ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​បក្ស​កាន់អំណាច​ថា ពួក​អ្នក​ជាប់គុក​មានការ​យល់​ដឹង​ពី​ច្បាប់​ច្រើនជាង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ទៅទៀត

ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​ បាន​អះអាងថា ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ពន្ធនាគារ មានការ​យល់ដឹង​ពី​ច្បាប់​ច្រើនជាង​ថ្នាក់ដឹកនាំ​គណបក្ស​ទៅទៀត ដោយសារ​តែ​ពួកគេ​បានស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​កុំ​យក​បញ្ហា​របស់​ពួកគេ ទៅ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​វា​មិនអាច​ដោះស្រាយ​ចេញ​ទេ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើកឡើង​បែបនេះ ខណៈដែល​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ តំណាង​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​ដឹកនាំ​ក្រុមការងារ​ចូលជួប​សួរសុខទុក្ខ​អ្នកទោស ជា​សមាជិក​គណបក្សប្រឆាំង​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់​នៅ​ពន្ធនាគារ​ព្រៃ​ស ហើយ​សកម្មជន​ទាំងនោះ បានស្នើ​កុំ​ឲ្យ​យក​បញ្ហា​របស់​ពួកគេ ទៅ​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

លោក សុខ ឥសាន បាន​ថ្លែង​យ៉ាងនេះ​ថា “​មន្ត្រី​គណបក្សប្រឆាំង ដែលមាន​ពិរុទ្ធភាព ហើយ​កំពុងស្ថិត​នៅក្រោម​នីតិវិធី​របស់​តុលាការ​បាន​និយាយប្រាប់​តំណាងរាស្ត្រ​គណ​បក្ស​ប្រឆាំង ដែល​បាន​ទៅសួរសុខទុក្ខ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ថា មិនបាច់​ឯកឧត្តម លោកជំទាវ ព្យាយាម​ជួបចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ មិនអាច​ដោះស្រាយ​ចេញ​ទេ​”​។ លោក​បញ្ជាក់ថា “​បើ​និយាយ​មែនទែនទៅ អ្នក​ជាប់​ពិរុទ្ធភាព​ទាំងនោះ មានការ​យល់ដឹង​អំពី​ច្បាប់​ច្រើនជាង​តំណាងរាស្ត្រ​ទៅទៀត ដោយ​ចេះ​វិភាគ​ថា រឿង​ណា​ជា​រឿង​ផ្លូវច្បាប់ រឿង​ណា​ជា​រឿង​នយោបាយ​ច្បាស់លាស់ មិន​យល់​ច្របូកច្របល់​ដូច​តំណាងរាស្ត្រ​ឡើយ​”​។​



លោក សុខ ឥសាន បានលើកឡើង​ទៀតថា “​បើ​សាមីជន​យល់ថា​ដូច្នេះ​ទៅហើយ មានអី​ត្រូវ​ស្រពិចស្រពិល​ទៀត គឺ​ពិតជា​រឿង​ផ្លូវច្បាប់​ហើយ ហើយ​កំពុង​ស្ថិតក្នុង​ដៃ​តុលាការ មិន​អាច​យក​ការចរចា​មក​ដោះស្រាយ​បានទេ ទុក​ឲ្យ​ដំណើរការ​តាម​នីតិវិធី​តុលាការ តាម​ផ្លូវ​ច្បាប់​ចុះ​។ ជា​រឿង​ផ្លូវច្បាប់ មិន​អាច​ក្រឡៃ​ទៅជា​រឿង​នយោបាយ​បានទេ កុំ​សង្ឃឹម​”​។​

គួររំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​ចូលជួប​សួរសុខទុក្ខ​អ្នកទោស​ជា​សមាជិក​គណបក្ស​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ហើយ​ក្រោយពី​ចាកចេញ លោកស្រី មូរ សុខ​ហួរ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​រយៈពេល​ជាង​៥០​នាទី សកម្មជន​គណបក្ស ដែល​កំពុង​ជាប់​ពន្ធនាការ​បាន​និយាយ​ច្រើន​ពី​បញ្ហា​ការបោះឆ្នោត ដោយ​ស្នើសុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ពិនិត្យ​ឲ្យ​បានច្បាស់លាស់ នូវ​បច្ចេកទេស​ទាំងឡាយ ជៀសវាង​កុំ​ឲ្យ​មាន​បញ្ហា ហើយ​បាន​ផ្តាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យ​បាន​គ្រប់គ្នា​។ ជាមួយគ្នា​នោះ ពួកគេ​បាន​ផ្តាំផ្ញើ​កុំ​ឲ្យ​យក​បញ្ហា​របស់​ពួកគេ​ទៅ​ចរចា​នយោបាយ​។​

សូមបញ្ជាក់ថា កន្លងមក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ព្យាយាម​លើក​យក​បញ្ហា​អ្នក​ជាប់ឃុំ​ទៅ​ចរចា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ទេ ដោយសារតែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ ហើយ​បញ្ជាក់​ថា មិន​អាច​ចរចា​រឿង​ដោះលែង​អ្នកទោស​បានទេ ពីព្រោះ​រឿង​អ្នកទោស​ជា​រឿង​ច្បាប់ ជា​រឿង​តុលាការ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684