ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា នឹង​មាន​សាលា​បាល់ទាត់​ទាំង​២៥​ខេត្ត​ក្រុង​ចាប់ពី​ឆ្នាំ​២០១៧ នេះ​តទៅ​ត្រៀម​ថ្នាល​សម្រាប់​ទទួល​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

កាល​ពី​ពេល​ថ្មីៗ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បានសម្រេច​នៅ​ក្នុង​មហាសន្និបាត​លើក​ទី​១១ របស់​ខ្លួន​ថា​នឹង​បង្កើត​សាលា​បាល់ទាត់​ឲ្យបាន​គ្រប់ ២៥ រាជធានី​ខេត្ត គិត​ពី​ឆ្នាំ​២០១៧ នេះ​តទៅ​ដើម្បី​បណ្តុះ​កីឡាករ​ឲ្យ​ច្រើន​មុន​ពេល​កម្ពុជា ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ ២០២៣ ខាងមុខ​។

លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តី​ទី​របស់​សហព័ន្ធ​បាន​ធ្វើ​បទ​បង្ហាញ​ជុំវិញ​សាលា​បាល់ទាត់​នេះ​ថា «​គ្រោង​នេះ​គឺ​ចាប់​ផ្ដើម​ធ្វើ​ពី​ឆ្នាំ​២០១៧ តទៅ ដល់​២០២៣​។ អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​ជោគជ័យ​ឆ្នាំ​២០២៣​។ សហព័ន្ធ​នឹង​ផ្ដល់​ប្រាក់ខែ​គ្រូ សម្ភារៈហ្វឹកហាត់ ដើម្បី​ដំណើរការ​សាលា​បាល់ទាត់​នេះ​។ ក្រៅពី​សហព័ន្ធ ក៏​មាន​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ដើម្បី​ជ្រោមជ្រែង​ដូចជា ក្រសួង​អប់រំ​យុវជន​និង​កីឡា នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា នាយកដ្ឋាន​សិស្ស​និស្សិត គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​»​។

​គោលដៅ​នៃ​ការរៀបចំ​ស្វែងរក​កីឡាករ​ដែលមាន​ទេពកោសល្យ ហើយ​សង្ឃឹមថា​នឹង​នៅ​តាម​បណ្តា​ខេត្ត​នឹង​ការចូលរួម​និង​ប្រកួត ច្រើន​កុះករ​។ កីឡាករ​ដែលជា​គោលដៅ​គឺ​កើត​នៅ​ចន្លោះ​ឆ្នាំ ២០០១ ដល់ ២០០៣ ហើយនឹង​បន្ត​ជ្រើសរើស​ជា​បន្តបន្ទាប់​រហូតដល់​ឆ្នាំ ២០២៣។

លោកនាយក​បច្ចេកទេស​របស់​សហព័ន្ធ​គឺ​លោក Kazunori Ohara បាន​ចុះ​សិក្សា​ជំហាន​ទី​១ រួចរាល់​ហើយ​។ ជំហាន​បន្ទាប់​មន្ត្រី​បច្ចេកទេស​នឹង​រៀបចំ​កំណត់ថា ​នឹង​រៀបចំ​នៅ​សាលា​ឬ​ទីលាន​ណា​។ ចន្លោះ​ចាប់ពី​ខែមីនា ដល់​មេសា នឹង​សម្រេច​ជ្រើសរើស​គ្រូបង្វឹក​តាម​លក្ខន្តិកៈរ​បស់ ស​.​ប​.​ក ព្រមទាំង​ជ្រើសរើស​ទីលាន​។ គម្រោង​នេះ​នឹង​លេចចេញ​ជា​រូបរាង​ចាប់ពី​ខែមិថុនា តទៅ​ដោយ​អាច​ចាប់ផ្ដើម​ពី​ខេត្តស្វាយរៀង ឬ ព្រៃវែង ដំបូង​គេ​។ សាលា​នៅតាម​បណ្តារ​ខេត្ត​នេះ​មាន​កម្មវិធី​ហ្វឹកហាត់​ដូច​សាលា​បាល់ទាត់​ជាតិ​បាទី ដែរ​តែ​ខុស​ត្រង់​រឿង​ស្នាក់នៅ និង​ហូបចុក តែប៉ុណ្ណោះ​។

​សូម​រំលឹក​ថា ​សហព័ន្ធ​បាន​បង្កើត​សាលា​បាល់ទាត់​ជាតិ ដំបូង​គេ​បង្អស់​គឺ​នៅ​បាទី ក្នុង​ខេត្តតាកែវ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ចាប់ដៃ​គ្នា​បង្កើតឡើង​ដើម្បី​បណ្តោះ​បណ្តាល​ធនធាន​កីឡាករ​ត្រៀម​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ខាងមុខ គិតពី​ឆ្នាំ​២០១៤ មក​ម្ល៉េះ​។ ពេលនេះ​សាលា​មាន​បណ្តុះបណ្តាល​យុវជន​ចំនួន​២​ជំនាន់​គឺ​ក្រុមយុវជន​ក្រោម​អាយុ​១៥​ឆ្នាំ ចំនួន​១​ជំនាន់ និង​ជំនាន់​យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ (U-17)៕