ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​ក្រសួងការពារជាតិ អនុ​ញ្ញាត​ឲ្យ​សិស្ស​វិទ្យាល័យ​ចូល​ទស្សនា​ការប្រកួតរ​បស់​ខ្លួន​នៅ​ស្ដា​ត​ចាស់​ដោយ​ឥតគិតថ្លៃ

ក្លិប​បាល់ទាត់​ក្រសួងការពារជាតិ សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017) បាន​ប្រកាស​ថា ​ក្លិប​សម្រេច​អនុ​ញ្ញាត​ឲ្យ​សិស្ស ​ដែល​សិក្សា​កម្រិត​វិទ្យាល័យ​ទូទាំង​រាជធានី​ចូល​ទស្សនា​ការ​ប្រកួតរ​បស់​ក្លិប​ដោយ​មិន​គិត​ប្រាក់​នោះ​ទេ រាល់​ការប្រកួត​ដែល​ធ្វើឡើង​នៅ​ទីលាន​កីឡដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​)។

​យោង​តាម​ការប្រកាស​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្លិប​សំបុត្រ​ដែល​ដាក់​លក់​នៅ​ស្តា​ត​ចាស់​មានតម្លៃ ៥០០០៛ និង ៣០០០៛ ស្រប​ពេល​សិស្សានុសិស្ស​មិន​គិត​ប្រាក់​នោះ​ទេ ដោយ​គ្រាន់តែ​ភ្ជាប់​មក​ជា​មួយ​នូវ​កាត​សិស្ស​របស់​ខ្លួន​ប៉ុណ្ណោះ​។ យ៉ាង​ណា​ក្តី​នៅ​ពេល​នេះ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ក៏មាន​រៀបចំ​ភ្លើង​បំភ្លឺ​សម្រាប់​ប្រកួត​នៅ​ពេលយប់​រួចរាល់ ដោយ​លែង​ប្រកួត​នៅ​ពេល​ថ្ងៃ​ដូច​លើក​មុន​ទៀតហើយ។

ភារកិច្ច​របស់​ក្រសួងការពារជាតិ​ជា​បន្ត ​គឺ​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​ស្ដា​ត​ចាស់ ទទួល​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្នុង​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ​ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃអាទិត្យ ទី​២៦ ខែមេសា ខាង​មុន​ឆ្នាំ​២០១៧​។ ការប្រកួត​នេះ​ផង​ដែរ​ ក៏​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុ​ស្តិ៍​បាយ័ន​ព័ត៌មាន BTV News ផង​ដែរ​។ នេះ​ជា​ការ​ប្រកួត​ដែល​ត្រូវ​កាត់​សេចក្តី​ពី​ក្រុម​កំពូល​តារាង​ទាំង​២​ថា​ក្រុម​មួយ​ណា​ដែល​ត្រូវ​ឡើង​ទៅ​ឈរ​កំពូល​តារាង​វិញ សម្រាប់​សប្ដាហ៍​ទី​៨ នេះ។

ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ពេល​នេះ​កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​២​បណ្តោះ​អាសន្ន​ប្រចាំ​តារាង​ដែល​មាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​៧​លើក​ឈ្នះ​៥​លើក ស្មើ​២​លើក និង​មិន​ធ្លាប់​ចាញ់​នោះ​ទេ​មាន​១៧​ពិន្ទុ​ក្នុង​ដៃ​។ កីឡាករ​ជនជាតិ​កូរ៉េខាងជើង Cheo Myong Ho របស់​ក្រុម​រដ្ឋ​មួយ​នេះ​កំពុងតែ​ប្រដេញ​កំពូល​តារាង​ក្នុង​បញ្ជី​កីឡាករ​ដែរ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បណ្តោះ​អាសន្ន​ផងដែរ៕