ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា​ ៖​ ស៊ីម៉ាក់ ប៉ះ​វេស្ទើន ហើយ​ប៉ូលិស​ ជួប​អាស៊ី​អឺរ៉ុប ប្រចាំ​សប្ដាហ៍​ទី​៨ នា​ល្ងាច​ថ្ងៃ​សៅរ៍

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា Metfone Cambodian League 2017 បានធ្វើ​ដំណើរ​ដល់​សប្ដាហ៍​ទី​៨ ហើយ​ នៅ​ថ្ងៃ​សៅរ៍ ទី​២២ ខែមេសា ឆ្នាំ​២០១៧​នេះ ស្របពេល​មាន​គូប្រកួត​ចំនួន​២​គូ​ត្រូវ​ប្រកួតប្រជែង​គ្នា​ ដោយ​ក្រុម​មជ្ឍមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) ត្រូវ​ប្រកួត​ជាមួយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ (​ប៉ូលីស​) ត្រូវ​ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប ខណៈ​ការប្រកួត​ទាំង​២​គូ​នេះ​មាន​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ៍ BTV News ផងដែរ​។

*​មជ្ឍមណ្ឌល​កំចាត់មីន​កម្ពុជា ជួប​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​
​ការប្រកួត​នេះ​រៀបចំឡើង​នៅវេលា​ម៉ោង ៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ (​ស្ដា​ត​ចាស់​)​។ ក្រុម​ស៊ីម៉ាក់ ជា​ក្រុម​បាត​តារាង​នៅ​ឆ្នាំ​ចាស់ ហើយ​ក្រុម​នេះ​ហាក់​ត្រៀមខ្លួន​ល្អ​មិនបាន​ល្អ​ទៀត ក្នុង​ដើមរដូវ​កាល ក្រោយ​បន្ត​នៅ​ឈរ​បាត​តារាង​បណ្តោះអាសន្ន បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយ​ម្ចាស់ផ្ទះ​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ហើយ​ចាញ់​អាស៊ី​អឺរ៉ុប ៤​ទល់​២ ហើយ​បន្ត​ចាញ់​ក្រុម​ណាហ្គា​វើ​ល ៣​ទល់​០ តែ​ស្មើគ្នា​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១​ទល់​១ តែ​ស្មើគ្នា​ជាមួយ​ស៊ីម៉ាក់ ៣​ទល់​៣ បន្ត​ចាញ់​ក្រសួងការពារជាតិ ៦​ទល់​១ ​និង​ចុងក្រោយ​ព្រះខ័ន​រាជ​ស្វាយរៀង ៧​ទល់​០​។ លោក ណែម សោ​ភ័​ណ្ឌ ដែល​ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​បៀ​ល​ប្រាយ ក្នុងនាម​ជា​គ្រូ​ជំនួយ បាន​ដើរតួរ​ជា​គ្រូបង្វឹក​នៅក្នុង​ក្រុម​។​

​ចំណែក​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ វិញ​ដឹកនាំ​ដោយ​លោក ស៊ុំ វណ្ណា កំពុង​តែមាន​៨​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​បើកឆាក​ចាញ់​ក្រុម​ប៉ូលីស ៤​ទល់​០ តែ​យកឈ្នះ​ក្រុម​ចំណូល​ថ្មី​គីរីវង់​សុខ​សែន​ជ័យ ២​ទល់​១ ហើយ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង រហូតដល់​៥​ទល់​០ តែ​ស្មើ​ជាមួយ​បឹងកេត​អង្គរ ៣​ទល់​៣ ចាញ់​អគ្គីសនី​កម្ពុជា ២​ទល់​១ តែ​ស្មើគ្នា​ជាមួយ​ណាហ្គា​វើ​ល ១​ទល់​១​និង​ចុងក្រោយ​ភ្នំពេញ​ក្រោ​ន ៣​ទល់​១​។ លោកគ្រូ​បង្វឹក​ក្រុម​នេះ​បានដាក់​គោលដៅ​ឱ្យ​កូនក្រុម​រក្សា​កៅអី​ក្រុម​ខ្លាំង​ទាំង​៥ (Top5) ប្រចាំ​រដូវ​កាល​។

*​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ជួប​អាស៊ី​អឺរ៉ុប​
​ការប្រកួត​នេះ​ក៏​រៀបចំឡើង​នៅលើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ដែរ​ប៉ុន្តែ​រៀបចំឡើង​នៅ​ម៉ោង​៦​ល្ងាច​វិញ​។ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៧​បណ្តោះអាសន្ន​មាន​៩​ពិន្ទុ​ក្នុង​ដៃ ក្រោយ​ប្រកួត​លើក​ឈ្នះ​បាន​២​លើក ស្មើ​៣​លើក និង​ចាញ់​២​លើក​។ លោក នុត សូ​នី ត្រូវបាន​ក្លិប​តែងតាំង​ឱ្យធ្វើជា​គ្រូបង្វឹក​បណ្តោះអាសន្ន ក្រោយ​លោក ពាស សុធី ដែលជា​គ្រូបង្វឹក​ចាស់​ត្រូវបាន​ស​ហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ពិន័យ​មិនឱ្យ​ពាក់ព័ន្ធ​នឹង​បាល់ទាត់​មួយជីវិត ក្រោយ​រកឃើញថា​ធ្លាប់មាន​ប្រវត្តិ​គិត​លទ្ធផល​ទុកជាមុន​។​

​ចំពោះ​អាស៊ី​អឺរ៉ុប វិញ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​បាន​៧ សប្ដាហ៍​មកនេះ​មាន​៣​ពិន្ទុ​។ លោក សុក វាសនា បាន​នាំយក​កីឡាករ​សំខាន់ៗ​ចូលក្នុង​ក្រុម​អាស៊ី​អឺរ៉ុប ជាពិសេស​កីឡាករ​បរទេស​ដូចជា​កីឡាករ Momoh Degule អតីត​ខ្សែបម្រើ​របស់​បឹងកេត​អង្គរ កីឡាករ George Bisan អតីត​ខ្សែប្រយុទ្ធ​ភ្នំពេញ​​ក្រោ​ន Samuel Ajayi អតីត​ខ្សែប្រយុទ្ធ​បឹងកេត​អង្គរ និង​កីឡាករ Tomohiro Masaki អតីត​ខ្សែប្រយុទ្ធ​របស់​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​។​

​ក្នុង​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នេះដែរ​នៅសល់​៤​គូ​ផ្សេងទៀត​រៀបចំ​នៅ​ថ្ងៃអាទិត្យ ទី ២៣ ខែមេសា នេះ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN ហើយ​ក្រុម​ក្រសួងការពារជាតិ ទទួល​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្ដា​ត​ចាស់ (​ផ្សាយ​ផ្ទាល់​តាម​ប៉ុស្តិ BTV News) ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​បឹងកេត​អង្គរ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ចុងក្រោយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ទទួល​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៣​រសៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684