ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Barcelona ជ្រុះ​ចេញពី​ការប្រកួត Champions League ដោយ​ភាព​ហ្មងសៅ​ជាទីបំផុត​

កីឡាករ Neymar បាន​ដើរ​ចេញពី​ទីលាន​ប្រកួត​ដោយ​ស្រក់​ទឹកភ្នែក ពេលដែល​ក្រុម Juventus បាន​ទាត់​ស្មើ​០-០​ជាមួយ​ក្រុម Barcelona នៅក្នុង​ទឹកដី Camp Nou កាលពី​ថ្ងៃ​ពុធ ដើម្បី​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League ជាមួយនឹង​ជ័យជំនះ​ទាំងពីរ​ជើង​៣-០​។

គួរ​ឲ្យ​ដឹងថា ក្រុម Barcelona ធ្លាប់​បាន​ស្តា​មុខមាត់​ចំពោះ​បរាជ័យ​០-៤​ជាមួយ​ក្រុម Paris Saint-Germain នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ជាមួយនឹង​ជ័យជំនះ​៦-១​នៅក្នុង​ទឹកដី​ខ្លួនឯង​។

ប៉ុន្តែ​ក្រុម Juventus បាន​បង្ហាញ​យ៉ាងច្បាស់​ថា​ ពួកគេ​គឺជា​ក្រុម​ខ្លាំង ជាមួយនឹង​ការលេង​ការពារ​យ៉ាង​អស្ចារ្យ ស្រប​ពេល​ដែល​កីឡាករ Lionel Messi, Luis Suarez និង​កីឡាករ Neymar ព្យាយាម​វាយ​សម្រុក​ដូច​ទឹកបាក់​ទំនប់​យ៉ាងណា​ក្តី ខណៈដែល​ក្រុម​យក្ស​មកពី​អ៊ីតាលី​មួយ​នេះ សងសឹក​បានសម្រេច​ប​រា​ជ័យ​របស់​ពួកគេ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​2015 Champions League កាលពី​ឆ្នាំ​២០១៥។

លោក Massimiliano Allegri គ្រូ​បង្វឹក​របស់​ក្រុម Juventus បាន​និយាយ​ថា ការ​មិន​របូត​គ្រាប់​បាល់​ណាមួយ​អំឡុង​២​ប្រកួត​ជាមួយ​ក្រុម Barcelona វា​គឺជា​រឿង​អស្ចារ្យ​ខ្លាំង​ណាស់​សម្រាប់​ក្រុម​មួយ​ដូចជា​ក្រុម​របស់​លោក​។ នៅ​យប់​នេះ ក្រុម​របស់លោក​លេង​ការពារ​បានល្អ ខ្លាំងណាស់​។

ក្រុម Juventus បាន​ចូលរួម​ជាមួយ​ក្រុម​ឡើង​ការពារ​ជើងឯក Real Madrid, Atletico Madrid និង​ក្រុម Monaco នៅ​ការ​ចាប់​គូ​ទាត់​សម្រាប់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃ​សុក្រ​នេះ។

ដោយឡែក លោក Luis Enrique គ្រូ​បង្វឹក​របស់​ក្រុម Barcelona​បាន​និយាយ​ថា យើង​បាន​ព្យាយាម​អស់ពី​សមត្ថភាព ប៉ុន្តែ​នៅតែ​គ្មាន​ឱកាស​រក​គ្រាប់​បាល់​ដដែល​។ លោក​បន្ត​ថា យើង​លេង​អន់​នៅ​ក្នុង​តង់​ទី​១ កាល​នៅ​ទីក្រុង Turin ជាហេតុ​ធ្វើ​ឲ្យ​យើង​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​បែបនេះ៕
AP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684