ព័ត៍មានទាន់​ហេតុការណ៏
Search

សេក គឹម​រួន និង​ឆៃ សា​រ៉ា ឡើង​ដណ្តើម៣​ពិន្ទុ​ពី​កីឡាករ​ថៃ​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី​៣​របស់ខ្លួន​

​ភ្នំពេញ ៖ កីឡាករ​សេក គឹម​រួន អ្នក​ប្រដាល់​របស់​អង្គរ​មានជ័យ​សៀមរាប ត្រូវ​ឡើង ប្រកួត ជាមួយ​កីឡាករ​ជនជាតិ​ថៃ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម ខណៈ​កីឡាករ​ឆៃ សា​រ៉ា អ្នក​ប្រដាល់​នៃ​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ត្រូវ​ជួប​កីឡាករ​មុង​ឃុន​ភេត ណា​យ៉ាបៈ​វីវ អ្នក​ប្រដាល់​ជនជាតិ​ថៃ ក្នុងការ​ប្រកួត​ជម្រុះ​ខ្សែក្រវាត់​ទម្ងន់​៦៣.៥​គីឡូក្រាម​លើស​ង្វៀន​ស៊ី​អ៊ិន​ស៊ី នា​ថ្ងៃទី​២២ ខែ​មីនា ឆ្នាំ​២០១៧​នេះ​។​

កីឡាករ​សេក គឹម​រួន ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ទេ​តែ​គេ​បាន​ឡើង​បាន​ឡើង​ប្រកួត​ទាំង​លក្ខណៈ​មិត្តភាព​ជាតិ និង​អន្តរជាតិ​ញ​ញឹកញាប់​ដូច​កីឡាករ​ដទៃទៀត​ដែរ ដោយ​កីឡាករ​រូបនេះ ការប្រកួត​របស់គេ​កន្លងមក បើ​ជួប​គូប្រកួត​ខ្លាំង​គេ​ក៏ខ្លាំង តែ​ជួប​គូប្រកួត​ខ្សោយ​គេ​ក៏ខ្សោយ​ទៅតាម​នោះដែរ តែ​គេ​ប្រកួត​ឈ្នះ​ច្រើនជាង​ចាញ់ ដែល​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត​ចង់​ទស្សនា​នៃ​ការឡើង​រេញ​របស់គេ​។​

ស្នៀត​ខ្លាំង​របស់​កីឡាករ​សេក គឹម​រួន គឺ​កណ្តាប់ដៃ​ និង​ស្នៀត​ជើង​ទាត់ ហើយ​គេ​ជា​កីឡាករ​មានចិត្ត​ប្រដាល់​ធំ ព្រមទាំង​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ថែមទៀត​។ បើតាម​ក្រុមអ្នកវិភាគ​ប្រដាល់​អះអាង​ថា សម្រាប់​ការប្រកួត​នេះ​កីឡាករ​សេក គឹម​រួន គឺ​សង្ឃឹម​ឈ្នះ​លើ​គូប្រកួត​ហាសិប​ភាគរយ​ប៉ុណ្ណោះ​លើ​កីឡាករ​ជើង​ខ្លាំង​ថៃ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម បើទោះជា​ពួកគេ​មិនដែល​ជួបគ្នា​ក៏ដោយ​។ ការប្រកួត​ជម្រុះ​កន្លងមក​សេក គឹម​រួន មាន​ ៦​ពិន្ទុ​ក្នុង​ដៃ​ ដោយ​២​ប្រកួត​ឈ្នះ​ទាំង​២​ប្រកួត ចំណែក​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម គេ​មាន​៤​ពិន្ទុ​ដោយ​ឈ្នះ​១ ​និង​ចាញ់​១​ប្រកួត​។ ចាំមើល​រវាង​កីឡាករ​សេក គឹម​រួន និង​កីឡាករ​ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម ន​ណា​ជា​អ្នកឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​នោះ​?​។​

ដោយឡែក​កីឡាករ​ឆៃ សា​រ៉ា ដែល​ត្រូវ​ឡើង​ប្រកួត ជាមួយ​កីឡាករ​ជនជាតិ​ថៃ​មុង​ឃុន​ភេត ណា​យ៉ាបៈ​វីវ ក្នុង​ប្រភេទ​ទម្ងន់​៦៣.៥​គីឡូក្រាម​នេះ​ត្រូវបាន​ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​អះអាងថា មានសង្ឃឹម​ឈ្នះ​ច្រើន​ព្រោះ​កីឡាករ​កម្ពុជា​រូបនេះ ជា​អ្នកលេង​ស្នៀត​កែង​យ៉ាង​ស្ទាត់ជំនាញ​ដែល​ធ្លាប់​ផ្តួល​គូប្រកួត​ជា​បន្តបន្ទាប់​នោះ ហើយ​ស្នៀត​កែង​នេះហើយ​ដែល​ធ្វើ​ឲ្យ​គេ​ល្បីល្បាញ​មកដល់​សព្វថ្ងៃនេះ​។​

កីឡាករ​ឆៃ សា​រ៉ា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​ការប្រកួត​កន្លងមក​ស្នៀត​កែង និង​ជង្គង់​របស់​ឆៃ សា​រ៉ា ដែល​វាយ​ចេញ​ប្រយោល​ក៍បាន​ចូល​គៀកក៏​បាន​នោះ បានធ្វើ​ឲ្យ​គូរ​ប្រកួត​របស់ខ្លួន ពិបាក​ទប់ទល់ និង​ជា​ស្នៀត​សម្រាប់​ផ្ដួល គូរ​ប្រកួត​ដ៏អស្ចារ្យ​ទៀតផង​។ ចំណែកឯ​ស្នៀត​ជើង​ទាត់​របស់​ឆៃ សា​រ៉ា ក៏ល្អ​ហើយ​ខ្លាំង​ណាស់ដែរ​។ ប៉ុន្តែ​យ៉ាងណា កីឡាករ​ឆៃ សា​រ៉ា ក៏មាន​ចំណុចខ្សោយ​ខ្លះ​ដែរ គឺ​ត្រង់​គេ​វាយ​ចេញ​រាង​យឺត​បន្តិច​ប៉ុណ្ណោះ​។ ការប្រកួត​ជម្រុះ​២​លើក​កន្លងមក​ឆៃ សា​រ៉ា បានទទួល​៦​ពិ​ន្ទុដោយ​យកឈ្នះ​លើ​គូប្រកួត​ទាំង​២​លើក ចំណែក​មុង​ឃុន​ភេត ណា​យ៉ាបៈ​វីវ ទើបតែ​មាន​២​ពិ​ន្ទុ​ប៉ុណ្ណោះ​ដោយ​ចាញ់​ទាំង​២​ប្រកួត​។ ចាំមើល​កីឡាករ​ឆៃ សា​រ៉ា ជា​អ្នកឈ្នះ​ទទួលបាន​៣​ពិន្ទុ ឬ​កីឡាករ​មុង​ឃុន​ភេត ណា​យ៉ាបៈ​វីវ ជា​អ្នក​បាន​៣​ពិន្ទុ​បន្ថែម​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684