ព័ត៍មានទាន់​ហេតុការណ៏
Search

ពលករ​ខ្មែរ​សម្រុក​ចេញទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ ក្រោយ​ចូលឆ្នាំរួច រាប់ពាន់នាក់ក្នុងមួយថ្ងៃ

​បន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​រាប់ពាន់នាក់​ក្នុង​១​ថ្ងៃៗ កំពុង​សម្រុក​ចេញពី​កម្ពុជា ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត និង​ច្រក​របៀ​ង​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ​ បន្ទាប់​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​បានបញ្ចប់។

​លោក វួ​ច អូន ប្រធាន​គណៈកម្មាធិការ​ច្រកទ្វារ​អន្តជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ​ចុង​ក្រោយនេះ មាន​ពលករ​ខ្មែរ​រាប់ពាន់នាក់ បាន​សម្រុក​ចេញទៅ​ប្រទេស​ថៃ ជាក់ស្តែង​កាលពី​ថ្ងៃទី​១៨ ខែមេសា កន្លងទៅ មាន​ពលករ​ខ្មែរ​ចេញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ប្រមាណ​ជាង ២០០០នាក់ ថ្ងៃទី​១៩ ខែមេសា មាន​ប្រមាណ​ជាង​២៥០០​នាក់ និង​សម្រាប់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧ ម្សិលមិញ​ ចំនួន​ពលករ​ខ្មែរ​ដែល​សម្រុក​ចេញ​មានការ​កើនឡើងជាង​ថ្ងៃទី​១៩ គឺមាន​រហូត​ទៅដល់​ជាង​៣​ពាន់​នាក់។

លោក​បន្តថា ទន្ទឹមនឹង​ការសម្រុក​ចេញ​របស់​ពលករ​ខ្មែរ​នេះដែរ ក៏មាន​ពលករ​ខ្មែរ​ជាច្រើន ​ដែល​លួច​ឆ្លងដែន​ខុសច្បាប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ថៃ​ ចាប់​បញ្ជូនមក​កម្ពុជា​វិញ​ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ នេះ​រាប់រយ​នាក់​ក្នុង​មួយថ្ងៃៗ ជាពិសេសកាលពីមុន​ចូលឆ្នាំថ្មី ក្នុង​រយៈពេល​៣​ខែ ចាប់​ខែមករា ដល់​ខែមីនា ដើមឆ្នាំ​២០១៧ មាន​ពលករ​ខ្មែរ​ត្រូវបាន​ថៃចាប់បញ្ជូន​មកវិញ សរុប​ចំនួន១៨៤៩១​នាក់ ក្នុងនោះស្រី៦៤៥៨​នាក់ កុមារ១៨៩៦​នាក់។

ដោ​យឡែក​ក្នុង​រយៈ​ពេល​៤​ថ្ងៃ ​គិត​ត្រឹម​ម៉ោង១១ថ្ងៃត្រង់ ដើមខែ​មេសា មុន​ថ្ងៃ​ដែល​ថៃ​ចេញ​សេចក្តីសម្រេច​ អនុញ្ញាត​ឲ្យពលករ​ខ្មែរត្រឡប់​មកលេង​ស្រុកកំណើត ពលករ​ខ្មែរ​ត្រូវបាន​ថៃ​ចាប់បញ្ជូន​មកវិញ មាន​ចំនួន​សរុប ១៩៤៥នាក់ , ស្រី ៥៨នាក់ , កុមារ ១៤នាក់ និង​ក្នុងនោះ​ក៏មាន​អ្នកទោស​ចំនួន ១៦៩នាក់​ផងដែរ ។

​គួរ​បញ្ចា​ក់ថា ក្រៅពី​ការ​សម្រុក​ចេញ​របស់​ពលករ​ខ្មែរ ក្រោយ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​ណី​ជាតិខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក៏មាន​ពលករ​ខ្មែរ​រាប់​រាយ​ រាប់ពាន់នាក់ បាននឹងកំពុង​លួច​ឆ្លងដែន​ ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ តាម​ច្រករបៀង​នានា ក្នុងភូមិ​សាស្ត្រ​ស្រុក​ម៉ាឡៃ និង​ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ យ៉ាង​គគ្រឹក​គ​គ្រេង ដោយ​គ្រាន់តែ​បង់លុយ​ឲ្យ​សមត្ថកិច្ច ឬ​យោធាប្រចាំការ​តាម​ច្រករបៀង​ ក្នុង​ម្នាក់៥​ពាន់​រៀល ឬ​៤០​បាត និង​ខ្លះទៀត​លួច​ឆ្លងដែន​តាមរយៈ​មេខ្យល់ ដោយ​ត្រូវ​បង់​ឲ្យ​មេខ្យល់​ក្នុង​ម្នាក់​ពី​២០០០​បាត​ ទៅ​ ៣០០០​បាត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684