Connect with us

កីឡា

កម្ពុជាខ្វះកីឡាការិនីបាល់ទាត់បង្ខំ​ចិត្តដកខ្លួនពីការប្រកួតកីឡាទ្វីបអាស៊ី

បានផុស

នៅ

កម្ពុជា​បាន​សម្រេច​ដក​​ក្រុម​​កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិ​​ពី​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២៣ នៅ​ប្រទេស​ចិន​ដែល​នឹង​ចាប់​ផ្តើមពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដល់​ទី​៨ ខែ​តុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ចិត្ត​ដក​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​​នេះ​​ដោយសារ​​​សហព័ន្ធ​មិន​មាន​កីឡាការិនី​​​គ្រប់​គ្រាន់​សម្រាប់​ការ​ចូល​រួម​ប្រកួត។ លោក កែវ សារ៉េត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ផ្ញើ​លិខិត​ទៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ដោយ​បាន​បញ្ជាក់​ថា សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ពិបាក​​​ស្វែង​រក​កីឡាការិនី​​ដែល​មាន​សក្តានុពល​សម្រាប់​ការ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី​ លើក​ទី​១៩ នៅ​ប្រទេស​ចិន។ ដូច្នេះ​សហព័ន្ធ​ពុំ​មាន​លទ្ធភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​ក្រុម​កីឡាការិនី​ដើម្បី​បញ្ជូន​ទៅ​ហ្វឹក​ហាត់ និង​ចូល​រួម​ប្រកួត​​​បាន​ឡើយ។

ក្រុម​បាល់ទាត់​នារី​កម្ពុជា​ត្រូវ​បាន​ប្រមូល​ផ្តុំ​ហ្វឹក​ហាត់​នៅ​ប្រទេស​ចិន​កាល​ពី​​ដើម​ឆ្នាំ​២០២៣​​ដើម្បី​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣។ ក្នុង​នោះ​មាន​កីឡាការិនី​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ពីរ​បី​នាក់​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ដើម្បី​ស៊ីហ្គេម។

ក្រុម​នារី​កម្ពុជា​ធ្វើ​បាន​ល្អ​ដោយ​បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូង​ក្នុង​ការ​ឡើង​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​កីឡា​ស៊ីហ្គេម​លើក​ទី​៣២ ដោយ​បាន​យក​ឈ្នះ​ឡាវ ២-០ និង​ឈ្នះ​សិង្ហបុរី ១-០ ប៉ុន្តែ​ចាញ់​ថៃ ០-៣ ក្នុង​វគ្គសន្សំ​ពិន្ទុ​ក្នុង​ពូល។ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​កម្ពុជាចាញ់​វៀតណាម ០-៤ និង​បន្ត​ចាញ់​ថៃ ០-៦ សម្រាប់​ការ​ប្រកួត​ដណ្តើម​មេដាយ​សំរិទ្ធ។

បន្ទាប់​មក ក្រុម​កីឡាការិនី​បាល់ទាត់​កម្ពុជា​បាន​រំសាយ​​ដោយ​កីឡាការិនី​ខ្លះ​​ចេញ​ទៅ​ក្រៅ​ប្រទេស​វិញ កីឡាការិនី​ខ្លះ​ជាប់​រវល់​ការ​សិក្សា ស្រប​ពេល​​​​លីគ​បាល់ទាត់​នារី​កម្ពុជា​មិនទាន់​មាន ដូច្នេះ​​​ជា​ហេតុ​ធ្វើ​ឲ្យ​សហព័ន្ធ​មិន​អាច​ស្វែង​រក​កីឡាការិនី​ត្រៀម​ទៅ​​ប្រកួត​កីឡា​ទ្វីប​អាស៊ី​បាន​ឡើយ។

សូម​បញ្ជាក់​ថា ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​សម្រាប់​វិញ្ញាសា​បាល់ទាត់​នារី​នៅ​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ក្រុម​បាល់ទាត់​នារី​កម្ពុជា​ស្ថិត​នៅ​ពូល C ជា​មួយ កូរ៉េ​ខាង​ជើង និង សិង្ហបុរី ដែល​កម្ពុជា​ធ្លាប់​ឈ្នះ​នៅ​ស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម