ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេងស្រី​ម្នាក់​ត្រូវបាន​ប្រទះឃើញ ​នៅរស់​ក្នុងចំណោម​សត្វ​ស្វា ​ក្នុងព្រៃ​ឥណ្ឌា​

ហ្វូង​សត្វ​ស្វា​នៅក្នុង​ជួរ​ព្រៃ Katraniaghat នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា ​បាន​ចោមរោម​ក្មេងស្រី​អាក្រាតកាយ​ម្នាក់​។ នាង​មើលទៅ​ស្រក​គីឡូ សក់​របស់​នាង​កន្ទ្រើង​។ ប៉ុន្តែ​នាង​ហាក់ដូចជា​មិនមាន​រឿង​អ្វី​ទេ ​រហូតដល់​ប៉ូលិស​មកដល់​។

​កាសែត New Indian Express បាន​ចុះផ្សាយ​នៅ​សប្ដាហ៍​នេះ​ថា អ្នក​កាប់​អុស​មួយក្រុម​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​ បន្ទាប់ពី​ប្រទះឃើញ​ក្មេងស្រី​រូបនេះ ដែល​គេ​ជឿថា​ មាន​អាយុ​១០​ ទៅ​១២​ឆ្នាំ​។ នៅពេលដែល​ប៉ូលិស​បាន​ទៅជិត​នាង សត្វ​ស្វា​បាន​ហ៊ុមព័ទ្ធ​ក្មេងស្រី​ម្នាក់​នោះ ​និង​ការពារ​នាង ​ហើយ​វាយប្រហារ​មន្ត្រី​ម្នាក់​ ខណៈ​ក្មេងស្រី​នេះ​បាន​បន្លឺ​សំឡេង។ បន្ទាប់ពី​ជួយសង្គ្រោះ​ក្មេងស្រី មន្ត្រី​បានគេច​ចេញ​នៅក្នុង​រថយន្ត​ល្បាត​របស់គាត់​ ខណៈ​សត្វ​ស្វា​បាន​ដេញតាម​គាត់​។

​ភ្លាមៗ​នោះនាង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​រដ្ឋ​ក្នុង​ទីក្រុង Bahraich ស្ថិតនៅ​រដ្ឋ​ភាគ​ខាងជើង Uttar Pradesh។ គ្រូពេទ្យ​ជឿថា ក្មេងស្រី​រូបនេះ​ត្រូវបាន​លើក​ដោយ​ស្វា​ជាច្រើនលើក​ ហើយ​រឿងរ៉ាវ​របស់​នាង ​គឺមាន​អាថ៌កំបាំង​ ដូច្នេះ​អាជ្ញាធរ​បាន​ស្វែងរក​តាមរយៈ​របាយការណ៍​នៃ​ការបាត់​ខ្លួន​កុមារ​ ដើម្បី​កំណត់​អត្តសញ្ញាណ​របស់​នាង​។ នេះ​បើ​យោងតាម Associated Press ។

​នៅក្នុង​កាសែត​ឥណ្ឌា ក្មេងស្រី​នេះ​ត្រូវបាន​ប្រៀបធៀប​ទៅនឹង​តួអង្គ Mowgli។​ ប៉ូលិស​ក្រុង Bahraich លោក Dinesh Tripathi បាន​ប្រាប់​កាសែត New Indian Express ថា ដោយ​ផ្អែកលើ​ឥរិយាបថ​របស់​នាង វា​ហាក់ដូចជា​នាង​អាច​រស់នៅ​ក្នុងចំណោម​សត្វ​ ចាប់តាំងពី​នាង​ស្ថិតក្នុង​វ័យ​កុមារ​មកម្ល៉េះ​។ នៅពេលដែល​ក្មេងស្រី​នេះ​បាន​ទៅដល់​មន្ទីរពេទ្យ​ភ្លាម នាង​មាន​របួស​ពេញ​រាងកាយ​របស់​នាង​។ លោក Tripathi បាន​និយាយថា “​ក្រចក ​និង​សក់​របស់​នាង​​ គឺ​ដូចជា​សត្វ​ស្វា​អញ្ចឹង​”​។

​ដោយមាន​រាង​ស្គម ក្មេងស្រី​ទន់ខ្សោយ​ម្នាក់នេះ​មើលទៅ​ដូចជា​នាង​មិនបាន​បរិភោគ​ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​។ បើទោះជា​នាង​មាន​សមត្ថភាព​ដើរ​ក៏ដោយ មានពេលខ្លះនាង​​ប្រើ​ដៃ ​និង​ជើង​ដើម្បី​វា​។​

​ឥឡូវនេះ​គ្រូពេទ្យ​ត្រូវមាន​ភារកិច្ច​បង្រៀន​នាង​ ពី​របៀប​ដើម្បី​ផ្លាស់​ទី ​និង​ដើម្បី​ឲ្យ​ជីវិត​ក្លាយទៅជា​មនុស្ស​ធម្មតា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114