Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញអន្តរជាតិ៖ ក្រុមឧក្រិដ្ឋជនចិន កំពុងរាលដាលពាសពេញតំបន់អាស៊ីប៉ាស៊ីហ្វិក

បានផុស

នៅ

ក្រុមឧក្រិដ្ឋជនមកពីប្រទេសចិន បាននិងកំពុងរាលដាលពាសពេញតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបង្កើតជំរំនៅក្នុងប្រទេសនានាដូចជាហ្វីលីពីន អូស្ត្រាលី និងសិង្ហបុរី ដើម្បីលាងលុយកខ្វក់។ នេះបើតាមការអះអាងពីអ្នកជំនាញ អន្តរជាតិ។

(រូបថត៖ China Daily)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខែកុម្ភៈឆ្នាំ២០២៣ ប៉ូលិសក្នុងប្រទេសអូស្ត្រាលី បានចាប់ខ្លួនជនជាតិចិនចំនួន៩នាក់ ក្នុងការវាយឆ្មក់ជាបន្តបន្ទាប់ នៅទូទាំងទីក្រុងស៊ីដនី។ តាមការវិភាគ ក្រុមក្មេងទំនើងទាំងនោះ បានបើកដំណើរការប្រព័ន្ធធនាគារស្រមោលមួយ សម្រាប់ក្រុមឧក្រិដ្ឋជននានា។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មានម្នាក់ឈ្មោះ Steven Xin ជាដៃគូអាជីវកម្មនៅប្រទេសអូស្ត្រាលីរបស់ស្តេចល្បែងម៉ាកាវ Alvin Chau ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារក្នុងប្រទេសចិនរយៈពេល១៨ឆ្នាំកាលពីខែមករា ពីបទលេងហ្គេមខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងទៀត។

លោក Jason Tower នាយកផ្នែកកម្មវិធីមីយ៉ាន់ម៉ា នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក (USIP) និយាយថា បណ្តាញឧក្រិដ្ឋកម្មទាំងនេះ មានដើមទុនរាប់ពាន់លានដុល្លារឯណោះ។

លោក Jason Tower (រូបថត៖ Youtube)

លោកបានប្រាប់កាសែត The Straits Times ថា “វាបានឈានដល់ចំណុចដែលពួកគេគ្រប់គ្រងទឹកដីក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈភាពជាដៃគូដែលពួកគេមាន ជាមួយកងកម្លាំងការពារព្រំដែននៅក្រោមកងទ័ពមីយ៉ាន់ម៉ា និងជាមួយកងជីវពលផ្សេងទៀតនៅទីនោះ។ អង្គការឧក្រិដ្ឋកម្មទាំងនេះ ក៏ប្រតិបត្តិការចេញពីប្រទេសនៅអាស៊ីអាគ្នេយ៍ផងដែរ ហើយកំពុងកំណត់គោលដៅលើមជ្ឈមណ្ឌលហិរញ្ញវត្ថុ នៅទូទាំងពិភពលោក រួមទាំងទីក្រុងឡុងដ៍ ឌូបៃ និងសិង្ហបុរី ផងដែរ។

លោកបន្តថា “អ្នកកំពុងមើលឃើញពីវិសាលភាពនៃបណ្តាញឧក្រិដ្ឋជនចិនទាំងនេះ ដែលបាននិងកំពុងប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយឥឡូវបានពង្រីកនៅទូទាំងពិភពលោក។ ពួកគេជាប់ពាក់ព័ន្ធនឹងការជួញដូរមនុស្សមកពីជាង៥០ប្រទេសផ្សេងៗ គ្នាចូលទៅក្នុងតំបន់”។

សូមបញ្ជាក់ កាលពីខែសីហា អង្គការសហប្រជាជាតិ បាននិយាយក្នុងរបាយការណ៍មួយថា មនុស្សរាប់សែននាក់កំពុងត្រូវបានជួញដូរដោយក្រុមឧក្រិដ្ឋជន និងបង្ខំឲ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ និងប្រតិបត្តិការអនឡាញខុសច្បាប់ផ្សេងៗ នៅទូទាំងអាស៊ីអាគ្នេយ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ករណី​ចូលរួម​រំដោះ​ជនជាតិ​ចិន​ដែល​ជា​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម