ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​យុវជន Khmer New Year Cup 2017 ដែល​រៀបចំឡើង​ដោយ​ក្លិប​ភ្នំពេញ​ក្រោ​ន បញ្ចប់​ដោយ​ជោគជ័យ

ពានរង្វាន់​បាល់ទាត់​សម្រាប់​ក្រុម​យុវជន​ដែល​រៀបចំឡើង​ដោយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន មាន​ឈ្មោះថា «Khmer New Year Cup 2017) បាន​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ក្រោយ​ធ្វើដំណើរ​អស់​រយៈពេល​ជាង​១​ខែ។

ជា​លទ្ធផល​នៃ​ការប្រកួត​ទាំង​៥​កម្រិត​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ដូច​ជា ១) កម្រិត​អាយុ​ក្រោម ១៧​ឆ្នាំ (U-17) ជើងឯក​បាន​ទៅលើ​ក្រុម​ច្រាំង​ចំរេះ (Chrang Jomres) ២) កម្រិត​អាយុ​ក្រោម ១៥​ឆ្នាំ (U-15) ជើងឯក​បាន​ទៅលើ​ក្រុម KH7 ៣) កម្រិត​អាយុ​ក្រោម​១៣​ឆ្នាំ (U-13)​ជើងឯក​បាន​ទៅលើ​ក្រុម Kbueh ៤) កម្រិត​អាយុ​ក្រោម​១១​ឆ្នាំ (U-11) ជើងឯក​បាន​ទៅលើ​ក្រុម KH7 ៥) ក្របខណ្ឌ​នារី ជើងឯក​បាន​ទៅលើ​ក្រុម​ឥន្ទ្រ​ទេវី B (Indradevi B)។

​ក្រោយ​បញ្ចប់​ពានរង្វាន់​សម្រាប់​យុទ្ធជន​ដោយ​រលូន​នេះ​ក្លិប​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​ផ្លូវការ​របស់​ខ្លួន​ថា «​យើងខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​ទាំងនេះ និង​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​គ្រូ​បង្វឹក ក៏ដូចជា​កីឡាករ​នៃ​បណ្តា​ក្រុម​ទាំង ២៥​ដែល​បាន​ចូលរួម​ក្នុងការ​ប្រកួត​នេះ ហើយក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អាជ្ញាកណ្តាល និង​ទស្សនិកជន​គ្រប់ៗ​រូប​ដែល​បាន​ចំណាយ​ពេលវេលា​ក្នុងការ​ចូលរួម​ទស្សនា​ព្រមទាំង​គាំទ្រ​ដល់​កីឡាករ កីឡាការិនី​វ័យក្មេង​នា​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ​»។

ពានរង្វាន់​នេះ​បាន​រៀប​ចំ​តាំងពី​ថ្ងៃ​ទី១២ ខែមីនា ដល់​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៧ ដោយមាន​ក្រុម​ចំនួន​២៥ ចូលរួម ហើយ​ពានរង្វាន់​នេះ​បាន​ត្រូវ​ចែកចេញជា ៥ កម្រិត​ដើម្បី​ធ្វើការ​ប្រកួតប្រជែង​រួមមាន​ក្រុមយុវជន​អាយុ​ក្រោម ១១ ឆ្នាំ​, ក្រុមយុវជន​អាយុ​ក្រោម ១៣ ឆ្នាំ​, ក្រុមយុវជន​អាយុ​ក្រោម ១៥ ឆ្នាំ​, ក្រុមយុវជន​អាយុ​ក្រោម ១៧ ឆ្នាំ និង​មាន​ក្រុមបាល់ទាត់​នារី ដោយ​ការប្រកួត​ធ្វើឡើង​រៀងរាល់​ថ្ងៃអាទិត្យ ចាប់ផ្ដើម​ពី​ម៉ោង ៨​ព្រឹក នៅលើ​វាលស្មៅ​នៃ​កីឡដ្ឋាន RSN នៅក្នុង​ទឹកដី​នៃ​ខណ្ឌ​សែន​សុខ​៕