ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះមហាក្សត្រ ​និង ​សម្តេចម៉ែ​ បាន​យាង​មក​មាតុភូមិ​វិញ​ហើយ

ភ្នំពេញ​ ៖​ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​ បាន​យាង​ត្រឡប់​មកដល់​មាតុភូមិ​វិញ​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០១៧ បន្ទាប់ពី​បាន គង់​ប្រថាប់​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេ​កាលពី​ថ្ងៃ​ទី៣ ខែ មីនា ឆ្នាំ ២០១៧។

អញ្ជើញ​ទទួល​ព្រះរាជ​ដំណើរ​របស់​ព្រះមហាក្សត្រ និង ព្រះ​មហាក្សត្រី ដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​រួមមាន​វត្តមាន សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​, សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុនសែន ,​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​ព្រមទាំង​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង ​ព្រះ​ញាតិវង្សានុវង្ស​ជាច្រើន​ដែរ។

ដោយ​ឡែ​ង​លោក​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ក៏​មាន​វត្តមាន​ក្នុង​ពិធី​យាង​ព្រះរាជ​ដំណើរ​ព្រះអង្គ​ទាំង​ទ្វេ​ផងដែរ។

ព្រះមហាក្សត្រ និង សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ តែង​យាង​ពិនិត្យ​និង​ព្យាបាល ព្រះរាជសុខភាព​ជា​ទៀត​ទាត់​ក្នុង​រយៈពេល ៦ ខែម្តង​តាម​វេជ្ជបញ្ជា​របស់​ក្រុម​គ្រូពេទ្យ​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

គួរ​រំលឹក​ថា ​កាលពី​ខែកក្កដា ២០១៦ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី​ព្រះវររាជ​មាតា​ជាតិខ្មែរ​បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ដើម្បី​ពិនិត្យ​ព្យាបាល​ព្រះរាជ​សុខភាព​របស់​ព្រះអង្គ​ទាំង​ទ្វេ នា​ថ្ងៃ​ទី៥ ខែកក្កដា​។ ព្រះអង្គ​ទាំង​ទ្វេ​បាន​យាង​មកដល់​មាតុភូមិ​វិញ​បន្ទាប់ពី​បាន​ពិនិត្យ​ព្យាបាល​ព្រះរាជសុខភាព កាលពី​ថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114