រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson បាននិយាយថា សហរដ្ឋអាមេរិកកំពុងសម្លឹងរកវិធីដើម្បីដាក់សម្ពាធប្រទេសកូរ៉េខាងជើងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ខណៈដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានព្រមានអាមេរិកនៃ “ការវាយប្រហារជាមុន” ដោយនិយាយថា “កុំរញ៉េរញ៉ៃជាមួយយើង”។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំ បានចាត់វិធានការតឹងរ៉ឹងលើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលជាសម្ព័ន្ធមិត្តធំតែមួយគត់របស់ប្រទេសចិន និងការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលដែលផ្គើនទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ UN ។
កូរ៉េខាងជើងតែងតែគំរាមកម្ទេចប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ហើយបានបង្ហាញពីភាពល្មោភសង្គ្រាមរបស់ខ្លួន បន្ទាប់ពីការធ្វើតេស្តមីស៊ីលបរាជ័យកាលពីថ្ងៃអាទិត្យមួយថ្ងៃ បន្ទាប់ពីការបង្ហាញដ៏ធំនៃមីស៊ីលនៅឯក្បួនព្យុហយាត្រាមួយក្នុងទីក្រុងព្យុងយ៉ាង។
លោក Tillerson បានប្រាប់អ្នកកាសែតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធថា “យើងកំពុងពិនិត្យឡើងវិញនៃស្ថានភាពទាំងអស់របស់កូរ៉េខាងជើងទាំងនៅក្នុងលក្ខខណ្ឌនៃការឧបត្ថម្ភរបស់រដ្ឋដល់អំពើភេរវកម្មព្រមទាំងវិធីផ្សេងទៀតដែលយើងអាចដាក់សម្ពាធលើរបបនេះឲ្យចូលរួមជាមួយយើងម្តងទៀត”។
ដោយឡែកអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike pence ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅសម្ព័ន្ធមិត្តអាស៊ីបានឲ្យដឹងម្តងទៀតថា “សម័យកាលនៃការអត់ធ្មត់ជាយុទ្ធសាស្ត្រជាមួយប្រទេសកូរ៉េខាងជើងគឺត្រូវបានបញ្ចប់ហើយ”។
ប្រទេសកូរ៉េខាងជើងបានព្រមានពីការវាយប្រហារនុយក្លេអ៊ែប្រឆាំងនឹងសហរដ្ឋអាមេរិកប្រសិនបើរដ្ឋនេះបង្ករឿង។ វាបាននិយាយថា វាបានបង្កើតមីស៊ីលដែលអាចវាយប្រហារដីគោកសហរដ្ឋអាមេរិក ប៉ុន្តែក្រុមមន្ត្រី និងអ្នកជំនាញជឿថា វាមិនទាន់មានក្បាលគ្រាប់នុយក្លេអ៊ែរទេ។
មានការយល់ច្រឡំមួយចំនួនអំពីកន្លែងលាក់ខ្លួននៃនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិក បន្ទាប់ពីលោកត្រាំបាននិយាយកាលពីសប្តាហ៍មុនថា លោកបានបញ្ជូននាវាដ៏មានអនុភាពនេះជាការព្រមានមួយដល់ប្រទេសកូរ៉េខាងជើង បើទោះបីជានាវានេះនៅតែស្ថិតនៅឆ្ងាយពីដែនទឹករបស់កូរ៉េក៏ដោយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងមិនបានលើកឡើងសំដៅទៅនាវានេះទេ ប៉ុន្តែបាននិយាយថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “មិនគួររញ៉េរញ៉ៃជាមួយយើងទេ”។
កាសែត Rodong Sinmun ដែលជាកាសែតផ្លូវការរបស់គណបក្សពលករកំពុងកាន់អំណាចរបស់កូរ៉េខាងជើងបានចុះផ្សាយថា កូរ៉េខាងជើងបានត្រៀមខ្លួនយ៉ាងពេញលេញរួចជាស្រេចសម្រាប់ការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក និងកម្ទេចពួកគេឲ្យទៅជាផេះ៕ Reuters