Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ​មៀន​ប៉ៃលិន​​ បាន​តម្លៃ​​លក់​ចេញ​ជិត ៤០០០ រៀល/គីឡូក្រាម

បានផុស

នៅ

រយៈ​ពេល​ជាង ១​ខែ ​​ការប្រមូលផល​មៀន​ប៉ៃលិននៅ​តាម​ចម្ការ​បាន​ប្រមាណ​ជា ៤០​ កុងតឺន័រ​ សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទី​ផ្សារ​ប្រទេស​ចិន។ ​នេះជាការ​គូស​បញ្ជាក់​របស់​លោក​ សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃ​លិននា​ថ្ងៃ​ទី​២៥ ខែ​កញ្ញា​ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​ឲ្យ​ «​កម្ពុជា​ថ្មី​» ដឹង​ថា​ ជាង ១​ខែ​កន្លងមក​នេះ ទិន្នផលមៀន​ប៉ៃលិន​ ​អាច​​​ប្រមូល​ផល​បាន​ប្រមាណ​ជា ៤០​ កុងតឺន័រ ដើម្បី​ធ្វើ​ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន។ តម្លៃនៃការនាំចេញ គឺស្របទៅតាមទីផ្សារ​និងអ្វីដែលបានចុះកុងត្រា ជាមួយក្រុមហ៊ុនកាលពីឆ្នាំមុន​ចន្លោះពី ៣ ៥០០ រៀល ទៅ ៤ ០០០ រៀល ក្នុងមួយគីឡូ

ចំពោះ​ការ​នាំ​ចេញ​វិញ​ លោកប្រធានមន្ទីរបានចង្អុលបង្ហាញថា «មិន​ប្រាកដ​ទេ​ថា មៀន​ទាំងអស់​សុទ្ធ​តែ​អាច​នាំ​ចេញទៅបាននោះទេ គឺ​ខាង​​ក្រុមហ៊ុន​ក៏​មាន​តម្រូវ​ការ​ខ្ពស់​លើ​ផ្លែ​មៀន​ដែលមានគុណ​ភាព​ល្អ កម្រិត​ស្តង់​ដារ ​​គិត​ពី​ក្រេត A ដល់ C បាន​ន័យ​ថា​ពី​លេខ ១ ដល់​លេខ ៤ នៃ​ផ្លែ​មៀនដែលបានប្រមូលផល និងអាចនាំចេញទៅបាន។​ ចំពោះ​មៀន​​ដែល​ល្អ ស្រប​​ទៅ​​តាម​​ស្តង់ដារ ក្រុមហ៊ុនក៏ត្រួតពិនិត្យ​ទៅ​តាម​ទំហំ​ស្មើគ្នា ពណ៌​ល្អ រសជាតិ​ផ្អែម​ឆ្ងាញ់​ជា​ដើម។ មួយ​វិញ​ទៀត​ក៏​ទាមទារ​ឲ្យ​មាន​គុណភាព​ខ្ពស់ ការ​ចុះ​បញ្ជី​បាន​​ត្រឹមត្រូវ​ពី​គុណ​ភាព​អនាម័យ ស្រប​តាម​ស្តង់ដារ ហើយមុន​ការ​​នាំ​ចេញក៏​ខាងក្រុមហ៊ុននៅមាន​ម៉ាស៊ីន​ស្កេន​ដើម្បី​បញ្ជាក់​កាន់​តែ​ច្បាស់​​ពី​គុណភាព​មៀនថែម​ទៀត»។

បើទោះបីជាការប្រមូលផលទទួលបានច្រើន តែលោក​ប្រធានមន្ទីរមាន​ប្រសាសន៍​ថា «ខ្ញុំ​មិន​អាច​កំណត់ ឬ​អាច​បញ្ជាក់​ច្បាស់លាស់​រហូត​នោះ​ទេ​នៃ​ការ​នាំ​ចេញ ឬ​ផល​ដែល​ទទួល​បាន គឺ​វា​អាស្រ័យ​ទៅ​លើ​ការ​​ប្រមូល​ទិញរបស់​ក្រុមហ៊ុន​នៅ​តាម​​ចម្ការ​ទៅ​តាម​វេន​ដែល​ត្រូវ​ប្រមូល​ផល ដោយ​ក្នុង​មួយ​ថ្ងៃ​អាច​បាន​ចន្លោះពី ២-៥ កុងតឺន័រ​ជា​ដើម​អាស្រ័យ​តាម​ផល​ជាក់​ស្ដែង»។

ដោយ​ហេតុ​ថា តម្រូវ​ការ​ផ្លែ​​មៀន​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ កាន់​តែ​មាន​តម្រូវ​ការ​ខ្ពស់​សម្រាប់​នាំចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​ លោក សាយ សុផាត ក៏រំពឹងថាហាងឆេងនៃតម្លៃ និងមានតម្រូវការខ្ពស់ ហើយល្អជាងពេលមុនៗ ព្រោះតម្រូវការទីផ្សារ កាន់តែមានការកើនឡើង។

ក្នុង​នាម​ជា​ប្រធានមន្ទីរ​ខេត្ត ក៏នៅតែ​ជួយ​ជំរុញ លើក​ទឹក​ចិត្ត​ពលរដ្ឋ និង​ផ្សព្វផ្សាយ​នូវ​បច្ចេកទេស​ផលិត​បន្ត​ទៀត​ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​កាន់​តែ​មាន​គុណភាព និង​ស្រប​តាម​ស្តង់​ដារ តម្រូវ​ការ​ទីផ្សារ ហើយទី២ បណ្ដុះបណ្ដាលបន្ថែម​ពី​ស្តង់​ដារ GAP និង​ស្តង់​ដារ​ភូតគាមអនាម័យ ដោយ​បច្ចុប្បន្ន​នេះកំពុង​ពង្រឹង​ពី​ស្តង់ដារ GAP ដោយ​ម្ចាស់​ចម្ការ​ត្រូវ​មក​សិក្សា​រៀនសូត្រនិង​រៀប​ចំ​ចម្ការ​ឲ្យ​ត្រូវ​តាម​ស្តង់ដារ។

បច្ចុប្បន្ន​នេះ ​មន្ទីរ​កសិកម្ម​ខេត្ត​កំពុង​គ្រោង​ចងក្រង​ជា​ក្រុម​សហគមន៍​ ដើម្បី​អាច​ឲ្យ​សិករ​មាន​ការ​ផលិត​ផ្លែ​មៀន​កាន់​តែ​ច្រើន​កុំ​ទុក​ផ្ទៃ​ដី​ឲ្យ​នៅ​ទំនេរ​ចោល ព្រម​ទាំង​ស្រប​ទៅ​តាមស្តង់​ដារ​គុណភាព បន្ត​ពី​សកម្មភាព​ចាស់​មក​សកម្មភាព​ថ្មី​បន្ទាប់​ទៀត​ ដើម្បី​កសាង​កសិករ​ឲ្យ​ក្លាយ​ទៅ​ជា​សហគមន៍​ផលិត​មៀន​កាន់​តែ​ច្រើន​ផង​ដែរ​៕

អត្ថបទ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម