ព័ត៍មានទាន់​ហេតុការណ៏
Search

កម្លាំង​ដែនជម្រកសត្វព្រៃ ទាញ​រំលំ​ផ្ទះ​ដែល​សាងសង់​នៅក្នុង​តំបន់ហាមឃាត់​ ​

បាត់ដំបង ៖ លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយ​ខ្នង ក្នុងចំណោម​លំនៅឋាន​ប្រមាណ​ជាង​១០​ខ្នង ត្រូវបាន​កម្លាំង​ដែន​ជម្រកសត្វព្រៃ ភ្នំ​សំ​កុស ប្រើប្រាស់​រថយន្ត​ទាញ​ផ្តួល​រំលំ​ចោល បន្ទាប់ពី​ម្ចាស់ផ្ទះ​នេះ​បាន​លបលួច​សាងសង់​នៅក្នុង​តំបន់ហាមឃាត់ ដែល​ជា​តំបន់​​​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន។

យោងតាម​សេចក្តីរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២០ ​ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង ១០ ព្រឹក មាន​ករណី​ទាញ​ផ្តួល​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​១​ខ្នង ត្រង់ចំណុច​ច្រក​ចង្អៀត ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ដែល​លំនៅឋាន​នេះ​មានតែ​គ្រោងផ្ទះ​ធ្វើ​អំពី​ឈើ និង​ប្រក់​ស័ង្កសី​ដោយ​មិនទាន់​មានការ​បាំងបិទ​ជញ្ជាំង​នៅឡើយ។

ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​តំបន់​នេះ​គឺមាន​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​ខ្នង បាន​សាងសង់​ឡើង​ដោយ​មិនមាន​ការអនុញ្ញាត​ពី​អង្គភាព​ជំនាញ​ណា​ឡើយ ព្រោះ​ពួកគេ​យល់ថា ដី​នៅក្នុង​តំបន់​ខាងលើនេះ​គឺជា​តំបន់​ហាមឃាត់ ព្រោះ​ជា​ដី​របស់​ក្រសួងបរិស្ថាន ​និង​មានការ​ការពារ​ពី​កម្លាំង​ក្រសួង​ផងដែរ។

នៅ​មុនពេល​កើតហេតុ​គឺ​គេ​បានឃើញ​កម្លាំង​ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស ចំនួន​៤​នាក់​​បាន​ប្រើប្រាស់​រថយន្ត​ម៉ាក ហ៊ីយ៉ាន់​ដាយ ចង​អូស​ផ្ទះមួយ​ខ្នង​ដែលមាន​ទំហំ​៦X៧ ម៉ែត្រ​​ជា​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហេង សុជាតិ និង​ប្រពន្ធ​ឈ្មោះ មោក ចិន្តា មានកូន​​ចំនួន​២​នាក់ ហើយ​ការ​ទាញ​ផ្តួលរំលំ​នេះ គឺ​គេ​បានធ្វើ​ឡើង​ស្រប​ពេលដែល​ម្ចាស់ផ្ទះ​​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ។

ជុំវិញ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុងធ្វើការ​ចោទប្រកាន់ថា ពួកគេ​បានមក​រស់នៅ​យូរ​ឆ្នាំ​មកហើយ​នោះ លោក រ៉ុង ភ័ក្ត្រ ប្រធាន​ស្នាក់ការ ដែនជម្រកសត្វព្រៃ ភ្នំ​សំ​កុស​​ប្រចាំ​ស្រុក​សំឡូត បាន​លើកឡើងថា ភូមិសាស្ត្រ​ខាងលើនេះ គឺជា​ដែន​អភិរក្ស របស់​​ក្រសួងបរិស្ថាន ហើយក៏​មិន​អនុញ្ញាតឲ្យ​នរណាម្នាក់​ទៅ​សាងសង់​លំនៅឋាន ឬក៏​​ទន្ទ្រាន​យក​ដី​មកកាន់​កាប់​ជា​កម្មសិទ្ធិឯកជន​បានឡើយ។​

លោក​បាន​សង្កត់ធ្ងន់ថា លំនៅឋាន​អនាធិបតេយ្យ​ប្រមាណ​ជាង​១០​ខ្នង របស់​ប្រជាពលរដ្ឋ​​នៅក្នុង​តំបន់​នេះ គឺ​មួយចំនួន​គឺជា​របស់​សមត្ថកិច្ច ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី ក៏​លោក​​បាន​រាយ​ការ​ណ៍ទៅ​ក្រសួង ដើម្បី​សុំ​គោលការណ៍​រួចរាល់​ហើយ​ដែរ ដោយ​ចាប់ផ្តើម​ប្រើ​​កណ្តាប់ដៃ​ដែក បន្ទាប់ពី​កម្លាំង​បាន​ជូនដំណឹង​ឲ្យគេ​រុះរើ​ចេញ​ជាច្រើនលើក​ច្រើនសា​​រួចមក។ ឯ​ផ្ទះមួយ​ខ្នង​ដែល​កម្លាំង​បាន​ទាញ​ផ្តួលរំលំ​នេះ គឺ​គេ​ទើបនឹង​សាងសង់ឡើង​​នៅក្នុង​អំឡុង​បុណ្យចូលឆ្នាំ ខណៈដែល​មន្ត្រី​បរិស្ថាន​ទៅលេង​ស្រុក​អស់។​

ជា​ចុងក្រោយ​លោក​ក៏បាន​សន្យាថា នឹង​ធ្វើជា​បណ្តើរៗ​ទៅលើ​លំនៅឋាន​ណា​ដែល​រឹងទទឹង​មិន​ព្រម​រុះរើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ ដែលជា​តំបន់​ហាមឃាត់​ទេ​នោះ ទោះបីជា​​លំនៅឋាន​មួយ​ចំនួន​ជា​របស់​សមត្ថកិច្ច​ក៏ដោយ៕

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684