ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​កំពុង​ធ្វើ​ការ​នៅ​កូរ៉េ និង​អាណាព្យាបាល មានការ​ស្ងប់​អារម្មណ៍​ចំពោះ​វិបត្ដិ​នៅ​ឧបទ្វីប​កូរ៉េ

ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ​បានធ្វើការ​អំពាវនាវ​កុំ​ឲ្យ​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​កូរ៉េ​និង មាតាបិតា​មានការ​ស្ងប់​អារម្មណ៍ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​តំណាង និង ស្ថានទូត​ខ្មែរ​នៅ​ទី​នោះ​បាន​តាមដាន​ជាប្រចាំ។

ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អះអាង​ថា ​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​ នឹង​មិន​កើតមាន​ទេ នោះ​គ្រាន់តែ​ជា​ការ​កំញើញ​ដាក់គ្នា​តែប៉ុណ្ណោះ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដូចនេះ​ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប (AEU) ចំនួន ១.៨៨៥ នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃទី ២០ ខែមេសា ឆ្នាំ​២០១៧។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា មានការ​លើក​ឡើង​ថា រាជរដ្ឋាភិបាល​មិនបាន​គិតគូរ​ជម្លៀស​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​នោះ​ទេ​? ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ថា ​តើ​យើង​គួរ​ជម្លៀស​ពលករ​របស់​យើង ​ឬ ​មិន​គួរ​ជម្លៀស​?​ សម្តេច​តេ​ជោ​ បាន​ធ្វើ​ការ​ពន្យល់​ថា ​វា​គ្មាន​ហេតុផល​ណាមួយ​ត្រូវ​ធ្វើការ​ជម្លៀស​ពលករ​ខ្មែរ​នោះ​ទេ។ ទី​មួយ សង្គ្រាម​វា​អត់​មាន​កើត​ឯណា ហើយ​មធ្យោបាយ​នៃ​ការ​ជម្លៀស​នេះ​ទៀត​ក៏​មិនមែន​ជា​ការ​តូចតាច​នោះទេ តើ​ត្រូវ​ជម្លៀស​តាម​ផ្លូវ​ទឹក ឬ ផ្លូវអាកាស ព្រោះ​គ្មាន​ផ្លូវគោក​នោះ​ទេ​។ ទី​ពីរ​.​ក្នុង​ដំណើរ​ការ​ជម្លៀស​ប្រៀបធៀប​នឹង​ការ​ស្នាក់នៅ គឺ​ស្នាក់នៅ​ទីនោះ​សុវត្ថិភាព​ជាង​។ ប្រជាជន​កូរ៉េ​គេ​រស់នៅ បែបណា​យើង​រស់នៅ​ជាមួយ​គេ​ទៅ​គឺ​ធានា​សុវត្ថិភាព ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​កូរ៉េ។

សម្តេច​តេ​ជោ​បន្ត​ថា មិនមែន​ជា​រឿង​ងាយ​ទេ​ដែល​ជ្រើស​រើស​យក​មធ្យោបាយ​ជម្លៀស​ចេញ​គឺ​ពលករ​ច្រើន​ណាស់​រហូតដល់​ទៅ​ជាង ៤ ម៉ឺន​នាក់​។ សម្តេច​បាន​លើក​ហេតុផល​ទៀតថា ​ការ​ជម្លៀស​ពលករ​កម្ពុ​ជា​ចេញពី​ប្រទេស​កូរ៉េ វា​ជា​ការ​ខាតបង់​មួយ​ដ៏​ធំ ព្រោះថា ប្រសិនជា​យើង​ជម្លៀស​ពលករ​ចេញ​នៅ​ពេល ដែល​សង្គ្រាម​មិន​ទាំង​ទាន់​កើតមាន​ផង​នោះ វា​ប្រៀប​ទៅ​នឹង​យើង​បាន​រត់ចោល​ម្ចាស់ផ្ទះ នៅ​ពេល​ដែល​យើង​ទៅសុំ​គេ​ស្នាក់​នៅ តែ​នៅ​ពេល​មាន​អាសន្ន​មិនទាន់​មកដល់​ផង​យើង​រត់​រក​រួចខ្លួន​តែឯង ដូចនេះ​ក្រោយពេល​ជម្លៀស​ចេញ​ហើយ​គឺ​យើង​មិន​ចាំ​បាច់​ទៅសុំ​ឲ្យ​កូរ៉េ​ទទួលយក​ពលករ​ខ្មែរ​ទៀត​នោះទេ។

