ព័ត៍មានទាន់​ហេតុការណ៏
Search

ស​.​ប​.​ក យល់ព្រម​តាម​សំណើ​ឲ្យ​បឹងកេត​អង្គរ ប្តូរ​ឈ្មោះ​ទៅជា​«​បឹងកេត​អែ​ហ្វ​ស៊ី​»​វិញ

នៅ​ថ្ងៃ​ព្រ​ស​ហ្បតិ៍ ទី​២០ ខែមេសា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ប្រកាស​យល់ព្រម​តាម​សំណើ​របស់​ក្លិប​បឹងកេត​អង្គរ សមាជិក​ក្នុង​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League 2017) ប្តូរ​ឈ្មោះ​របស់​ក្លិប​ទៅជា​«​បឹងកេត​អែ​ហ្វ​ស៊ី​» វិញ។

លិខិតផ្លូវការ​ពី​សហព័ន្ធ​នេះ​ មិនបាន​បង្ហើប​ឲ្យដឹង​ពី​មូលហេតុ​នៃ​ការប្តូរឈ្មោះ​នេះ​នោះ​ទេ ​ប៉ុន្តែ​បើ​យោងតាម​ការឆ្លើយតបរ​បស់​ក្លិប​ទៅកាន់​អ្នកគាំទ្រ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់ថា ​មូលហេតុ​នៃ​ការប្តូរឈ្មោះ​នេះ​ ដោយសារតែ​ក្លិប​បាន​ផុត​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឧបត្ថម្ភ​ចាស់​របស់​ខ្លួន ហើយ​ការ​ប្តួ​រ​ឈ្មោះ​នេះ​ជាការ​បើក​ផ្លូវ​មួយ​ដើម្បី​ស្វែងរក​ម្ចាស់​ឧបត្ថម្ភ​ថ្មី។

ក្រុម​បឹងកេត​អេ​ហ្វ​ស៊ី បាន​ឡើង​មកលេង​លីក​កំពូល​កម្ពុជា កាលពី​ឆ្នាំ​២០១២ បន្ទាប់​ពីបាន​ក្លាយ​ជា​ក្រុម​ខ្លាំងជាងគេ​ចំនួន​២​ក្រុម​មកពី​ក្របខ័ណ្ឌ ក​១ ដែល​រៀបចំឡើង​ដោយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាលពី​ឆ្នាំ​២០១១​។ ក្រុម​ដែល​មាន​ម្ចាស់​ចំការកៅស៊ូ​បឹងកេត នៅ​ខេត្ត​កំពង់ចាម ឈរ​ក្រោយខ្នង​នេះ​ ធ្លាប់​បាន​សាង​កំណត់ត្រា​ជាច្រើន​ទាំង​នៅក្នុង​ស្រុក​និង​លើ​ឆាក​អន្តរជាតិ។

ដំបូង​ឡើយ​កាលពី​ឆ្នាំ​បឹងកេត មានឈ្មោះ​ជា​ចំការ​កៅស៊ូ​បឹងកេត តែ​នៅ​ដើម​ឆ្នាំ​២០១៥ ដោយមាន​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុនស្រា​បៀ​អង្គរ ទើប​ប្តូរ​ឈ្មោះ​ទៅជា បឹងកេត​អង្គរ វិញ ហើយ​ចាប់​ពី​ពេល​នេះ​តទៅ​ក្រុម​ត្រូវ​ប្រើ​ឈ្មោះ​បឹងកេត (Boeung Ket FC) វិញ។

ចំពោះ​កំណត់ត្រា​ក្នុងស្រុក​វិញ បឹងកេត​អង្គរ ជា​ក្លិប​មួយ​ដែល​ឡើង​មកលេង​ក្នុង​លីក​ភ្លាម​គឺ​ឈ្នះ​ជើងឯក​តែម្ដង​ក្នុង​ឆ្នាំ​២០១២ ហើយ​ក្រុម​នេះ​ជា​ក្រុម​តែមួយគត់​និង​ដំបូង​គេ​បង្អស់​ដែល​ចុះ​កិច្ចសន្យាខ្ចី​ជើង​កីឡាករ​ទៅ​ប្រទេស​ជប៉ុន គឺ​កីឡាករ ចាន់ វឌ្ឍនាកា​។ បឹងកេត ជា​ក្រុម​មួយ​ដែល​មិនទាន់​ធ្លាក់​ចេញពី​តំបន់ Top4 នោះ​ទេ​តាំងពី​ឡើងមក​លេង​លីកកំពូល​កម្ពុជា ពោលគឺ​ឆ្នាំ​២០១២ ឈ្នះ​ជើងឯក ឆ្នាំ​២០១៣ និង​២០១៤ ឈ្នះ​ជើងឯក​រង ហើយ​ឆ្នាំ​២០១៥ ឈ្នះ​លេខ​៣ និង​ឆ្នាំ​២០១៦ ឈ្នះ​ជើងឯក​ម្ដងទៀត។

ចំណែក​កំណត់ត្រា​នៅ​ក្រៅ​ប្រទេស​វិញ បឹងកេត​អង្គរ ជា​ក្រុម​មួយ​របស់​កម្ពុជា ដែល​ឡើង​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Mekong Cup Championship មុនគេ​តែ​បរាជ័យ​ដោយ​ក្រុម Buriram United របស់​ថៃ ១​ទល់​០ បាន​ត្រឹម​ជើងឯក​រង ហើយក៏​ជា​ក្រុម​ដែលមាន​ឈ្មោះ​ឡើងទៅ​លេង​វគ្គ​ចែក​ពូ​ល​ពានរង្វាន់ AFC Cup បាន​មុនគេ​ផងដែរ។

ពេលនេះ​បឹង​កេត កំពុងតែ​ឈរ​ចំណាត់ថ្នាក់​លេខ​៣​បណ្តោះអាសន្ន​ក្នុង​លីក​កំពូល​កម្ពុជា ក្នុងចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​បាន​៧​លើក ឈ្នះ​បាន​៤​លើក ស្មើគ្នា​២​លើក និង​ចាញ់​១​លើក មាន​១៤​ពិន្ទុ​។ សម្រាប់​ប្រកួត​សប្ដាហ៍​ទី​៨ បឹងកេត ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ថ្ងៃអាទិត្យ ទី​២៣ ខែមេសា ចុង​សប្ដាហ៍​នេះ៕