ព័ត៍មានទាន់​ហេតុការណ៏
Search

ភ្លៀង​កក់ខែ​២​មេ​ បណ្តាល​ឲ្យ​ខេត្ត​សៀមរាប ​រង​ការ​ជន់​លិច​ជា​អន្លើ​ៗ

សៀមរាប​ ៖​ ផ្លូវថ្នល់​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​សៀមរាប​រង​ការ​ជន់​លិច​ជា​អន្លើៗ​ដោយសារ​តែ​មាន​ភ្លៀង​កក់ខែ​ចំនួន​២​មេ ហើយ​គេ​នៅ​មិនទាន់​ដឹង​ថា ហេតុ​អី​ក្រុង​សៀមរាប​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​ម្តងៗ​តែងតែ​ជន់​លិច​ជាច្រើន​ឆ្នាំ​មក​ហើយ។

មហាជន​លើក​ឡើង​ថា ​ផ្លូវថ្នល់​នៅ​ក្រុង​សៀមរាប​មួយ​ចំនួន​ គេ​ធ្វើ​ឲ្យ​តែ​បាន​ៗ​ទេ​មិនសូវ​គិតគូរ​ពី​រឿង​ដាក់​លូ​អី​នោះ​ទេ​ ហើយ​បញ្ហា​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​នោះ​ គឺ​អាជ្ញាធរ​ខ្លះ​ដាក់​ខែ​ជាមួយ​អ្នក​លក់​តាម​ចិញ្ចើម​ផ្លូវ​ ទើប​ធ្វើ​ឲ្យ​សំរាម​កកស្ទះ​តាម​លូ​ជាពិសេស​នៅ​តាម​ផ្សារ​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ​រឿង​ផ្លូវ​លិច​ទឹក​នេះ​ គឺ​នៅ​ជំនាន់​ចៅ​ហ្វា​ង​ខេត្ត​ក៏​ដូច​តែ​គ្នា ​គឺ​ឃើញ​តែ​ធ្វើ​និង​ជួសជុល​មិន​ចេះច​ប់​។ ចំណែក​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ផ្លូវ បាន​ឲ្យ​ដឹង​ថា គាត់​មានការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មាន​ភារកិច្ច​ក្នុង​ការ​អភិរក្ស​ និង ​កែលម្អ​ក្រុង​សៀមរាប​មិន​មាន​ឆន្ទៈ​ឲ្យ​បាន​ទូលំទូលាយ​នោះទេ​។

ក្នុង​នោះ​គេ​ឃើញ​មានការ​ធ្វើ​ផ្លូវ​កេង​ចំណេញ​ថវិកា​រដ្ឋ​ជាដើម​។ ផ្លូវ​ដែល​តែងតែ​លិចលង់​នោះ​គឺ​នៅ​ម្តុំ​ផ្សារ​កណ្តាល​,​ផ្សារ​រាត្រី​,​ផ្សារលើ​ធំថ្មី ជាដើម​។ បញ្ហា​គឺ​បណ្តាលមក​ពី​ស្ទះលូ ដោយសារ​មាន​សំរាម​ច្រើន​។

នៅ​រសៀល​ថ្ងៃ​ទី​០១ ​ខែមេសា​នេះ​ ភ្នាក់ងារ​កម្ពុ​ជាថ្មី​បាន​ព្យាយាម​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប ដើម្បី​ចង់ដឹង​ពី​បញ្ហា​ហ្នឹង ​តែ​លោក​មិន​លើក​​ទូរស័ព្ទ​។

ជុំវិញ​ករណី​នេះ​ដែរ ​លោក​គឹម ប៊ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ ​និង ​ដឹកជញ្ជូន​ខេត្តសៀមរាប ​ក៏​មិន​អាច​បំភ្លឺ​បាន​ដែរ ​នៅ​រសៀល​ថ្ងៃ​ទី​០១​ខែមេសា​នេះ។

ទោះជា​យ៉ាងណា​គេ​នៅ​ទន្ទឹង​រង់​ចាំ​មើល​ថា ​តើ​រជ្ជកាល​របស់លោក ឃឹម ប៊ុន​សុង ដែលជា​អភិបាលខេត្ត តើ​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​ជូន​ពលរដ្ឋ​បាន​ឬទេ​? ​ឬក៏​រង់ចាំ​ថ្នាក់លើ​ផ្តល់​អនុសាសន៍​។

សូម​រម្លឹក​ថា ខេត្តសៀមរាប​គឺជា​ខេត្ត​បេះដូង​ទេសចរ​មួយ​ ដែល​សម្បូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ស្ទើរ​គ្រប់​ជាតិ​សាសន៍​បាន​មក​កម្សាន្ត ហើយ​ចុះបើ​អាជ្ញាធរ​ពាក់ព័ន្ធ​មិន​គិតគូរ​តើ​បាន​អី​រីកចម្រើន​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684