ព័ត៍មានទាន់​ហេតុការណ៏
Search

​​​ហួត វុទ្ធី ឬ ជុន ច័ន្ទ​បុត្រ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់​ ទាក់ទង​ការបន្លំ​ខ្លួន​ចូលក្នុង​ពន្ធនាគារ​

ភ្នំពេញ ​៖ លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ភាសា​ខ្មែរ អាច​ប្រឈម​បញ្ហា​ផ្លូវច្បាប់ ទាក់ទង​ការ​បន្លំ​ខ្លួន​ចូល​ទៅក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ជាមួយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​សមត្ថកិច្ច​រកឃើញថា​មានទោស បុគ្គល​នេះអាច​ជាប់គុក​ពី​៦​ខែ ទៅ​២ឆ្នាំ និង​ពិន័យ​ប្រាក់​ពី​១​លាន​រៀល​ ទៅ​៤​លាន​រៀល​។

លោក ជុន ច័ន្ទ​បុត្រ ឬ ហួត វុទ្ធី​ កាលពី​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ បាន​បន្លំ​ខ្លួន​ធ្វើជា​ជំនួយការ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ប្រើ​ឈ្មោះ ហួត រុ​ទ្ធី ចូលទៅក្នុង​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ជួប​លោក គឹម សុខ អ្នកវិភាគ​នយោបាយ និង​សង្គម ដែល​កំពុង​ជាប់ឃុំ។

លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ឲ្យ​ដឹងថា ករណី​លោក ជុន ច័ន្ទ​បុត្រ នេះ ​ប្រសិនបើ​សមត្ថកិច្ច​រកឃើញថាល្មើសច្បាប់​នោះ អាច​ប្រឈម​ផ្លូវច្បាប់​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា “​ជាធម្មតា​ទេ ប្រសិនបើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​រកឃើញថា ការប្រើប្រាស់​មធ្យោបាយ ​ដើម្បី​បាន​ចូលក្នុង​ពន្ធនាគារ​របស់លោក ជុន ច័ន្ទ​បុត្រ កាលពី​ម្សិលមិញ ជា​អំពើ​ល្មើសច្បាប់​ព្រហ្មទណ្ឌ​នោះ ដំណើរការ​នៃ​នីតិវិធី​ព្រហ្មទណ្ឌ​នឹងត្រូវ​ប្រកាន់យក ! ហេតុនេះសាមីខ្លួន​គួរ​សហការ​ជាមួយ​សមត្ថកិច្ច​ឲ្យបាន​ល្អ ! “​។

សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៧ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោកស្រី មូរ សុខ​ហួរ និង​លោក ឡុង រី បាន​ចូលជួប​សួរសុខទុក្ខ​អ្នកទោស​ជា​សមាជិក​គណបក្ស​ចំនួន​១៦​នាក់ ដែល​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស ហើយ​នៅពេលនោះ លោក ជុន ច័ន្ទ​បុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ផ្នែក​ភាសា​ខ្មែរ ក៏បាន​បន្លំ​ខ្លួន​ចូល​ផងដែរ ដោយ​ដាក់ឈ្មោះ ហួត វុទ្ធី ជា​ជំនួយការ ហើយ​គោលបំណង​នៃ​ការចូល​នោះ គឺ​លោក ជុន ច័ន្ទ​បុត្រ ចង់​ជួប​ជាមួយ​លោក គឹម សុខ ដែល​កំពុង​ជាប់ឃុំ​នៅ​ទីនោះ។

ចំណែក​លោក ឡុង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បន្ទាយមានជ័យ បាន​បញ្ជាក់ថា លោក ជុន ច័ន្ទ​បុត្រ ពិតជា​បាន​ចូលទៅក្នុង​បរិវេណ​ពន្ធនាគារ​ព្រៃ​ស​ពិតមែន ដោយ​ចូល​ជាមួយ​ក្រុមតំណាងរាស្ត្រ ក្នុងនាម​អ្នកសារព័ត៌មាន និង​មានបំណង​ចង់​ជួប​អ្នកវិភាគ​នយោបាយ ដែល​កំពុង​ជាប់ឃុំ គឺ​លោក គឹម សុខ​។

