ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ CPP ថា នៅ​សម័យ​ខ្មែរក្រហម លោក សម រង្ស៊ី បាន​សម្ងំ​ដេក​យ៉ាង​សប្បាយ​នៅ​ប្រទេស​បារាំង មិនដឹង​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ទេ ​

ភ្នំពេញ ​៖ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ថ្លែងថា នៅក្នុង​របប​ខ្មែរក្រហម​លោក សម រង្ស៊ី បាន​សម្ងំ​ដេក យ៉ាង​សប្បាយ​នៅ​ប្រទេស​បារាំង ទើបបានជា​លោក សម រង្ស៊ី មិនដឹង​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ដែល​បាន​រងទុក្ខវេទនា នៅ​សម័យ​នោះ ហើយ​បង្កើត​វប្បធម៌​លាប​ពណ៌ និង​បំបែកបំបាក់ និង​ភូតភរ​កុហក​ប្រជាជន​។​

លោក សុខ ឥសាន លើកឡើង​បែបនេះ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៧​។ លោក​ថ្លែងថា​“​គួរ​ឲ្យ​អស់សំណើច​ណាស់ ដែល​លោក សម រង្ស៊ី មិនដែល​ស្គាល់​ខ្មែរក្រហម​ម្តងណា​សោះ បែរជា​និយាយ​លាប​ពណ៌​អ្នកនេះ​ជា​ខ្មែរក្រហម​ចិន អ្នកនោះ​ជា​ខ្មែរក្រហម​យួន​។ ពាក្យសំដី សម រង្ស៊ី ពោរពេញ​ទៅដោយ​វប្បធម៌​លាប​ពណ៌ និង​បំបែកបំបាក់ ព្រមទាំង​ភូតភរ​កុហក​ប្រជាជន កេង​យក​ចំណេញ​ខាង​នយោបាយ​”​។ លោក​បន្ត​ថា ក្នុង​របប​ខ្មែរក្រហម​ប៉ុលពត លោក សម រង្សី នៅ​សម្ងំ​ដេក​សប្បាយ​ឯ​ស្រុក​បារាំង មានបាន​ដឹង​ពី​ទុក្ខ​លំបាក​របស់​ប្រជាជន​កម្ពុជា ដែល​រង​ទុក្ខ​វេទនា​រក​ទីបំផុត​គ្មាន​នោះ​ឡើយ។ ដូច្នេះ​បានជា លោក​សម រង្សី​និយាយ​បែប​ភ្លីភ្លើ​មិន​ដឹង​ខ្យល់​អី​សោះ​បែបនេះ។



តាម​លោក សុខ ឥសាន រឿង​ខ្មែរក្រហម គឺជា​រឿង​ខ្មែរក្រហម។ អ្នក​ដែល​បាន​វាយ​ផ្ដួល​រំលំ​របប​ខ្មែរក្រហម​គឺ​មិន​មែន​ជា​ខ្មែរក្រហម​ទេ គប្បី​យល់​ឲ្យ​ច្បាស់​។ ក្នុងដំណាក់កាល​តស៊ូ​វាយ​ផ្តួលរំលំ​របប​សាធារណរដ្ឋ​ខ្មែរ​របស់លោក លន់ ណុល គឺ​ដោយសារ​កម្លាំង​សាមគ្គី​របស់​ប្រជាជន​កម្ពុជា ដែល​ងើបឡើង​ការ​តាម​ការ​អំពាវនាវ​របស់​សម្តេចព្រះ​នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ រហូត​បាន​ជ័យជំនះ នា​ថ្ងៃ​១៧ ខែមេសា ឆ្នាំ១៩៧៥ ដែល​ប្រជាជន​កម្ពុជា​ទាំងមូល​សង្ឃឹមថា ប្រទេសជាតិ នឹង​បាន​ស្គាល់​សុខសន្តិភាព​ឡើងវិញ​។ តែ​គួរ​ឲ្យ​រន្ធត់​ណាស់ ភ្លាមៗ​នោះ​ស្រាប់តែ​ជ័យជំនះ​នេះ ត្រូវបាន​ក្រុមខ្មែរក្រហម​ប៉ុល ពត​ឆក់​ប្លន់​យក ហើយ​សាបព្រោះ​នូវ​របប​ប្រល័យ​ពូជសាសន៍​មក​លើ​ប្រជាជន​កម្ពុជា​ធ្វើ​ឲ្យ​រង​ទុក្ខវេទនា និង​ត្រូវ​ស្លាប់​រង្គាល​ក្រោម​បាតដៃ​ប្រឡាក់​ឈាម​របស់​ពួកវា​។​

លោក សុខ ឥសាន អះអាង​ថា ពួក​ខ្មែរក្រហម​ប៉ុលពត​ជា​អ្នក​កាប់សម្លាប់​ប្រជាជន​កម្ពុជា និង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​មហន្តរាយ​យ៉ាង​ធ្ងន់ធ្ងរ​បំផុត។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​តស៊ូ​រំដោះ​ប្រជាជន​ឲ្យ​រួច​រស់​ជីវិត គឺ​ជា​អ្នក​សង្គ្រោះ​ប្រជាជន និង​ជា​អ្នក​ផ្ដួល​រំលំ​ខ្មែរក្រហម​ប៉ុលពត។ លោក ​សម រង្សី មិន​អាច​ភូតភរ​ប្រជាជន និង​មិន​អាច​មួលបង្កាច់​គណបក្ស​ប្រជាជន​កម្ពុជា​បានជា​ដាច់ខាត។ ដោយសារ​ស្នាដៃ​គណបក្ស​ប្រជាជន​នេះ​ហើយ​បានជា​លោក សម រង្ស៊ី អាច​មាន​មុខ​មក​ធ្វើ​នយោបាយ​បាន​តាំងពី​ឆ្នាំ​១៩៩១​មក​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684