ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រឡាយ​ព្រែក​បារាំង​ពី​ទឹក​ស្អុយ​ព្រៃ​ស៊ុបទ្រុប​ប្រែក្លាយ​ជា​ផ្លូវ​បេតុង​ធំ​ទូលាយ​និង​មាន​ភ្លើង​ភ្លឺ

ភ្នំពេញ ​៖ ​ប្រឡាយ​ព្រែក​បារាំង​ស្ថិត​ក្នុង​ភូមិសាស្ត្រ​សង្កាត់​ចំនួន​៣​ ក្នុង​ខណ្ឌ​ច្បារអំពៅ ​ដែល​ពីមុន​ពោរពេញ​ដោយ​សំរាម ព្រៃ និង​មូស ប្រហែលជា​មិន​មាន​​នរណា​ម្នាក់​ធ្លាប់​ស្រមៃ​ថា​នឹង​ក្លាយ​ជា​ផ្លូវ​បេតុង​ធំ​ទូលាយ​មាន​ ភ្លើង​បំភ្លឺ​ព្រោងព្រាត​សោះឡើយ។

ប៉ុន្តែ​អ្វីដែល​យើង​នឹកស្មាន​មិន​ដល់​នេះ​ វា​បាន​ក្លាយ​ជា​ការ​ពិតហើយ ក្រោម​គំនិត​ និង​ការដឹកនាំ​របស់​លោក​ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ដោយ​បាន​អភិវឌ្ឍ​​​ប្រឡាយ​ទឹក​ស្អុយ​មួយ​នេះ​ ទៅជា​ផ្លូវ​បេតុង​រឹងមាំ ធំ​ទូលាយ​បំពាក់​ដោយ​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ ដោយ​ឆ្លងកាត់​សង្កាត់​ចំនួន​៣ គឺ​សង្កាត់​ច្បារអំពៅ​ទី​១ សង្កាត់​ព្រែកប្រា​ និង​សង្កាត់​និរោធ។

មន្ត្រី​ជំនាញ​របស់​រដ្ឋបាល​រាជធានី​បាន​និយាយ​ថា​ ប៉ុន្មាន​ខែ​នេះ យើង​បាន​រៀបចំ​ប្រឡាយ​ព្រែក​បារាំង​(​ខណ្ឌ​ច្បារអំពៅ​) ទៅជា​ផ្លូវ​បេតុង ទទឹង​ប្រវែង ១៦​ម៉ែត្រ ដែល​ជំហាន​ទី​១​នេះ​ចាប់ពី​ផ្លូវ​៣៦៩ (​មាត់ទន្លេ​) ដល់​ផ្លូវ​ប្រជុំ​វង្ស មាន​ប្រវែង​៩១៦​ម៉ែត្រ សម្រេច​បាន​១០០%។ បច្ចុប្បន្ន​ប្រជាពលរដ្ឋ​បាន​ស្រុះស្រួល​គ្នា ឲ្យ​បន្ត​ជំហាន​ទី​២ ពី​ផ្លូវ​ប្រជុំ​វង្ស ទៅដល់​សាលា​គុយបា​ទៀត មាន​ប្រវែង ៣៥១​ម៉ែត្រ ដាក់​លូ​ទំហំ​ធំ​បាន ១០០​ម៉ែត្រ នៅសល់​ជាង ២០០​ម៉ែត្រ​ទៀត ដែល​ការដ្ឋាន​នេះ​នឹង​សម្រេច​នៅ​ក្នុង​ខែ​មេសា​នេះ។

បងប្អូន​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​នេះ ​សប្បាយរីករាយ គាត់​ថា ​ដូច​រើស​បាន​កំណប់​ទាំង​ថ្ងៃ ហើយ​បាន​ដាក់​រហស្សនាម​ផ្លូវ​នេះ​ថា​ជា ផ្លូវ​តាវង្ស​ព្រែក​បារាំង។

ក្នុង​ឱកាស​ចុះ​មើលផ្លូវ​នោះ ​លោក​អភិបាល​រាជធានី​មាន​សង្ឃឹម​ថា បងប្អូន​តាម​ទីតាំង​ប៉ះពាល់​ផ្សេងៗ​ទៀត ជឿជាក់ និង​ទុកចិត្ត​ជាមួយ​យើង ពិសេស​ទំនាក់ទំនង​ជា​មួយ​លោក និង​លោកស្រី​ចៅសង្កាត់​របស់​បងប្អូន​ឲ្យ​បាន​ល្អ ដើម្បី​ចូលរួម​ទទួល​ផល​ពី​ការ​អភិវឌ្ឍ​ ដោយ​សប្បាយរីករាយ​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684