ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្តល់​គ្រឿង​បច្ចេកវិទ្យា​ដើម្បី​គណនា​រក​អត្រា​ភាព​ក្រីក្រ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ពី​សំណាក់​ធនាគារ​ពិភពលោក

ភ្នំពេញ ៖ ខាង​មន្ត្រី​សម្របសម្រួល​គម្រោង​រប​ស់​ធនាគារពិភពលោក បាន​បញ្ជាក់​ថា ការ​ផ្តល់​សម្ភារៈ​បច្ចេកវិទ្យា ជូន​ដល់​ខេត្ត ចំនួន​១០ ទៅដល់​មន្ត្រី​ជំនាញ​ផ្នែក​ស្ថិតិ​នៅ​​​នា​ខណៈ​នេះ​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព ក្នុង​ការ​គណនា​រក​អត្រា​ភាព​ក្រីក្រ និង​ការ​ប្រមូល​ទិន្នន័យ​ថ្លៃ​នៅតាម​ទីផ្សារ ឲ្យ​បាន​កាន់តែ​សើរ​ជាង​មុនៗ។

នេះ​ជា​ការ​លើកឡើង​របស់​លោក សុខ ណា​រ៉ុ​ម មន្ត្រី​សម្របសម្រួល​គម្រោង ពង្រីក​សមត្ថភាព​ពី​ភាពក្រីក្រ របស់​ធនាគារ​ពិភពលោក នៅ​ក្នុង​ពិធី​ក្រ​គល់​សម្ភារៈ​បច្ចេកវិទ្យា ជូន​ដល់​មន្ត្រី​ជំនាញ​ថ្នាក់ក្រោម​ជាតិ ខេត្ត​ក្នុង​គម្រោង​ចំនួន​១០ នៅ​ក្រសួងផែនការ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៧។

លោក​បន្ត​ថា ការ​ផ្តល់ជូន​សម្ភារៈ​រួមមាន កុំព្យូទ័រ ម៉ាស៊ីន​ព្រី​ន និង​ថែម​ប្លែ​ត (Tablet) ជូន​ទៅដល់​ខេត្ត​ក្នុង​គម្រោង​ចំនួន​១០​នេះ​ជា​ចំណុច​សាកល្បង​ដើម្បី​ជួយ​ពង្រឹង​សមត្ថភាព ដល់​មន្ត្រី ជំនាញ​ថ្នាក់​ក្រោម​ជាតិ ក្នុង​ការ​ប្រមូល​ទិន្នន័យ​នៅតាម​ទីផ្សារ ក្នុង​ទិសដៅ​គណនា​រក​អត្រា​ភាព​ក្រីក្រ​ឲ្យ​បាន​ប្រសើរ ជាង​មុន នៅ​ក្នុង​ផែនការ​កសាង​យុទ្ធសាស្ត្រ​ជាតិ និង​ការអភិវឌ្ឍន៍​ស្ថិតិ។

លោក រិ​ន វីរៈ រដ្ឋលេខាធិការ​ក្រសួងផែនការ បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រមូល​ទិន្នន័យ​ស្ថិតិ​ មកដល់​បច្ចុប្បន្ន​បាន​ធ្វើ​ការ​ប្រមូល​ទិន្នន័យ​បាន​ប្រសើរ​ជាង​មុន ជាក់​ស្តែង​ដោយមាន​ការ​ចូលរួមរ​វាង​មន្ត្រី​ជំនាញ​វិទ្យា ស្ថាន និង​អង្គការ​ដៃគូ​នានា កម្ពុជា​បាន​រក​ឃើញ​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​បានកំណត់​ក្នុង​ចំនួន ១៩,៧% ប៉ុន្តែ ដល់​ឆ្នាំ​២០១៥ អត្រា​ភាពក្រីក្រ​បាន​ធ្លាក់​មកជា​ង​១៣% នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​នេះ។

លោក រដ្ឋលេខាធិការ បាន​បន្ត​ថា ក្រោយពី​ការ​ទទួល​បាន​សម្ភារៈ​បច្ចេកវិទ្យា​ពី​ធនាគារ​ពិភព​លោក​ទាំងនេះ មន្ត្រី​ជំនាញ​ទាំងអស់​ត្រូវ​អនុវត្ត​ការងារ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជំរុញ​ការ​គ្រប់​គ្រង់​ស្ថិតិ​ឲ្យ​បាន​កាន់តែ​សុ​ក្រឹត្យ និង​តម្លាភាព ព្រោះ​ការគ្រប់គ្រង​ទិន្នន័យ​មាន​សារៈសំខាន់​ណាស់ សម្រាប់​ផ្តល់​ព័ត៌មាន​ដល់​អ្នកស្រាវជ្រាវ អ្នកសិក្សា ជាពិសេស ជា​ការ​បង្ហាញ​ពី​អត្តសញ្ញាណ​អត្រា​ភាពក្រីក្រ​របស់​កម្ពុជា។

គួរ​បញ្ជាក់​ថា បញ្ជី​ចុងក្រោយ​នៃ​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សាកល បានបង្ហាញ​ក្នុង គោលដៅ​ទី​១​ថា ត្រឹម​ឆ្នាំ​២០៣០ ពិភព​លោក​ត្រូវ​បញ្ចប់​ភាព​ក្រីក្រ​គ្រប់​ទម្រង់ នៅ​គ្រប់​ទីកន្លែង ដោយ​លុបបំបាត់​ភាព ក្រីក្រ​ធ្ងន់ធ្ងរ សម្រាប់​ប្រជាជន​គ្រប់រូប​នៅ​គ្រប់ទិសទី កន្លែង​ដែល​វាស់វែង​ប្រជាជន​ដែល​រស់នៅ ក្នុង​កម្រិតជីវភាព​តិច ជាង​១,២៥​ដុល្លារ​ក្នុង​មួយថ្ងៃ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114