុក​មើល​ ដោយ​ឲ្យកម្រៃលើសពី​តម្លៃលៀស ​រហូតដល់​១០​ទៅ​២០​ដុល្លារ​ឯណោះ​។

​ប្អូនប្រុស​បន្តថា​ តួយក្ស​ក្នុង​១រោងបាន​តម្លៃ​១៥ម៉ឺ​ន​រៀល​ប៉ុណ្ណោះ ​ប៉ុន្តែ​មិនបាន​ជាប្រចាំ​ទេ​ ដោយ​ក្នុងអំឡុងពេល​ពី​២​ ទៅ​៣​ខែ​ទើប​គេ​ជួល​ឲ្យ​លេង​ម្តង​៕​
​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114