Connect with us

ព័ត៌មានជាតិ

អ្នកជំនាញ ២រូប ថា ឪពុកម្តាយ សាលា អាជ្ញាធរ និងច្បាប់ មានតួនាទីសំខាន់ណាស់ក្នុងការទប់ស្កាត់ក្មេងទំនើង

បានផុស

នៅ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកជំនាញប្រវត្តិសាស្ត្រកម្ពុជា បានលើកឡើងថា ឳពុកម្តាយ សាលារៀន អាជ្ញាធរ និងច្បាប់ មានតួនាទីសំខាន់បំផុតក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាក្មេងទំនើងដែលបង្កអសន្តិសុខនៅក្នុងសង្គម។

រូបភាពពី៖ World Bank
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អ្នកជំនាញទាំង២បែបនេះ បន្ទាប់ពីមួយរយៈចុងក្រោយ បញ្ហាក្មេងទំនើង មានការកើនឡើងគួរឱ្យកត់សម្គាល់ទាំងនៅភ្នំពេញ និងតាមបណ្តាខេត្ត ជាពិសេស គឺបង្កភាពភ័យខ្លាច គ្រោះថ្នាក់ និងធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើន។ នៅពេលដែលមានរឿងរ៉ាវទាំងនេះ ក៏ឃើញថា មានការបង្ក្រាប និងអន្តរាគមន៍ពីអាជ្ញាធរផងដែរ ប៉ុន្តែ ប្រជាជននៅតែមានភាពភ័យខ្លាច និងព្រួយបារម្ភយ៉ាងខ្លាំង មិនតែប៉ុណ្ណោះ សាធារណជន ក៏បារម្ភពីការលូតលាស់ទំពាំងស្នងឫស្សីជាតិផងដែរ។ បញ្ហាទាំងអស់នេះ គឺអាចទប់ស្កាត់បាន តាមរយៈភាគីពាក់ព័ន្ធទាំងអស់នៅកម្ពុជា។

តាមរយ:កិច្ចសម្ភាសជាមួយ«កម្ពុជាថ្មី» សាស្ត្រាចារ្យផ្នែកប្រវត្តិសាស្ត្រ លោក សំបូរ មាណ្ណារ៉ា បានអះអាងថា បុគ្គលដំបូងដែលគួរដោះស្រាយបញ្ហានេះ គឺឪពុកម្តាយ ព្រោះឪពុកម្តាយជាបុគ្គលទី១ ដែលដើរតួនាទីអប់រំកូនឱ្យបានល្អ កុំឱ្យកូនមានអត្តចរិតទំនើង និងយកតែចិត្តខ្លួនឯងតាំងពីតូច។ គួរបង្រៀនមេរៀន ធ្វើគម្រូល្អៗ និងអប់រំកូនៗប្រកបដោយព្រហ្មវិហារធម៌។ ផ្នែកមួយទៀត គឺសាលារៀន គួរមានវិធានទប់ស្កាត់ និងអប់រំសិស្សឱ្យបានល្អតាំងពីថ្នាក់មត្តេយ្យដល់ឧត្តមសិក្សាពាក់ព័ន្ធនឹងការវាយដំគ្នានៅសាលារៀន និងផ្តល់ដំបូន្មានអប់រំល្អៗដល់សិស្សានុសិស្ស។

បន្ទាប់ពីសាលារៀន គឺអាជ្ញាធរ គួរបង្កើននូវវិធានការ ការទប់ស្កាត់ឱ្យបានទាន់ពេលវេលា នោះរឿងក្មេងទំនើង នឹងអាចគ្រប់គ្រងបាន។ ចំណុចចុងក្រោយ គឺច្បាប់ត្រូវតែមានភាពតឹងរឹង និងកំណត់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ ហើយច្បាប់នេះ គឺត្រូវមានភាពតឹងរឹងតាំងពីក្នុងគ្រួសារ សាលារៀនមក ដើម្បីឱ្យក្មេងៗមានទម្លាប់គោរពច្បាប់បានល្អ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ត្រាចារ្យ។

ចំណែក លោកបណ្ឌិត ឈត ប៊ុនថង ក៏យល់ឃើញមិនខុសពីសាស្ត្រាចារ្យ សំបូរ មាណ្ណរ៉ា ប៉ុន្មានដែរ។ លោកបណ្ឌិតមើលឃើញថា ភាគីទាំងអស់គួរចូលរួមទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ មានដូចជា ឪពុកម្តាយ សាលារៀន និងអាជ្ញាធរ។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ឪពុកម្តាយ គឺមានតួនាទីសំខាន់បំផុតក្នុងការអប់រំកូនឱ្យបានល្អតាំងពីតូចមក ដើម្បីអាចបង្ការបញ្ហាទាំងអស់នេះ។ ក្រៅពីបញ្ហាខាងលើ ក៏គួរតែមានការជជែកគ្នាក្នុងកម្រិតណាមួយសម្រាប់គ្រប់គ្រង និងទប់ស្កាត់មាតិកាហ្គេមតាមប្រព័ន្ធផ្សព្វផ្សាយឱ្យបានល្អ។

បន្ថែមពីនេះ លោកបណ្ឌិតថា គួរតែបង្កើតជាកន្លែងហាត់ប្រាណ និងកម្សាន្តដល់ពួកគេ សម្រាប់ឱ្យពួកគេមានសុខភាពល្អ រីករាយ បំបាត់ស្ត្រេស ហើយក៏អាចទាញយកឱកាសនេះកុំឱ្យពួកគេមានឱកាសទៅប្រព្រឹត្តរឿងណាដែលគ្មានប្រយោជន៍សម្រាប់សង្គម។

បន្ថែមលើនេះ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា បញ្ជាក់ថា ប្រសិនបើភាគីពាក់ព័ន្ធទាំងអស់ បានយល់ពីបញ្ហាដែលកើតឡើង ហើយចូលរួមសហការទាំងអស់គ្នា យកចិត្តទុកដាក់ទាំងអស់គ្នា ដើម្បីរុញចរន្តទប់ស្កាត់ក្មេងទំនើងនេះ នោះពិតជារឿងប្រសើរណាស់។ រីឯ បណ្ឌិត ឈត ប៊ុនថង វិញ បានសង្កត់ធ្ងន់បន្ថែមថា តួនាទីសំខាន់របស់អាជ្ញាធរ គួរសិក្សា និងពិនិត្យតាមគ្រួសារនីមួយៗដែលមានបញ្ហាក្រីក្រ វិបត្តិផ្លូវចិត្ត ឬ គ្មានការងារធ្វើ គួរយកមកសង្គ្រោះ និងជួយណែនាំបង្រៀនពួកគេឱ្យមានភាពប្រសើរឡើងវិញ ហើយគួរបន្តការអនុវត្តបែបនេះជាបន្តបន្ទាប់ អាចទប់ស្កាត់ក្មេងទំនើង និងធ្វើឱ្យទំពាំងដុះលូតលាស់បានល្អសម្រាប់ជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម