ព័ត៍មានទាន់​ហេតុការណ៏
Search

លោក មាស សំអឿន នឹង​ដឹកនាំ​ក្រុមបាល់ទាត់​នារី ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា ទៅ​ប្រកួត​ជើងឯក​អាស៊ាន នៅ​ប្រទេស​ឡាវ

ក្រុមបាល់ទាត់​យុវនារី​ក្រោម​អាយុ​១៥​ឆ្នាំ​របស់​កម្ពុជា (U-15) ត្រូវ​បាន​ចាប់ឆ្នោត​ឆ្នោត​កាលពីពេល​ថ្មី​ៗស្ថិត​ក្នុង​ពូ​ល B នៃ​ពានរង្វាន់​ជើងឯក​យុវនារី​បាល់ទាត់​តំបន់​អាស៊ាន (AFF U15 Woman Championship 2017) ជាមួយ​ក្រុមទី​ម័​រ​ខាងកើត សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ក្រុម​ហ្វីលីពីន​។

យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF) បាន​លើក​ឡើង​ថា ​ការប្រកួត​ពានរង្វាន់​ស​ម្រា​ប់​នារី នៅ​ឆ្នាំ​ក្រោយនេះ​នឹង​រៀបចំឡើង​នៅ​ទីក្រុង​វៀង​ច័ន្ទ​ន៍​របស់​ប្រទេស​ឡាវ អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ខាងមុខ ដោយមាន​ក្រុម​ជា​សមាជិក​១០ ក្រុម​ចូលរួម​ប្រកួតប្រជែង​។ ចំណែក​ពូ​ល A វិញ​មាន​ម្ចាស់ផ្ទះ​ឡាវ​, ថៃ​, ម៉ាឡេស៊ី​, មី​យ៉ាន់​ម៉ា និង​វៀតណាម។

យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​ឲ្យ​ដឹង​ថា ​លោក មាស សំអឿន អតីត​គ្រូបង្វឹក​របស់​ក្រុម​បៀ​ល​ប្រាយ​យូ​ណាយ​ធី​ត វេ​ស្ទើ​ន​ភ្នំពេញ និង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុ​ជា ត្រូវបានតែងតាំង​ឲ្យ​ដឹង​នាំ​ក្រុមបាល់ទាត់​នារី​នេះ ខណៈ​លោក​ធ្លាប់​មាន​បទពិសោធន៍​សិក្សា​វគ្គ​គ្រូ​បង្វឹក​បាល់ទាត់​នារី ហើយ​ធ្លាប់​បាន​ដឹកនាំ​ក្រុមបាល់ទាត់ U-14 របស់​កម្ពុជា ចេញទៅ​ប្រកួត​នៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ឡាវ កាលពី​ឆ្នាំ​២០១៦ កន្លងទៅនេះ​ផងដែរ។

សម្រាប់​កម្មវិធី​ប្រកួត​ដែល​សារព័ត៌មាន​កម្ពុជាថ្មី​ទទួល​បាន​ មាន​ដូច​ជា​កម្ពុជា ជួប​សិង្ហ​បុរី ក្នុង​ប្រកួត​បើកឆាក​ក្នុង​ពូ​ល នា​ថ្ងៃទី​៨ ខែឧសភា ហើយ​បន្ត​ជួប​ឥណ្ឌូណេស៊ី នៅ​ថ្ងៃទី​១០ ខែឧសភា ៤​ថ្ងៃ​បន្ទាប់​ត្រូវ​ជួប​ក្រុម ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​១៤ ខែឧសភា និង​ចុងក្រោយ​ប៉ះ​ក្រុមទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​១៦ ខែឧសភា។ កម្ពុជា មិនដែល​មានឈ្មោះ​ក្នុងការ​ប្រកួត​កម្រិត​យុវនារី​ក្រោម​អាយុ​១៥​ឆ្នាំ​ប្រចាំ​តំបន់​នោះទេ ដោយ​ធ្លាប់​មានតែ​កម្រិត​យុវនារី​អាយុ​១៣ និង​១៤​ឆ្នាំ​ប៉ុណ្ណោះ។

សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ធ្លាប់​បាន​បង្កើត​ពានរ​ង្វាន់​បាល់ទាត់​នារី U-13, U-14, U-15 និង​ឈុត​ធំ​ដាក់​ឲ្យ​ប្រទេស​ជា​សមាជិក​របស់​ខ្លួន​ប្រកួតប្រជែង ខណៈ​កម្រិត U-15 នេះ​ខាន​រៀបចំ​តាំងពី​ឆ្នាំ​២០០៩ មក​ម្ល៉េះ ដោយ​កាលនោះ​ក្រុម​អូស្ត្រាលី ឈ្នះ​ជើងឯក​ក្រោយ​យកឈ្នះ​លើ​ក្រុម​ថៃ ដោយ​លទ្ធផល ៨​ទល់​០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​វៀតណាម ឈ្នះ​បាន​លេខ​៣ ក្រោយ​បំបាក់​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា A ដោយ​លទ្ធផល ៣​ទល់​០។

នេះ​ជា​ការ​ប្រកួត​សម្រាប់​ប្រទេស​ជា​សមាជិក​អាស៊ាន ដើម្បី​ត្រៀម​ចំ​កីឡាការិនី របស់ខ្លួន​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ 2017 AFF Women’s Championship ឬ​ហៅថា​ឈុត​ធំ ដែល​រៀបចំឡើង​នៅ​ប្រទេស​ថៃ ក៏ដូចជា​ត្រៀមខ្លួន​ចូលរួម​ប្រកួត​ក្នុង​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧ ខាងមុខ​នៅ​ប្រទេស​ម៉ាឡេស៊ី ផងដែរ៕