ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បឹងកេត​អង្គរ បន្ត​ចាញ់ JDT របស់​ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ​ពូ​ល F ពានរង្វាន់ AFC Cup 2017

ក្រុម​បឹងកេត​អង្គរ របស់​កម្ពុជា បាន​បន្ត​ប្រកួត​ចាញ់​ក្រុម Johor Darul Ta’zim (JDT) របស់​ម៉ាឡេស៊ី ក្នុង​វគ្គ​ជម្រុះ​ជើង​ទី​២ ពូ​ល​F​ជើង​ទី​២ នៃ​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី (AFC Cup 2017) នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៩ ខែមេសា ឆ្នាំ​២០១៧ ​​នេះ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ដោយ​លទ្ធផល ៣​ទល់​០ ខណៈ​កាលពី​ជើង​ទី​១ ក៏​ធ្លាប់​បរាជ័យ​ម្ដង​រួចមកហើយ​ដែរ​ដោយ​លទ្ធផល ៣​ទល់​០ ដូចគ្នា។

ជ័យជម្នះ​របស់​ក្រុម​ជើង​ខ្លាំង​ម៉ាឡេស៊ី មួយ​នេះ​រក​គ្រាប់​បាន​ដោយ​កីឡាករ​Muhamad Safawi នៅ​នាទី​៨ ខណៈ​មិត្ត​រួម​ក្រុម Muhamad Nazmi Faiz រក​បាន​បន្ត​គ្រាប់​បន្ថែម​នៅ​នាទី​២៦ មុន​ចប់​តង់​ទី​១​។ យ៉ាងណាក្តី​ក្រោម​ការដឹកនាំ​ពី​សំណាក់​លោក​អាជ្ញាកណ្ដាល​ជនជាតិ​ប៉ា​រ៉ែ​ន Ammar Ebrahim Mahfoodh ក្រុម JDT បា​នរក​គ្រាប់​បាល់​ទី​៣ នៅ​នាទី​៩០ បន្ថែមទៀត​ដោយ​កីឡាករ G. Guerra។

ក្នុង​ពូ​ល​នេះ ក្រៅពី​បឹងកេត​អង្គរ បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ ទទួល​ក្រុម Johor Darul Ta’zim ក្រុម Magwe ត្រូវ​បើកទ្វារ​កីឡដ្ឋាន Thuwunna Stadium ទទួល​ក្រុម​Global FC នៅ​ក្នុង​ថ្ងៃ​ជាមួយគ្នា​នោះ​ដែរ ​តែ​ម្ចាស់ផ្ទះ​បាន​ចាញ់​ដោយ​លទ្ធផល ៤​ទល់​២​។ សម្រាប់​ប្រកួត​ចុងក្រោយ​របស់​បឹងកេត​អង្គរ គឺ​ត្រូវ​ហោះ​ទៅ​ប្រកួត​បិទ​ពូ​ល​ជាមួយ​ក្រុម Global FC នៅ​ប្រទេស​ហ្វីលីពីន ក្នុង​ថ្ងៃទី​៣ ខែឧសភា លើ​ទីលាន​កីឡដ្ឋាន Rizel Memorial។

ចំណែក​ចំណាត់ថ្នាក់​បណ្តោះ​អាសន្ន​ក្នុង​ពូ​ល F នេះ​ក្រុម Global FC របស់​ហ្វីលីពីន ឈរ​កំពូល​តារាង​ក្រោយ​មាន​១២ ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម JDT របស់​ម៉ាឡេស៊ី មាន​១០​ពិន្ទុ ហើយ​បឹងកេត​អង្គរ របស់​កម្ពុជា ឈរ​លេខ​៣ មាន​៤​ពិន្ទុ និង​ក្រុម Magwe របស់​មី​យ៉ាន់​ម៉ា មិនទាន់មាន​ពិន្ទុ​នៅឡើយ​ទេ ឈរ​បាត​តារាង។

នេះ​ជា​ឆ្នាំ​ទី​១៤ ហើយ​ដែល​ពានរង្វាន់ AFC Cup បានធ្វើការ​ប្រកួតប្រជែង ក្រោម​ការ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីប​អាស៊ី​។ សម្រាប់​ឆ្នាំ​២០១៧ នេះ​មាន​ក្រុម​ចំនួន​៥២ មកពី​២៩ ប្រទេស​ចូលរួម​ប្រកួតប្រជែង ចាប់ពី​ខែសីហា ឆ្នាំ​២០១៦ មកម្ល៉េះ​ក្នុង​វគ្គ​ជម្រុះ​បឋម ហើយនឹង​បន្ត​ប្រកួត​ពីថ្ងៃ​ទី​៣០ ខែមករា តទៅ​រហូតដល់​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ទើប​បញ្ចប់​។

ចំណែក​វគ្គ​ចែក​ពូ​ល​នេះ​នៅសល់​ក្រុម​ចំនួន​៣៤​ក្រុម​ប៉ុណ្ណោះ ដោយ​ចែក​ជា​៩​ពូ​ល​ផ្សេងគ្នា (​របស់​ពី A ដល់ I)​។ ក្រុម​លេខ​១ ដែល​មាន​ពិន្ទុ​លើ​គេ​ប្រចាំ​ពូ​ល​នីមួយៗ​នេះ​នឹង​មានឱកាស​ឡើង​ទៅ​ប្រកួត​វគ្គ​ចាញ់​ធ្លាក់ (Knockout stage) បូករួម​ជាមួយ​ក្រុម​លេខ​២ ល្អ​ដែលមាន​ពិន្ទុ​ខ្ពស់​ចេញពី​៣ ពូ​ល (​ពូ​ល F,G និង H)៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114