Connect with us

KPT+

ប្រលោមលោកដំបូងបែបប្រវត្តិសាស្ត្រពាក់ព័ន្ធអតីតរាជធានីកោះកេរ ប្រើពេលផលិត ៨ឆ្នាំ

បានផុស

នៅ

“វិមានអាទិទេព” ជាស្នាដៃនិពន្ធអក្សរសិល្ប៍ដំបូងគេ បែបប្រវត្តិសាស្ត្រ ដែលពាក់ព័ន្ធនឹងអតីតរាជធានី ឆោកគគ៌្យ​ (កោះកេរ) និងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ព្រមទាំងរឿងរ៉ាវដែលបានកើតឡើង នាដើមសតវត្សរ៍ទី១០ ក្នុងសម័យមហានគរ។ សៀវភៅនេះ មានកម្រាស់ជាង ៥០០ទំព័រ និងប្រើពេលផលិតជិត ៨ឆ្នាំ។ ប្រលោកលោកនេះ មិនទាន់ចេញលក់នៅឡើយទេ ដោយនឹងបើកបង្ហាញ ផ្ទាំងក្របសៀវភៅជាផ្លូវការ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣នេះ​ ដើម្បីត្រៀម​អបអរលទ្ធផល នៃការស្នើដាក់​បញ្ចូល​តំបន់កោះកេរ​ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារបោះពុម្ព​ផ្សាយ​ “សំណេរ” បានឱ្យ “កម្ពុជាថ្មី” ដឹងថា​ សាច់រឿងប្រលោមលោក “វិមានអាទិទេព” មានផ្សារភ្ជាប់ទៅនឹងជំនឿ អាគម និងបដិហារ្យ រួមទាំងអំណាច នៃភាពជាអ្នកដឹកនាំអាណាចក្រឆ្ពោះទៅរកភាពរឹងមាំ និងមហិមានៃរជ្ជកាលសម័យនោះ។ ការនិពន្ធប្រលោមលោកបែបប្រវត្តិសាស្ត្រនេះ ដោយមានបំណងចង់ បើកបង្ហាញទីតាំងអតីតរាជធានីធំ កាលពីជាង ១០០០ឆ្នាំមុន ដែលស្ទើរតែគ្មានអ្នកដឹងប្រវត្តិ, បង្ហាញភាពរុងរឿងរបស់អាណាចក្រពីអតីតកាល ស្នាដៃ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤, បង្ហាញពីអាគម និងជំនឿ ទីកន្លែងដ៏ស័ក្កសិទ្ធដែលដូនតាបន្សល់ទុកឱ្យ និងចង់លើកស្ទួយទេសចរណ៍ តំបន់កោះកេរ ឱ្យមានអ្នកស្គាល់ច្រើន។

អ្នកបោះពុម្ព​ផ្សាយ​ “សំណេរ” បានឱ្យដឹងបន្តថា សៀវភៅប្រលោមលោករឿង “វិមានអាទិទេព” នេះ​និពន្ធ​រយៈពេលជាង ៧ឆ្នាំ និងរៀបចំការផលិតរយៈពេលជិត ១ឆ្នាំទៀត​ (សម្រាប់ស្ថាប័ន សំណេរ)។ រឿងដែលពិបាកបំផុត គឺឯកសារដែលទាក់ទងនឹងព្រះបាទជ័យវរ្ម័នទី៤ គឺមានតិចតួចបំផុត ហើយមានការលើកឡើងខុសៗគ្នាជាច្រើនអំពីប្រវត្តិរបស់ទ្រង់។ ភាពលំបាកទាំងនេះធ្វើឱ្យអ្នកនិពន្ធត្រូវចុះទៅទីតាំងផ្ទាល់ ស្រាវជ្រាវពីទីកន្លែង និងរូបរាងប្រាសាទនីមួយៗ រួមទាំងតំបន់ទាំងមូលមិនតិចជាង ២០ដងឡើយ រហូតអ្នកនិពន្ធបានជួបជាមួយនឹង បណ្ឌិត ចិន្ត ច័ន្ទរតនា ជាទីប្រឹក្សា​ផ្ទៃសាច់រឿងទាំងមូល ទើបការងារបន្តទៅមុខរហូតដល់បានបញ្ចប់។​

