ព័ត៍មានទាន់​ហេតុការណ៏
Search

U23 កម្ពុជា ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ប្រចាំ​ទ្វីបអាស៊ី ប្រចាំ​ពូ​ល J ជាមួយ​ចិន​, ជប៉ុន​, និង ហ្វីលីពីន​ ​

ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២៣​ឆ្នាំ (U23) ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ ប្រចាំ​ទ្វីបអាស៊ី (AFC U23 Championship 2018) ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខ​ដែលមាន​ក្រុម​ចិន​, ជប៉ុន និង ហ្វីលីពីន​។

​សរុប​លទ្ធផល​នៃ​ការចាប់​ពូ​ល​ប្រចាំ​ព្រឹត្តិការណ៍​នេះ​រួមមាន​ពូ​ល A មាន​អ៊ីរ៉ង់​, អូ​ម៉​ង់​, គី​ហ្ស៊ី​ស្ថាន​, ស្រីលង្កា ពូ​ល​B មាន​អ៊ីរ៉ាក់​, អារ៉ាប់​ប៊ី​សា​អូឌីត​, បា​រ៉ែ​ន​, អា​ហ្វ​ហ្គា​នី​ស្ថាន​, ពូ​ល C​កាតារ​, ស៊ី​រី​, ឥណ្ឌា​, តួរ​មេ​នី​ស្ថាន ពូ​ល D មាន​អា​រាប់​រួម​, អូ​ប៊េ​គី​ស្ថាន​, លី​ប៉ង់​, នេ​ប៉ាល់ ពូ​ល E មាន​ហ្សកដានី​, តាជី​គី​ស្ថាន​, ប៉ា​ឡេ​ស្ទី​ន​, បង់​ក្លា​ដេ​ស ពូ​ល F មាន​អូស្ត្រាលី​, មី​យ៉ាន់​ម៉ា​, សិង្ហ​បុរី​, ប្រ៊ុយណេ ពូ​ល G មាន​កូរ៉េខាងជើង​, ឡាវ​, តៃវ៉ាន់​, ហុងកុង ពូ​ល H មាន​ថៃ ឥណ្ឌូណេស៊ី​, ម៉ាឡេស៊ី​, ម៉ុង​ហ្គោ​លី ពូ​ល I មាន​កូរ៉េខាងត្បូង​, វៀតណាម​, ទី​ម័​រ​ខាងកើត​, ម៉ា​កាវ ពូ​ល​J មាន​ជប៉ុន​, ចិន​, កម្ពុជា និង​ហ្វីលីពីន​។​

​ក្រុម​លេខ​១​ពី​ពូ​ល A ដល់​ពូ​ល J នឹង​ឡើង​ទៅលេង​ព្រឹត្តិការណ៍​ធំ​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ក្រុម​លេខ​២​ល្អ​ជាងគេ​តាម​ពូ​ល​នីមួយ​ចំនួន​៥​ត្រូវ​ឡើងទៅ​កាន់​វគ្គ​ចុងក្រោយ​ដូចគ្នា​។ ដោយឡែក ក្នុង​ពូ​ល J មានតែ​ជប៉ុន​មួយ​ប៉ុណ្ណោះ​ធ្លាប់​លើក​ពាន AFC U23 Championship នេះ ដោយ​ឈ្នះ​កាលពី​ឆ្នាំ​២០១៦ កន្លងទៅ គិត​ចាប់តាំងពី​ពានរង្វាន់​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៣​មក​។

​សម្រាប់​ការប្រកួត​ក្នុង​ពូ​ល J ដែល​រៀបចំឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​រាជធានី​ភ្នំពេញ នេះ​មាននៅ​ថ្ងៃទី​១៩ ខែកក្កដា ក្រុម​ជប៉ុន ប៉ះ​ហ្វីលីពីន នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល ហើយ​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច កម្ពុជា ជួប​ចិន ហើយ​នៅ​ថ្ងៃទី​២១ ខែកក្កដា ក្រុម​ហ្វីលីពីន ប៉ះ​ក្រុម​ចិន នៅ​ម៉ោង​៣:៣​នាទី​រសៀល ហើយ​ម្ចាស់ផ្ទះ​កម្ពុជា ទទួល​ជប៉ុន នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​និង​ថ្ងៃ​ចុងក្រោយ ក្រុម​ជប៉ុន ត្រូវ​ប្រកួត​ជាមួយ​ចិន នៅ​ម៉ោង​៣:៣០​នាទី​រសៀល និង​កម្ពុជា ជួប​ហ្វីលីពីន នៅ​ម៉ោង​៦​ល្ងាច​។

​យ៉ាងណាក៏ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​មិនទាន់​បង្ហាញ​សម​សភាគ​គ្រូបង្វឹក​និង​កីឡាករ ក្នុង​ក្រុម U23 របស់ខ្លួន​នៅឡើយ​នោះទេ ប៉ុន្តែ​ការប្រកួត​នេះ​ជាការ​កម្ដៅ​សាច់ដុំ​មួយ​ដល់​ក្រុម​កម្ពុជា មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី អំឡុង​ខែសីហា ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684