សម្តេច​តេ​ជោ​បាន​បន្ត​ថា ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​សុំ​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​ទទួលយក​ពលករ​ខ្មែរ ទៅ​ធ្វើ​ការ​នៅ​កូរ៉េ ព្រោះ​កូតា​ការងារ​នេះ​មិនមែន​មានតែ​ខ្មែរ​មួយ​ទេ​ គឺ​មាន​វៀតណាម ថៃ ហ្វីលីពីន ចិន​ក៏​មាន​។ យើង​បាន​ខិតខំ​បង្កើន​តាំងពី​រាប់​រយ រហូតដល់​រាប់​ម៉ឺន បែរ​ទៅជា​ការខាតបង់​ដោយសារ​ការភ័យខ្លាច​គ្មាន​ហេតុផល។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​សង្ឃឹមថា​ បងប្អូន​ពលករ​ខ្មែរ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​មានការ​ស្ងប់ចិត្ត ហើយ​រស់នៅ​ជាមួយ​ប្រជាជន​កូរ៉េ សាមគ្គី​ជាមួយ​ប្រជាជន​កូរ៉េ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ​ប្រសិនបើ​វា​អាច​កើតមាន។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើការ​ព្យាករណ៍​ថា លទ្ធភាព​នៃ​ការ​កើត​សង្គ្រាម​នៅ​កូរ៉េខាងជើង ជាមួយ​សហរដ្ឋអាមេរិក​នោះ​គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ​លទ្ធភាព​កើតមាន​គឺ​ត្រឹម​កម្រិត​សូន្យ​។ សម្តេច​តេ​ជោ​បាន​បន្ត​ថា ​វា​មិនមែន​ជា​រឿង​បញ្ហា​បាញ់​គ្រាប់​មី​ស៊ីល ៥៩ គ្រាប់​ចូល​ទៅ​កាន់​ប្រទេស​ស៊ី​រី រួច​ចប់​នោះ​ទេ​។ ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​ក៏​ចេះ​និយាយ​ដែរថា លោក គីម ជុង​អ៊ុន ក៏​ចេះ​ស្រឡាញ់​សន្តិភាព​ដែរ។ បន្ទាប់ពី​ការ​គំរាម​គ្នា វ៉ៃ​គ្នា វា​បែរ​ជា​មាន​ពាក្យ​បែបនេះ​ទៅវិញ មានន័យថា​ម៉េច ​បើ​ទោះបី​គំរាម​យ៉ាងម៉េច​ក៏ដោយ​ក៏​មិន​មាន​សង្គ្រាម​ដែរ។

ស្តាប់​សំដី​របស់​នាយករដ្ឋមន្ត្រី​ជប៉ុន និង មេដឹកនាំ​កូរ៉េខាងត្បូង គេ​ថា​ឲ្យ តែ​កូរ៉េខាងជើង​សាក គេ​នឹង​វ៉ៃ តែ​អត់​វ៉ៃ រឿង​វា​មិន​ត្រឹម​ចប់​ត្រឹម​វ៉ៃ​គេ​ទេ​ភាពខ្ទេចខ្ទាំ​វា​នឹង​កើត​នៅ​កូរ៉េ ខាងត្បូង និង ជប៉ុន ឯណោះ​ទៅវិញ​ទេ។ អ៊ីចឹង​អាមេរិក​ក៏​ត្រូវ​មានការ​ពិចារណា​ម៉ត់ចត់​ទៅលើ​ជម្រើស​នានា អាមេរិក​នៅ​ឆ្ងាយ​ការខូចខាត​សម្រាប់​អាមេរិក​ប្រហែល​មាន​តិចតួច​ណាស់។ ប៉ុន្តែ​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង និង នៅ​ជប៉ុន មាន​ផលប៉ះពាល់​ដ៏​ធំ ដូចនេះ​មិនមែន​រឿង​ដាច់ដោយឡែក​របស់​អាមេរិក​ទេ គឺ​អ្នក​នៅ​ជុំវិញ​ខ្លួន​ផងដែរ​។

ជា​មួយ​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី គ្មាន​អ្នកឈ្នះ​នោះ​ទេ គឺ​មានតែ​អ្នក​ចាញ់ ហើយ​អ្នកចាញ់​គឺ​ប្រទេសជិតខាង​កូរ៉េ​នោះ​ឯង ហើយ​សង្ឃឹម​ថា នឹង​ស្វះស្វែង​រក​វិធីសាស្ត្រ ដើម្បី​សុ​វត្ថិភាព​នៅ​ឧបទ្វីប​កូរ៉េ តាមរយៈ​បើក​ការចរចា ៦ ភាគី​ឡើងវិញ ឬ មធ្យោបាយ​ណា​ផ្សេង​ទៀត​ ដែល​ជា​មធ្យោបាយ សន្តិវិធី។

ទន្ទឹម​នឹង​នោះ​ សម្តេច​តេ​ជោ​ក៏បាន​អំពាវនាវ​ឲ្យ​ពលករ​ខ្មែរ​នៅ​កូរ៉េ និង មាតាបិតា​ក្រុម​គ្រួសារ​ពលករ​កូរ៉េ​ដែល​កំពុង​រស់នៅ​ប្រ​ទេស​កូរ៉េ​សូម​កុំ​ព្រួយបារម្ភ រាជរដ្ឋាភិបាល​តាមដាន​ជាប់​តាម​តំណាង​របស់​ខ្លួន និង ស្ថានទូត​ខ្មែរ​នៅ​ទីនោះ​៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684