ព័ត៍មានទាន់​ហេតុការណ៏
Search

មេដឹកនាំ​ថ្មី​របស់​ក្រុង​ហុងកុង​និយាយថា គ្មាន​កន្លែង​ទំនេរ​សម្រាប់​ឯករាជ្យភាព​ទេ​

មេដឹកនាំ​ជាប់ឆ្នោត​របស់​ទីក្រុង​ហុងកុង​លោកស្រី Carrie Lam បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា គ្មាន​កន្លែង​ទំនេរ​សម្រាប់​សកម្មភាព​ឆ្ពោះទៅរក​ឯករាជ្យភាព​នៅ​ក្នុង​អតីត​អាណានិគម​អង់គ្លេស​មួយ​នេះ​ទេ​ ដែល​លោកស្រី​និយាយថា​ចាំបាច់​ត្រូវ​គាំទ្រ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ប៉េកាំង​ ដើម្បី​បង្កើន​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​។​

បណ្តា​មេដឹកនាំ​ក្នុង​ទីក្រុង​ប៉េកាំង​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​អំពី​ចលនា​ឯករាជ្យភាព​ក្មេងខ្ចី​នៅក្នុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​មួយ​នេះ​ដែល​បាន​វិលត្រឡប់​មកក្រោម​ការគ្រប់គ្រង​របស់​ចិនដីគោក​វិញ​នៅក្នុង​ឆ្នាំ​១៩៩៧​ ជាមួយនឹង​ការសន្យា​ស្វ័យភាព​។​

ទីក្រុង​ហុងកុង​ត្រូវបាន​គេ​មើលឃើញថា​បាន​ជួបប្រទះ​នឹង​ពេលវេលា​ច្របូកច្របល់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ជាមួយនឹង​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​។​

លោកស្រី Lam បាន​និយាយប្រាប់​អ្នកកាសែត​នៅ​ទីក្រុង​ប៉េកាំង​ថា “​ស្តីអំពី​បញ្ហា​នៃ​ឯករាជ្យភាព​ទីក្រុង​ហុងកុង​ដែល​ស្រប​ជាមួយនឹង​អ្វីដែល​នាយករដ្ឋមន្ត្រី​បាន​និយាយ​នោះ​គឺថា វា​គ្មាន​អនាគត​និង​កន្លែង​ទំនេរ​ឡើយ​”​។ លោកស្រី​បាន​ថ្លែង​បែបនេះ​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី Li Keqiang បានបង្ហាញ​លោកស្រី​ជាមួយនឹង​លិខិត​នៃ​ការតែងតាំង​ជានា​យក​ប្រតិបត្តិ​ដែល​នេះ​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​លោកស្រី​ឲ្យ​ឡើងកាន់តំណែង​នៅ​ថ្ងៃទី​១​ ខែកក្កដា​។​

លោកស្រី Lam បាន​បន្ថែមទៀតថា “​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​ជាពិសេស​នៅក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នោះ គឺមាន​បញ្ហា​ច្រើនណាស់​ដែល​យើង​ត្រូវការ​ការគាំទ្រ​ពី​រដ្ឋាភិបាលកណ្តាល​” ។​
​អតីត​ប្រធាន​លេខាធិការ​របស់​ទីក្រុង​គ្រប់គ្រង​ដោយ​ប្រទេស​ចិន​មួយ​នេះ​ត្រូវបាន​ជ្រើសតាំង នៅ​ខែមីនា​ដើម្បី​ក្លាយជា​មេដឹកនាំ​ស្ត្រី​ដំបូង​គេ​របស់​ទីក្រុង​មួយ​នេះ​។​

លោកស្រី Lam បាន​និយាយថា ការបង្រួបបង្រួម​សង្គម​ និង​ការបែកបាក់​នយោបាយ​នឹង​ស្ថិត​ក្នុងចំណោម​ភារកិច្ច​បន្ទាន់​បំផុត​របស់​លោកស្រី​។ ដោយឡែក​ការធ្វើ​ឲ្យ​លំនៅដ្ឋាន​មានតម្លៃ​សមរម្យ​ក៏​ស្ថិតនៅ​ក្នុងចំណោម​អាទិភាព​កំពូល​របស់​លោកស្រី​ផងដែរ​៕ Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684