ដោយសារ​តែមាន​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ចេញមុខ​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួងមហាផ្ទៃ នឹងមិន​អនុញ្ញាត​ឲ្យ​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចូល​សួរសុខទុក្ខ​សកម្មជន ឬ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ឃុំ​ទៀត​នោះទេ ហើយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ បាន​ចាត់ទុកថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិទាំងនោះ​មាន​ចេតនា​បន្លំ​សមត្ថកិច្ច ដើម្បី​នាំ​លោក ជុន ច័ន្ទ​បុត្រ ចូលទៅ​ពន្ធនាគារ​ព្រៃ​ស​។

ទាក់ទង​បញ្ហា​នេះ លោក ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ីសេរីភាសា​ខ្មែរ​ បានបញ្ជាក់​នៅលើ​គេហទំព័រ​វិទ្យុ​អាស៊ីសេរី​ថា លោក​មិនបាន​បន្លំ​ខ្លួន​ចូល​ពន្ធនាគារ​ដូច​ការចោទប្រកាន់​រប​ស់​ក្រសួងមហាផ្ទៃ​នោះទេ​។ លោក​បញ្ជាក់ថា “​ការពិត​ពិត​ខ្ញុំ​ទៅ​បន្លំ​គេ​ឯណា​បាន ? នរណា​ក៏​គេ​ស្គាល់​ខ្ញុំ​ដែរ មន្ត្រីប៉ូលិស​ស្គាល់ ហៅ​ឈ្មោះ​ខ្ញុំ (​ជុន ច័ន្ទ​បុត្រ​) ហើយ​គេ​ក៏​ឲ្យ​អ្នក​ចូល​ទាំង​ប៉ុន្មាន​ហ្នឹង​ចុះឈ្មោះ ខ្ញុំ​ក៏​ចុះឈ្មោះ​ដាក់ឈ្មោះ​ពិត​ទៅ​។ ចូល​ហ្នឹង គឺ​តាមរបៀប​ហ្នឹង សុំ​គេ​ចូល​ដោយ​ត្រឹមត្រូវ ហើយ​ដើរ​តាម​ក្រោយ​គេ​ទៅ ដូច្នេះ​ខ្ញុំ​មិនបាន​បន្លំ​ខ្លួន​ចូល​អី​ដូចដែល​ព័ត៌មាន​ខ្លះ​ផ្សាយ​ទេ​”​។

ទង្វើ​ភូតកុហក​ដល់​អ្នករាជការ​របស់លោក ហួត វុទ្ធី ឬ ជុន ច័ន​បុត្រ នេះ គឺ​ល្មើស​នឹង​មាត្រា​៦៣៣ និង​មាត្រា​៦២១ នៃ​ក្រមព្រហ្មទណ្ឌ​។ មាត្រា​៦២១ ចែងថា ត្រូវ​ផ្តន្ទាទោស​ពី​១ ​ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់ ពីមួយ​សែន ទៅមួយ​លាន​រៀល អំពី​ការប្រើប្រាស់​អត្តសញ្ញាណ​ណាមួយខុសពី​អត្តសញ្ញាណ​ផ្លូវការ​របស់ខ្លួន ​នៅក្នុង​លិខិត​សាធារណៈ ឬ​ដែល​សម្រាប់​ជូន​អាជ្ញាធរ​សាធារណៈ​។ ចំណែក​មាត្រា​៦៣៣​ចែងថា អំពើ​ផ្តល់​សេចក្តីប្រកាស​ដោយ​ភូតកុហក​ដល់​រាជការ​សាធារណៈ ដើម្បី​ទទួលបាន​វិភាជន៏ ការបើកប្រាក់ ឬ​អត្ថ​ប្រយោជន៍​ដោយ​ខុសច្បាប់ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ​ទៅ​៤​លាន​រៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684