ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្សែប្រយុទ្ធ ភួង សុខ​សា​ណា សង្ឃឹម​ថា​នឹង​អាច​ចូល​លេង​វិញ ក្នុង​ជើង​ទី​២ ក្នុង​លី​កកំពូល​កម្ពុជា

កីឡាករ ភួង សុខ​សា​ណា ខ្សែប្រយុទ្ធ​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ក្លិប​ក្រសួងការពារជាតិ បាន​វះកាត់​របួស​សរសៃ​ជង្គង់​ខាងឆ្វេង​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ​ហើយ កាលពី​ខែសីហា ឆ្នាំ​២០១៦ កន្លងទៅ​នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្រោយពេល​រង​របួស​អំឡុង​ពេល​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា។

សូម​រំលឹក​ដើមចម​បន្តិច កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ​បាន​រង​របួស​អំឡុង​ពេល​បំពេញ​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើសជាតិ​ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​កម្ពុជា ទទួល​ភ្ញៀវ​ក្រុមទី​ម័​រ​ខាងកើត កាលពី​ថ្ងៃទី​២៩ ខែ ឧសភា ឆ្នាំ​២០១៦ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។ មុន​ពេល​របួស​រូបគេ​បា​នរក​គ្រាប់​បាល់​ទី​១​ឲ្យ​កម្ពុជា នាំមុខ​ទី​ម័​រ​ខាងកើត ១​គ្រាប់​ក្នុង​នាទី​ទី​១១ ខណៈ​លទ្ធផល​សរុប​ពេលនោះ​កម្ពុជា បាន​យកឈ្នះ​ដោយ​លទ្ធផល​២​ទល់​០​។ របួស​នេះ​បាន​ធ្វើ​ឲ្យ​រូបគេ មិន​អាចជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​វគ្គ​ជម្រុះ​បឋម​នៃ​ពានរង្វាន់​បាល់ទាត់​បាល់ទាត់​ជើងឯក​ទ្វីបអាស៊ី AFC Asian Cup 2019 UAE ជាមួយ​ក្រុម​ឆាយ​នី​ស​តៃប៉ិ ទាំង​២​ជើង ក៏ដូចជា​ពេល​ប្រកួត​ពានរង្វាន់ AFF Suzuki Cup ផងដែរ។

គ្រូពេទ្យ​បាន​ប្រាប់​ថា កីឡាករ​១.៧៨ ម៉ែត្រ​រូប​នេះ​ត្រូវ​សម្រាក​ព្យាបាល​យ៉ាងតិច​៦​ខែ​ទើប​អាច​ចូល​ទីលាន​វិញ​បាន​ខណៈ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ក្លិប​ក្រសួងការពារជាតិ សហការគ្នា​ជួយ​ចេញ​សោហ៊ុយ​ព្យាបាល​របស់ខ្លួន​។ គិត​ត្រឹម​ពេល ភួង សុខ​សា​ណា បាន​ប្រាប់ថា​របួស​របស់ខ្លួន​បាន​ស្បើយ​ច្រើន​ហើយ ដោយ​អាច​ចូល​ហ្វឹកហាត់​របៀប​រត់ និង​ហ្វឹកហាត់​រៀប Gym (​ហាត់​សាច់ដុំ​) បណ្តើរៗ​ហើយ តែ​មិនអាច​ទាន់​ចូល​លេង​បាន​នៅឡើយ​ព្រោះ​មិនទាន់​ជា​ពេញលេញ តែ​ប្រហែល​ជុំ​ទី​២​នៃ​ពានរង្វាន់​លីក​កំពូល​កម្ពុជា ទើប​អាច​បង្ហាញខ្លួន​ពេញលេញ។

កន្លងមក​យោងតាម​ទំព័រ​ផ្លូវការ​របស់​ក្លិប​បាន​សរសេរ​ថា «​មែនទែន​ទៅ !​របួស​នេះ​បានជា​សះស្បើយ​ហើយ​ប៉ុន្តែ​ខ្ញុំ​មិនទាន់​អាច​រឹងមាំ​(Fit) ដើម្បី​លេង​បាន​នៅឡើយ​ទេ​។ គ្រូពេទ្យ​ថា​ត្រូវ​ចំណាយ​ពេល​មួយរយៈ​ទៀត​ទើប​អាច​លេង​បាន​។ មើល​ទៅ​ដល់​ជុំ​ទី​២ ទើប​លេង​បាន​។ ខ្ញុំ​អន្ទះសា​ចង់​ជួយ​ក្រុម​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ធ្វើបាន​។ ពេលខ្លះ​ខ្ញុំ​ហ្វឹកហាត់​បាន​តិច​ប៉ុណ្ណោះ​មិន​អាច​រត់​ពេញកម្លាំង​បានទេ ព្រោះ​កាលណា​រត់​ខ្លាំង​បែរ​ទៅជា​ឈឺ​តិចៗ​ហើយ​ហើម​។ ទោះបីជា​យ៉ាង​នេះ​ក្ដី​ខ្ញុំ​នៅតែ​មិន​បោះបង់​ហើយ​ខំ​ហ្វឹកហាត់​តិច​និង​ព្យាបាល​របួស​ឲ្យ​ជាសះស្បើយ ដើម្បី​ជួយ​ក្រុម​និង​សង្ឃឹមថា​អាច​ចូល​លេង​ក្នុង​ជម្រើសជាតិ​ឡើងវិញ​»។

កីឡាករ ភួង សុខ​សា​ណា ធ្លាប់​ជួយ​ក្រុម​ក្រសួងការពារជាតិ លើក​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០១៦ ចំនួន​២​លើក​មក​ហើយ ​ដោយ​លើកដំបូង​កាលពី​ឆ្នាំ​២០១០ ហើយ​ចុងក្រោយ​គឺ​ក្នុង​ឆ្នាំ​២០១៦ នេះ​ក្រោយ​យកឈ្នះ​លើ​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​ព្រះខ័ន​រាជ​ស្វាយរៀង ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​បាល់​ប៉េ​ណាំង​ទី​កាត់សេចក្ដី ៦​ទល់​៥ ក្រោយ​ស្មើគ្នា​១​ទល់​១​។

ម្ចាស់​អាវ​លេខ​៩៩ ប្រចាំ​ក្លិប​ដែល​មាន​កីឡដ្ឋាន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ មួយ​នេះ​បានចាប់ផ្ដើម​ជា​កីឡាករ​អាជីព​ដំបូង​គឺ​នៅ​ឆ្នាំ​២០០៨ រហូតមកដល់​បច្ចុប្បន្ន​ជាមួយ​ក្លិប​ក្រសួងការពារជាតិ​។ កាលពី​ឆ្នាំ​២០១២ រូបគេ​ត្រូវ​បាន​លោក ហុក សុចិ​ត្រា គ្រូបង្វឹក​ក្រុម U-22 របស់​កម្ពុជា នៅ​សម័យ​នោះ​បាន​កោះហៅ​ឲ្យ​ចូលរួម​ក្នុង​ក្រុម ខណៈ​ចាប់ពី​ឆ្នាំ​២០១១ ដល់ ២០១៥ បាន​ជាប់​ជា​សមាជិក​ក្រុម U-23 កម្ពុជា និង​ក្នុង​ក្រុម​ជម្រើសជាតិ​ផងដែរ៕