ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី​វាយ​តឺ​ន្នី​ស Serena Williams មាន​ផ្ទៃពោះ​កូន​ដំបូង​ជា​មួយគូ​ដណ្តឹង Alexis Ohanian

នាង Kelly Bush Novak គឺជា​អ្នកនាំពាក្យ​របស់​តារា​វាយ​តឺ​ន្នី​សម្នាក់​នេះ បាន​និយាយថា កីឡាការិនី Serena Williams មាន​ផ្ទៃ​កូន​លើកដំបូង​របស់​នាង​ហើយ​។

នាង Novak បាន​និយាយប្រាប់ AFP​ថា នាង​រីករាយ​នឹង​ប្រកាសថា នាង Serena នឹង​ទទួលបាន​ចំណងដៃ​កូន​ដំបូង​របស់ខ្លួន​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​ខាងមុខនេះ​។

កាលកំណត់​នៃ​ការឆ្លង​ទន្លេ​នេះ មានន័យថា នាង Serena បានរៀបចំ​អនាគត​របស់ខ្លួន​រួចរាល់​ហើយ​ពេលដែល​នាង​បានឈ្នះ​ជើងឯក Grand Slam ជាប់​កំណត់ត្រា​លើក​ទី​២៣​របស់ខ្លួន​នៅ​ការប្រកួត Australian Open កាលពី​ខែមករា ជា​កន្លែង​ដែល​នាង​បាន​យកឈ្នះ​បងស្រី Venus នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

សម្រាប់​ក្រុម​អ្នកគាំទ្រ ការប្រកាស​បែបនេះ ពិតជា​ធ្វើ​ឲ្យ​ពួកគេ​សប្បាយចិត្ត​ជួស​រូបនាង ដែលជា​កំពូល​តារា​វាយ​តឺ​ន្នី​ស​គ្មាន​គូ​ប្រៀប​ម្នាក់​។

អ្នកប្រើប្រាស់ Twitter ម្នាក់នេះ បានសរសេរថា នាង Serena Williams បាន​មាន​គភ៌​ពេល​នាង​ឈ្នះ​ជើងឯក Grand Slam លើក​ទី​២៣​របស់ខ្លួន​នៅ Australian Open ។

គួរ​ឲ្យ​ដឹង​ថា កីឡាការិនី Williams បាន​លើក​ឡើង​ពី​បញ្ហា​បូស​ក្បាលជង្គង់​គឺជា​ដើមហេតុ​តែមួយគត់​ដែល​នាំ​ឲ្យ​រូប​នាង​ដក​ខ្លួន​ចេញពី​ការប្រកួត Indian Wells និង Miami កាលពី​ខែ​មីនា​។ ការ​ដក​ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឲ្យ​នាង​ធ្លាក់​មក​ឈរ​នៅ​លេខ​រៀង​ទី​២​លើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក។

ប៉ុន្តែ​នាង​អាច​នឹង​ដណ្តើម​បាន​តំណែង​មួយ​នេះ​ពី​កីឡាការិនី​អាល្លឺម៉ង់ Angelique Kerber ពេលដែល​តារាង​ចំណាត់ថ្នាក់​នឹង​ចុះផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខនេះ។

សូម​បញ្ជាក់​ថា កាលពី​ខែធ្នូ​កន្លងទៅ កីឡាការិនី Williams បាន​ប្រកាស​ភ្ជាប់​ពាក្យ​ជាមួយ​មិត្ត​ប្រុស Alexis Ohanian។

ការ​មាន​ផ្ទៃពោះ​នេះ​ដែរ មានន័យថា​នឹង​បញ្ចប់​រដូវ​កាល​របស់​នាង Williams ប៉ុន្តែ​មិនមែន​មានន័យថា ​នាង​មិនអាច​វិលត្រឡប់​មកកាន់​ទីលាន​ប្រកួត​វិញ​នោះទេ​៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684