“សំណេរ” បានឱ្យដឹងបន្ថែមថា ដំបូង ក្រុមការងារមានការបារម្ភ ព្រោះសៀវភៅប្រលោមលោកពាក់ព័ន្ធនឹងប្រវត្តិសាស្រ្ត ខ្លាចពេលចេញទៅ មានបញ្ហាផ្សេងៗ ប៉ុន្តែការបារម្ភគ្រប់យ៉ាងត្រូវបានរសាយ ពេលមានទីប្រឹក្សាដែលជាបុរាណវិទូ ហើយជាអ្នកដែលស្រាវជ្រាវនៅ រាជធានីកោះកេរ រយៈពេល ២០ឆ្នាំ ទើបធ្វើឱ្យការសរសេរបានបញ្ចប់ទៅយ៉ាងរលូន ជាមួយការយកចិត្តទុកដាក់ ពីក្រុមការងារ សំណេរ គ្រប់ដំណាក់ការ ជាច្រើនខែ។

បណ្ឌិត ចិន្ត ច័ន្ទរតនា ប្រធានក្រុមការងារមូលនិធិកេរដំណែលខ្មែរ។ លោកធ្លាប់ជា ទីប្រឹក្សាខ្សែភាពយន្តរឿង “ហ្លួងព្រះស្តេចកន” របស់ផលិតកម្មត្រីសូល៍ភាពយន្ត និងរឿង “ព្រះនាងរ៉ាយ៉ា និងពង្សនាគចុងក្រោយ – Raya and the last dragon” របស់ក្រុមហ៊ុន Walt Disney។ សម្រាប់​ អត្តសញ្ញាណ អ្នកនិពន្ធនា ពេលនេះ​គាត់សុំមិនទាន់បង្ហាញខ្លួន​ មានត្រឹមប្រាប់​នាម​បាកកាគឺ​ “តារានិករ”។ អ្នកនិពន្ធរូបនេះ ស្នាក់នៅខេត្តសៀមរាប បញ្ចប់ការសិក្សាផ្នែកច្បាប់ ចំណែកមុខរបរ គឺបើកក្រុមហ៊ុនខ្លួនឯង។ “វិមានអាទិទេព” ជាស្នាដៃទី១ ខណៈគាត់ជាអ្នកស្រលាញ់ការអានប្រលោមលោក និងចង់និពន្ធរឿងដែលអាចលើកតម្កើងប្រទេសខ្លួនឯង ជាមួយអរិយធម៌ដ៏ល្អឥតខ្ចោះ។

សៀវភៅប្រលោមលោកនេះ​ ជាសៀវភៅក្រាស់ជាងគេនៅ “សំណេរ”​ នាពេល​បច្ចុប្បន្ន​។ ចំពោះតម្លៃ នៅមិនទាន់កំណត់នៅឡើយ។ ពេលចេញផ្សាយ សៀវភៅនេះនឹងមានលក់នៅ ហាងសៀវភៅសំណេរ​ (ទីតាំងនៅម្តុំផ្សារចាស់) នៅតាម​បណ្តាហាង​សៀវភៅ បណ្ណាគារ​នានា និងតាម​បណ្តាខេត្ត។ ក្រុមសំណេរ បានបើកភ្លើងខៀវថា ប្រលោមលោកនេះ បើអាចផលិតជាភាពយន្ត គឺកាន់តែល្អ ហើយប្រសិនជាផលិតករភាពយន្តចាប់អារម្មណ៍ ក្រុមការងារនឹងពេញចិត្តសហការ និងជួយសម្របសម្រួលនានា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម