ព័ត៍មានទាន់​ហេតុការណ៏
Search

គម្រោង​បញ្ជូន​ក្រុមបាល់ទាត់​ទៅ​ចូលរួម​ពានរង្វាន់ Bangabandhu Gold Cup 2017 នៅ​ប្រទេស​បង់​ក្លា​ដេ​ស លើ​ទៅ​ចុងឆ្នាំ​វិញ

កាល​ពី​ដើម​ឆ្នាំ​២០១៧ កន្លងទៅ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា គ្រោង​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២២​ឆ្នាំ (U-22) ដែល​ជា​ឈុត​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេម ទៅ​ចូលរួម​ពានរង្វាន់ Bangabandhu Gold Cup 2017 នៅ​ប្រទេស​បង់​ក្លា​ដេ​ស ប៉ុន្តែ​ក្រោយមក​ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ម្ចាស់ផ្ទះ​លើក​ទៅ​រៀបចំ​នៅ​ចុងឆ្នាំ​វិញ។

យោង​តាម​សារព័ត៌មាន​របស់​ប្រទេស​បង់​ក្លា​ដេ​ស បាន​ឲ្យ​ដឹង​ថា ​ពានរង្វាន់​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៨​ផ្សេងគ្នា ដោយ​ចែកចេញជា​២​ពូ​ល ខណៈ​គណៈកម្មការ​បាន​បែងចែក​ពូ​ល​រួចរាល់​ដែរ​ដោយ​ពូ​ល A មាន បង់​ក្លា​ដេ​ស (​ជា​ម្ចាស់ផ្ទះ​) ក្រុម​ស្រីលង្កា ក្រុម​នេ​ប៉ាល់ ម៉ាឡេស៊ី U-23​ហើយ​ពូ​ល​B មាន​U-22 កម្ពុជា បង់​ក្លា​ដេ​ស U-23 ម៉ា​ល់​ឌី​វ U-23 និង បា​រ៉ែ​ន​អាយុ​ក្រោម​២៣​ឆ្នាំ​។ តាម​គ្រោង​ពានរង្វាន់​នេះ​នឹង​ប្រើប្រាស់​កីឡដ្ឋាន ២​ផ្សេងគ្នា​ដោយ​ស្ថិត​នៅ​ក្នុង​ទីក្រុង​ចំនួន​គឺ​កីឡដ្ឋាន​Shamsul Huda ក្នុង​ទីក្រុង Jessore និង​កីឡដ្ឋាន Bangabandhu ស្ថិតនៅ​កណ្តាល​រាជធានី Dhaka អាច​ផ្ទុក​ទស្សនិកជន​បាន​ចំនួន​៣៦,០០០​នាក់។

សូម​រំលឹក​ថា ​ក្រុម U22 កម្ពុជា នឹង​ចូលរួម​ប្រកួត​កីឡា​ធំជាងគេ​ប្រចាំ​តំបន់​អាស៊ាន​ដែល​ហៅថា​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី នា​ខែសីហា ខាងមុខ ខណៈ​ក្រុម​មួយចំនួន​ដូចជា វៀតណាម ថៃ ម៉ាឡេស៊ី សុទ្ធតែ​បាន​ប្រមូលផ្ដុំ​កីឡាករ​ហ្វឹកហាត់​ជា​បណ្តើៗ​មក​ហើយ​ដើម្បី​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​នេះ។

ចំពោះ​ពានរង្វាន់ Bangabandhu Gold Cup នេះ​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​បង់​ក្លា​ដេ​ស​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៦ ដើម្បី​ជា​កិត្តិយស​ជូន​ដល់​លោក Sheikh Mujibur Rahman ដែល​ជា​ស្ថាបនិក​មួយ​រូប​ក្នុងការ​រួមចំណែក​បង្កើត​ប្រទេស​នេះ​ឡើង តាមរយៈ​ការ​បំបែក​ខ្លួន​ពី​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​លោក​ធ្លាប់​កាន់​តំណែង​ជា​ប្រធានាធិបតី​នៃ​ប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ចំនួន ២ លើក​ផងដែរ។

រំលឹក​ឡើងវិញ​ថា កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​ក្នុង​ពានរង្វាន់ Bangabandhu Gold Cup 2017 ក្រុម​កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល និង​មាន​ក្រុម​ដដែល​ដូច​ឆ្នាំ​២០១៧​នេះ ដោយ​កាលនោះ​កម្ពុជា បាន​ចាញ់​ក្រុម​ម៉ា​ល់​ឌី​វ ដោយ​លទ្ធផល ៣​ទល់​២ ហើយ​បន្ត​ចាញ់ U23 ប៉ា​រ៉ែ​ន ១​ទល់​០ និង​ចុងក្រោយ​ឈ្នះ​ក្រុម U23 បង់​ក្លា​ដេ​ស ១​ទល់​០ ខណៈ​កីឡាករ​២​រូប​ប៉ុណ្ណោះ​រក​គ្រាប់​បាល់​៣​គ្រាប់​ទាត់​ប​ញ្ចូ​ល​ទី​គូប្រកួត​គឺ​ពោលគឺ ទិ​ត្យ ឌី​ណា ២​គ្រាប់ និង ស៊ុន វណ្ណ​ដេ​ត ១​គ្រាប់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114