ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ​ហ៊ុន សែន ៖ រាជរដ្ឋាភិបាល​មិនទាន់មាន​ផែនការ​ជម្លៀស​ពលករ​កម្ពុជា​ពី​កូរ៉េ​នោះទេ​

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា​កម្ពុជា​មិនមាន​ផែនការ​ជម្លៀស​ពលករ​កម្ពុជា​នៅ​កូរ៉េខាងត្បូង​នៅឡើយ​ទេ ដោយសារ​ថា​សភាពការណ៍​មិនទាន់មាន​អ្វី​ជាការ​កត់សំគាល់​ដែល​ចាំបាច់​ត្រូវធ្វើ​ការជម្លៀស​ពលករ​កម្ពុជា ព្រោះ​គ្រាន់តែ​ជាការ​គំរាម​ដាក់គ្នា​ទៅវិញ ទៅមក​រវាង​អាមេរិក និង កូរ៉េខាងជើង​។ ប្រមុខ​រាជរដ្ឋាភិបាល​ថ្លែង​បែបនេះ ​ខណៈពេលដែល​មានការ​គំរាម​របស់​អាមេរិក​ទៅលើ​ប្រទេស​កូរ៉េខាងជើង ទាក់ទង​ការប្រើប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ។

យោងតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានលើកឡើង​ពី​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧​នេះ​ថា ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា​គ្រាន់​តែមាន​បញ្ហា​ផ្ទុះអាវុធ​កើតឡើង​នៅ​តំបន់​ឧបទ្វីប​កូរ៉េ​ដោយសារ​អាមេរិក​និង​កូរ៉េខាងជើង​នោះ​ហើយ​កម្ពុជា​ទៅយក​ពលករ​ពី​កូរ៉េខាងត្បូង​មកវិញ ​តើ​ពេល​ក្រោយ​កម្ពុជា​គិត​យ៉ាងណា​។​

លោក ខៀវ កាញារីទ្ធ បាន​សរសេរ​ដោយ​ដកស្រង់​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ថា​៖“​គ្រាន់តែ​ឮ​ឆូងឆាំង​បន្តិច យើង​យក​ពលករ​យើង ពី​កូរ៉េខាងត្បូង​ទាំងអស់ តើ​ពេល​ក្រោយ​យើង​អាច សុំ​ឲ្យ​កូរ៉េខាងត្បូង​ទទួលយក​ពលករ​យើង​វិញ​ទេ​”​។

បើ​យោងតាម​លោក​ឯកអគ្គរាជទូត​ក​ម្ពុ​ជាប្រចាំ​សាធារណរដ្ឋ​កូរ៉េ​ឲ្យ​ដឹងថា ​៖ បច្ចុប្បន្ន​មាន​ពលករ​កម្ពុជា​កំពុងធ្វើការ​នៅ​ប្រទេស​កូរ៉េ​ចំនួន​ប្រមាណ ៥៣.០០០​នាក់​និង​ពលករ​មិន​ស្របច្បាប់​ប្រមាណ​ជា ៣​ពាន់ ទៅ ៤​ពាន់​នាក់​ផ្សេងទៀត​។ ពួកគេ​ទាំងនោះ​កំពុងធ្វើការ​ក្នុង​វិស័យ​កសិកម្ម ឧស្សាហកម្ម និង​វិស័យ​សំណង់​។ ដោយឡែក​ក៏មាន​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​ស្វាមី​កូរ៉េ​ជាង ១​ម៉ឺន​នាក់ និង​និស្សិត ៤០០​នាក់​កំពុង​សិក្សា​និង​រស់នៅ​ប្រទេស​កូរ៉េ​។​

សូមបញ្ជាក់ថា​បច្ចុប្បន្ន​អាមេរិក​និង​កូរ៉េខាងជើង​កំពុងតែ​ឡើង​កម្ដៅ​ជាមួយគ្នា​ខ្លាំង​ក្រោយពី​អាមេរិក​បាន​ព្រមាន​កូរ៉េខាងជើង​ឲ្យ​បញ្ឈប់​សម្ញែង​សាច់ដុំ​ជាមួយ​នឹង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល ហើយ​ពាក់ព័ន្ធ​នឹង​ការព្រមាន​នេះ​ដែរ​អាមេរិក​ក៏បាន​បញ្ជូន​កងទ័ព​ខ្លួន រួម​នឹង​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង ទៅជិត​ឧបទ្វីប​កូរ៉េ​ផងដែរ ដើម្បី​ប្រុង​ជើងការ​ប្រយុទ្ធ​ បន្ទាប់ពី​មហាអំណាច​មួយ​នេះ​ផ្លោង​មី​ស៊ី​ល​ចំនួន ៥៩​គ្រាប់​ទៅកាន់​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​កាលពី​ពេល​កន្លងទៅ​។​

គួរបញ្ជាក់​ថា​ នា​ព្រឹក​ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ​២០១៧ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រសួង​ចំនួន ៥ រួមមាន ៖ ក្រសួង​ព័ត៌មាន ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​, ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួងយុត្តិធម៌ និង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​មាន​ចំនួន​ប្រមាណ ៤.៣៦៧​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ។​

នៅក្នុង​ឱកាស​ថ្លែង​បើក​កិច្ច​សំណេះសំណាល​នោះ​ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ ឆ្នាំនេះ​ក៏​ជា​ឆ្នាំ​សប្បាយរីករាយ​ផងដែរ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង បើទោះបីថា​ធាតុអាកាស​ក្តៅ​បន្តិច ក៏​ប្រជាពលរដ្ឋ​របស់​យើង​បានធ្វើ​ដំណើរ​ទៅគ្រប់​ទីកន្លែង​នៅ​ទូទាំងប្រទេស​ដោយសារតែ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ពិសេស​គឺ​សុខសន្តិភាព​ដែល​បានផ្តល់ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​បាន​ដើរទៅ​គ្រប់​ទីកន្លែង​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្តថា​សម្លឹងមើល​ទៅកាន់ ៤២​ឆ្នាំមុន​ពេលនេះ​ជា​ពេលវេលា​ដែល​ប្រជាជន​កំពុង​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ និង ទីក្រុង​នានា​។ ក៏ប៉ុន្តែ ៤២ ឆ្នាំក្រោយ​សភាពការណ៍​បាន​ខុសពី​នេះ ជាពិសេស​៣៨ ឆ្នាំ​បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំដោះប្រទេស កាលណោះ​ចូលឆ្នាំ​ដែលជា​ប្រពៃណីជាតិ​ដ៏​ធំ​របស់​យើង​បាន​ស្តារឡើងវិញ​ទោះបី​ជីវភាព​ជួប​ការលំបាក​។ រឿង​ដែល​ល្អ​ជាង គេ​គឺ​ចាប់ពី​ឆ្នាំ​១៩៩៨ មក​ប្រជាជន​បានធ្វើ​ដំណើរ​កាន់តែ​ឆ្ងាយ​ទៅៗ​ម្ខាង​ដោយសារតែ​សន្តិភាព​ដែល​គ្មាន របង​ខណ្ឌ​ដូច​កាលពី​ពេលមុន ម្យ៉ាងទៀត​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​កាន់តែ​ប្រសើរ មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាជន​របស់​យើង​ក៏​កាន់តែ​ប្រសើរ ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ក៏​សមល្មម​។ ចំពោះ​អ្នក​មិនបាន​ចេញ​ទៅណា​ឆ្ងាយ​ក៏មាន​ឱកាស​ធ្វើ​បុណ្យទាន​ឧទ្ទិស​កុសល​ជូន​ដល់​ញាតិសន្តាន​ផងដែរ​៕

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684